ទឹកស្ទឹងសង្កែស្រកចុះក្រោមការប្រុងប្រយ័ត្ន មន្ទីរជំនាញ​អំពាវនាវឱ្យកសិករសន្សំទឹកទុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកស្ទឹងសង្កែស្រកចុះក្រោមការប្រុងប្រយ័ត្ន មន្ទីរជំនាញ​អំពាវនាវឱ្យកសិករសន្សំទឹកទុក

ទឹកស្ទឹងសង្កែស្រកចុះក្រោមការប្រុងប្រយ័ត្ន មន្ទីរជំនាញ​អំពាវនាវឱ្យកសិករសន្សំទឹកទុក

គិតត្រឹមល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦​ម្សិលមិញ ស្ថានភាពកម្ពស់ទឹកស្ទឹង​សង្កែក្នុងក្រុង​បាត់ដំបង ខេត្តបាត់ដំបង បានថមថយ​ស្រកចុះមក​ក្រោមកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នវិញហើយ បន្ទាប់ពីតំបន់ផ្នែកខាងលើ ដូចជាស្រុកសំឡូត ស្រុករតនមណ្ឌល និងអាងទឹក​ពហុ​បំណង​សេកសក ព្រមទាំងទំនប់កង្ហត បានវិលមករកភាពប្រក្រតីឡើងវិញ ក្រោយពេលគ្មានភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃនេះ។
ប៉ុន្តែទន្ទឹមនេះមន្រ្តីនៃមន្ទីរជំនាញបានប្រាប់ដល់ប្រជាពលរដ្ឋ ពិសេសកសិករឱ្យយកចិត្តទុកដាក់លើការ​គ្រប់​គ្រង​រក្សាទឹកទុកវិញម្តង ខណៈទឹកភ្លៀងនឹងអស់នៅក្នុង​ខែ​តុលានេះ។

ទន្ទឹមនឹងទឹកបានស្រកទៅវិញបណ្ដើរៗ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​បាត់ដំបង បានណែនាំ និងអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមរក្សា និងសន្សំសំចៃទឹកទុកសម្រាប់ប្រើប្រាស់ និងស្រោចស្រពដំណាំ ព្រោះតាមការព្យាករណ៍​របស់ក្រសួង រដូវវស្សាឆ្នាំនេះអាចនឹងបញ្ចប់ក្នុងអំឡុង​ខែតុលា​ខាងមុខ។

លោកប្រធានមន្ទីរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ ខែកញ្ញាកម្ពស់ទឹកស្ទឹងសង្កែ នៅក្នុងក្រុងបាត់ដំបង បានស្រកចុះច្រើនមកនៅ​ក្រោមកម្រិត​ដែលប្រកាសឱ្យប្រុងប្រយ័ត្ន ហើយនឹងវិលទៅរកស្ថានភាពប្រក្រតិក្នុងពេលឆាប់ៗ។
ដោយឡែកស្ថានភាពទឹកនៅផ្នែកខាងលើនៃស្រុកសំឡូត ស្រុករតនមណ្ឌល និង អាងទឹកពហុបំណង(សេកសក)នៃស្រុករតនមណ្ឌល និងទំនប់កង្ហត ក្នុងស្រុកបាណន់ ក៏បានវិលទៅសភាពដើមវិញដែរ បន្ទាប់ពីមិនមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ។

ទន្ទឹមនឹងនេះលោកប្រធានមន្ទីរធនធានទឹក​បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ និងតំបន់ដែលលិចទឹក​សូមមេត្តាប្រុងប្រយ័ត្នយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពមនុស្សចាស់ និងកុមារតូចៗ បើទោះជាទឹកស្រកទៅវិញក៏ដោយ។

សូមជម្រាបថា ជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង ប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កនូវផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុង​នោះ​ប្រជាពលរដ្ឋជាង២ម៉ឺនគ្រួសារ,ផ្ទះរាបម៉ឺនខ្នងនៅទូទាំង១៤ក្រុង-ស្រុក ព្រមទាំងដំណាំស្រូវនិងដំណាំសាកវប្បកម្មរាប់ម៉ឺនហិកតា បានរងផលប៉ះពាល់៕.


អត្ថបទ-រូបភាព÷ អ៊ុក សំអាន បប.

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា