ព្រលានយន្តហោះតេជោ បំពាក់ប្រព័ន្ធការពារទឹកជំនន់ធំៗស្តង់ដារខ្ពស់ មិនព្រួយបារម្ភរឿងទឹកលិច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រលានយន្តហោះតេជោ បំពាក់ប្រព័ន្ធការពារទឹកជំនន់ធំៗស្តង់ដារខ្ពស់ មិនព្រួយបារម្ភរឿងទឹកលិច

ព្រលានយន្តហោះតេជោ បំពាក់ប្រព័ន្ធការពារទឹកជំនន់ធំៗស្តង់ដារខ្ពស់ មិនព្រួយបារម្ភរឿងទឹកលិច

អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F បានសាងសង់ឡើងយ៉ាងហ្មត់ចត់ស្របតាមស្តង់ដាសុវត្ថិភាពអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយបំពាក់នូវប្រព័ន្ធការពារទឹកជំនន់ពហុស្រទាប់ ដែលមានសមត្ថភាពទប់ទល់នឹងកម្រិតជំនន់ទឹកភ្លៀងខ្ពស់បំផុត ដើម្បីឆ្លើយតបចំពោះបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោបានបំពាក់ប្រព័ន្ធការពារទឹកជំនន់ពហុស្រទាប់ ដើម្បីឆ្លើយតបយ៉ាងរឹងមាំទៅនឹងការប្រែប្រួលអាកាសធាតុ។ បើតាមអ្នកនាំពាក្យរូបនេះ កម្ពុជាបានដកស្រង់បទពិសោធន៍ពីគ្រោះទឹកជំនន់នៅតាមអាកាសយានដ្ឋានមួយចំនួនក្នុងតំបន់មកសិក្សា និងរៀបចំវិធានការការពារគ្របដណ្តប់ទាំងតំបន់ស្នូល អគារស្ថានីយ និងបណ្តាញផ្លូវធ្វើដំណើរខាងក្រៅ ដើម្បីធានាថា ប្រតិបត្តិការជើងហោះហើរដំណើរការដោយរលូនឥតមានការរអាក់រអួល។

ស្របពេលដែលព្រលានយន្តហោះនៅប្រទេសថៃកំពុងរងផលប៉ះពាល់ពីទឹកជំនន់បង្កភាពរអាក់រអួលដល់ការហោះហើរ ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា បានអះអាងថា បញ្ហាបែបនេះមិនអាចកើតឡើងនៅកម្ពុជាឡើយ ដោយសារអ្នកជំនាញបានចាក់ដីលើកកម្ពស់គ្រឹះផុតពីទឹកជំនន់ ពោលគឺខ្ពស់ជាងកម្រិតទឹកជំនន់ធំបំផុតជាប្រវត្តិសាស្ត្រ​កាលពីឆ្នាំ២០០០ ហើយបូកបន្ថែមកម្ពស់សុវត្ថិភាពពីកន្លះម៉ែត្រទៅមួយម៉ែត្រទៀត។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ទោះបីជាមានជំនន់ទឹកភ្លៀងធំបំផុត ដែលអាចកើតមានក្នុងខួប១០០ឆ្នាំម្តង ក៏មិនអាចជន់លិចអាកាសយានដ្ឋានអន្តរជាតិតេជោបានដែរ។

ជាងនេះទៅទៀត នៅក្នុងបរិវេណអាកាសយានដ្ឋាន ក៏មានរៀបចំអាងស្តុកទឹកបណ្តោះអាសន្នធំៗ ដើម្បីទប់ទល់នឹងជំនន់ទឹកភ្លៀងដែលធ្លាក់គំហុកពីលើផ្លូវរត់ និងដំបូលអគារ ហើយរំដោះចេញជាដំណាក់កាលតាមបណ្តាញប្រឡាយក្រវាត់អាកាសយានដ្ឋាន។

អ្នកជំនាញអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅពេលកម្រិតទឹកខាងក្រៅឡើងខ្ពស់ ប្រព័ន្ធទ្វារទឹកស្វ័យប្រវត្តិនឹងបិទ ដើម្បីទប់ស្កាត់មិនឱ្យទឹកហូរច្រាសចូលឡើយ ហើយស្ថានីយបូមទឹកកម្លាំងខ្លាំងនឹងដំណើរការបូមបញ្ចេញភ្លាមៗក្នុងសមត្ថភាពរាប់ម៉ឺនម៉ែត្រគូបក្នុងមួយម៉ោង ដើម្បីធានាមិនឱ្យមានការជន់កកស្ទះលើផ្លូវរត់ជាដាច់ខាត។

ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានសហការជិតស្និទ្ធជាមួយក្រសួងធនធានទឹក អាជ្ញាធរខេត្តកណ្តាល និងខេត្តតាកែវ ក្នុងការស្តារ និងបើកផ្លូវទឹកធម្មជាតិជុំវិញ ដើម្បីការពារអាកាសយានដ្ឋានផង និងជួយកាត់បន្ថយការលិចលង់ដល់សហគមន៍ផងដែរ។ ម៉្យាងទៀត រាជរដ្ឋាភិបាលបានរៀបចំខ្សែផ្លូវតភ្ជាប់ពហុទម្រង់ ដោយលើកកម្ពស់ផ្លូវមេធំៗផុតពីទឹកជំនន់ ព្រមទាំងរៀបចំផែនការបម្រុង ដោយមានកន្លែងស្នាក់នៅសម្រាប់បុគ្គលិកបច្ចេកទេសសំខាន់ៗ ដើម្បីធានាដំណើរការប្រតិបត្តិការបាន ២៤ម៉ោង លើ ២៤ម៉ោង ទោះស្ថិតក្នុងគ្រាអាសន្នយ៉ាងណាក៏ដោយ។

អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏ធំធេងមួយ កើតចេញពីការវិនិយោគរួមគ្នារវាងរដ្ឋ និងវិស័យឯកជន លើផ្ទៃដីសរុប ២ ៦០០ ហិកតា ស្ថិតក្នុងខេត្តកណ្តាល និងមួយផ្នែកក្នុងខេត្តតាកែវ ដោយចំណាយទុនវិនិយោគប្រមាណ ២ ៣០០ លានដុល្លារអាមេរិក ក្នុងដំណាក់កាលទី១។ អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ពិភពលោកមួយនេះ មានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ១៣ លាននាក់ក្នុងមួយឆ្នាំនាពេលបច្ចុប្បន្ន ហើយសមត្ថភាពនេះនឹងបន្តកើនឡើងរហូតដល់ ៣០ លាននាក់ក្នុងមួយឆ្នាំ នៅក្នុងដំណាក់កាលទី២ ដែលគ្រោងចាប់ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា