ក្រសួងរៀបចំដែនដីប្រគល់បណ្ណកម្មសិទ្ធិ ១៣១២បណ្ណ ជូនអតិថិជនគម្រោងបុរីចំនួន៨   | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដីប្រគល់បណ្ណកម្មសិទ្ធិ ១៣១២បណ្ណ ជូនអតិថិជនគម្រោងបុរីចំនួន៨  

ក្រសួងរៀបចំដែនដីប្រគល់បណ្ណកម្មសិទ្ធិ ១៣១២បណ្ណ ជូនអតិថិជនគម្រោងបុរីចំនួន៨  

បន្ទាប់ពីបានជួយសម្របសម្រួលដោះស្រាយវិវាទ ក្រសួងរៀបចំដែនដី បានរៀបចំពិធីជួបជុំ សំណេះសំណាល និងចែកបណ្ណកម្មសិទ្ធិជូនដល់អតិថិជនក្នុងបុរីចំនួន ៨គម្រោង ស្មើនឹង ១ ៣១២ បណ្ណ។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រសួងបានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តជួយរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដើម្បីប្រែក្លាយតំបន់ជនបទឲ្យទៅជា«បុរីជនបទ» ឬ «សហគមន៍ជនបទ»។

​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីសំណេះសំណាល និងប្រគល់បណ្ណកម្មសិទ្ធិចំនួន ១ ៣១២បណ្ណ ជូនអតិថិជនរបស់បុរីចំនួន៨ ក្នុងនោះមានបុរី ឡេង ណាវ៉ាត់ត្រា, បុរី KP ម៉ន ដានី គម្រោងទី ២៩, បុរី PR វីឡា, បុរី យន់ ប្រុសពៅ, បុរី ស៊ីម បូ, បុរី ចាវ សុជាតិ គម្រោងទី ៥, ផ្ទះល្វែង ធី សុភ័ក្រ, និងបុរី ជារី តុល លន់​។ ពិធីនេះបានរៀបចំឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានរក្សាភាពអត់ធ្មត់ និងយោគយល់ដល់ក្រុមការងារក្នុងកំឡុងពេលរៀបចំដំណោះស្រាយផ្សេងៗ ។ ឯកឧត្តមពន្យល់ថា កិច្ចការងារនេះទាមទារពេលវេលាច្រើន ដោយសារគម្រោងបុរីមួយចំនួនមានករណីស្មុគ្រស្មាញច្រើនបែប រួមមាន ការបង់ប្រាក់មិនទាន់គ្រប់គ្រាន់ ការយកប្រាក់ពីគម្រោងមួយទៅធ្វើគម្រោងផ្សេង និងបញ្ហាប្រឈមជាច្រើនទៀត ដែលធ្វើឱ្យមានការយឺតយ៉ាវ និងបង្កផលប៉ះពាល់ ដល់អតិថិជន។ ទោះបីយ៉ាងណា ក្រសួង និងក្រុមការងារ បានខិតខំប្រឹងប្រែងសម្របសម្រួលគ្រប់មធ្យោបាយ ដើម្បីធានាឱ្យប្រជាពលរដ្ឋជាអតិថិជនបុរីទាំងនេះ ទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ ។

ក្រៅពីការចេញបណ្ណកម្មសិទ្ធិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងបន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន រកថវិការៀបចំហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើងអគ្គិសនី ផ្លូវ ដើម្បីឱ្យតំបន់ដែលប្រជាពលរដ្ឋអាចរស់នៅជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។ ជាមួយគ្នានេះ ឯកឧត្តមសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំរចនាសម្ព័ន្ធគ្រប់គ្រង កម្រិតភូមិ/ឃុំ សហការគ្នារៀបចំបង្កើតលក្ខន្តិកៈរស់នៅផ្ទៃក្នុង សម្រាប់ការថែទាំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ភ្លើងបំភ្លឺសាធារណៈ និងការប្រមូលសំរាមឱ្យមានរបៀបរៀបរយ ។

ប្រជាពលរដ្ឋបានសម្ដែងក្ដីត្រេកអរ ដែលទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នាពេលនេះ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ជាពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានខិតខំជួយដោះស្រាយបញ្ហា។ ក្រុមអតិថិជនបានចាត់ទុកថា ការស្វះស្វែងជួយដោះស្រាយពីសំណាក់ក្រសួងរៀបចំដែនដី ជាការផ្ដល់នូវភាពកក់ក្ដៅមួយជូនពួកគាត់ ក្រោយពេលទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ នាពេលនេះ ។

ប្រាប់បណ្ដាញព័ត៌មាន AMS អ្នកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល​ បានកោតសរសើរការចូលរួមរបស់ក្រសួងរៀបចំដែនដី​ក្នុងការជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋតាមយុទ្ធសាស្រ្តឈ្នះឈ្នះ ។

ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា កន្លងមក ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចេញមកដោះស្រាយបញ្ហា ដោយបានផ្ដល់ផ្ទះ ផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់មួយចំនួនជូនអតិថិជន។ តែយ៉ាងណា ​លោកសង្កេតឃើញថា ក៏នៅមានអតិថិជនជាច្រើនទៀត ដែលបានចាញ់បោកបុរី ហើយត្រូវការក្រសួងជួយរកដំណោះស្រាយជូន។ ​លោកបណ្ឌិតសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ឱ្យបានមឺងម៉ាត់ និងមានប្រសិទ្ធភាពចំពោះម្ចាស់បុរីដែលធ្វើជំនួញទុច្ចរិតប៉ះពាល់ដល់ប្រជាពលរដ្ឋ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា