ឯកឧត្តម សុខ សូកេន ទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយ នាយកសាលាកម្មាភិបាលអធិការកិច្ច នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សុខ សូកេន ទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយ នាយកសាលាកម្មាភិបាលអធិការកិច្ច នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម

ឯកឧត្តម សុខ សូកេន ទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយ នាយកសាលាកម្មាភិបាលអធិការកិច្ច នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម

វៀតណាម៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច បំពេញទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយ លោក ង្វៀង វ៉ាន់ លឿង (Nguyen Van Luong) នាយកសាលាកម្មាភិបាលអធិការកិច្ច នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដោយមានការចូលរួមពីលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងអធិការកិច្ច និងសាលាកម្មាភិបាលអធិការកិច្ច នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៅទីស្នាក់ការសាលាកម្មាភិបាលអធិការកិច្ច នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ដែលជាឱកាសដ៏មានតម្លៃក្នុងការផ្លាស់ប្តូរបទពិសោធ និងដកស្រង់នូវមេរៀនល្អៗលើការដឹកនាំ ការរៀបចំប្រព័ន្ធបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពមន្ត្រីអធិការកិច្ចឱ្យឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជឿជាក់យ៉ាងមុតមាំថា តាមរយៈទស្សនកិច្ចនេះ វិទ្យាស្ថានជាតិអធិការកិច្ចកម្ពុជា នឹងអាចសិក្សាស្វែងយល់ និងទទួលបាននូវធាតុចូលសំខាន់ៗអំពីរបៀបដែលសាលាតភ្ជាប់ទ្រឹស្តី និងច្បាប់ទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីយកមកអភិវឌ្ឍ និងពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យសាលាកម្មាភិបាលអធិការកិច្ចវៀតណាម និងវិទ្យាស្ថានជាតិអធិការកិច្ចកម្ពុជា បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើការងារបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែស៊ីជម្រៅ និងបានស្នើឱ្យស្ថាប័នទាំងពីរពិនិត្យលទ្ធភាពបន្ត និងរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធ ព្រមទាំងការបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ជូនដល់មន្ត្រីអធិការកិច្ចកម្ពុជានាពេលខាងមុខ សំដៅរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា