លោក ត្រាំ សារភាពពីការមិនច្បាស់ថា អ៊ីរ៉ង់ ព្រមឱនក្បាលចុះចាញ់ឬអត់ ខណៈបោះឆ្នោតកាន់តែខិតជិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ សារភាពពីការមិនច្បាស់ថា អ៊ីរ៉ង់ ព្រមឱនក្បាលចុះចាញ់ឬអត់ ខណៈបោះឆ្នោតកាន់តែខិតជិត

លោក ត្រាំ សារភាពពីការមិនច្បាស់ថា អ៊ីរ៉ង់ ព្រមឱនក្បាលចុះចាញ់ឬអត់ ខណៈបោះឆ្នោតកាន់តែខិតជិត

វ៉ាស៊ីនតោន ៖ ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាន់តែខិតជិតមកដល់, លោក Donald Trump បានមានប្រសាសន៍ កាលពីថ្ងៃអង្គារថា លោកមិនដឹងថា តើអ៊ីរ៉ង់នឹងព្រមចុះចាញ់ឬនៅនោះទេ​ ទោះបីរងសំពាធទណ្ឌកម្មយ៉ាងចាស់ដៃពីទីក្រុងវ៉ាស៊ីនតោន ក៏ដោយ។

ប្រធានាធិបតីវ័យ៨០ឆ្នាំរូបនេះបានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំមិនដឹងថា ពួកគេនឹងព្រមចុះចាញ់ឬនៅនោះទេ ប៉ុន្តែ ពួកគេនឹងចុះចាញ់ជាក់ជាមិនខាន»។ លោកបានបន្ថែមថា «ពួកគេកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង»។

បើតាម straitstimes, ការបិទខ្ទប់របស់សហរដ្ឋអាមេរិកបានកាត់ផ្តាច់ប្រភពចំណូលដ៏សំខាន់របស់អ៊ីរ៉ង់ គឺការនាំចេញប្រេង ហើយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃសង្គ្រាមបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនអ៊ីរ៉ង់កាន់តែលំបាក។

ប៉ុន្តែ ប្រធានាធិបតីអ៊ីរ៉ង់បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនថា ទីក្រុងតេហេរ៉ង់នឹងមិនឱនក្បាលចុះចាញ់ចំពោះសម្ពាធរបស់សហរដ្ឋអាមេរិកឡើយ។

ការកើនឡើងនៃតម្លៃប្រេងដោយសារសង្គ្រាម ក៏បានក្លាយជាបញ្ហាចម្បងសម្រាប់គណបក្សសាធារណរដ្ឋ របស់លោក Trump ផងដែរ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅខែវិច្ឆិកាខាងមុខ។

សង្គ្រាមនេះបាននាំឱ្យមានការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ LNG មួយភាគប្រាំនៃការផ្គត់ផ្គង់សកលលោក មុនពេលមានជម្លោះ។

លោក Trump បានផ្លាស់ប្តូរគោលដៅ និងពេលវេលាសម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ជាពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញ ដោយការវាយប្រហារលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រដែលជាទីតាំងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក។

ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត និង មនុស្សរាប់លាននាក់ផ្សេងទៀតត្រូវភៀសខ្លួនចេញពីលំនៅឋាន៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា