ក្រសួងសុខាភិបាលណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នសុខភាព ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងសុខាភិបាលណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នសុខភាព ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ក្រសួងសុខាភិបាលណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នសុខភាព ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រសួងសុខាភិបាល ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លងជំងឺផ្សេងៗ ជាពិសេសជំងឺផ្លូវដង្ហើម រួមទាំងការពុលចំណីអាហារ ឬពុលស្រាផងដែរ។
 
ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការការពារសុខភាព ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុវត្ថិភាព ដើម្បីការពារសុខភាពខ្លួន គ្រួសារ និងសហគមន៍។
 
ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ជាពិសេសចំពោះ ការពុលចំណីអាហារ និងការពុលស្រា ដោយត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ ចម្អិនសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រឱ្យបានឆ្អិនល្អ ព្រមទាំងរក្សាអាហារឆៅ និងអាហារឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា។ ក្រសួងក៏ណែនាំពលរដ្ឋឱ្យប្រើប្រាស់ទឹកស្អាត វត្ថុធាតុដើមមានគុណភាព និងជៀសវាងអាហារហួសកាលកំណត់។
 
ជាមួយគ្នានេះ ក្រសួងបានព្រមានថា មេតាណុលមិនមែនជាមេស្រាទេ ហើយមិនត្រូវយកមេតាណុលទៅផលិត ឬលាយធ្វើស្រាស និងស្រាថ្នាំឡើយ ដោយសារអាចបង្កការពុលធ្ងន់ធ្ងរ និងឈានដល់ការបាត់បង់ជីវិត។ អាជ្ញាធរត្រូវចូលរួមទប់ស្កាត់ការផលិត និងលក់ស្រាដែលបិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
 
ចំពោះ សុវត្ថិភាពពេលធ្វើដំណើរ ក្នុងឱកាសបុណ្យ ក្រសួងណែនាំឱ្យប្រជាពលរដ្ឋជ្រើសរើសមធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព និងចៀសវាងយានយន្តដែលផ្ទុកមនុស្សលើសចំណុះ។ រីឯអ្នកបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសមិនត្រូវបើកបរលើសល្បឿនកំណត់ និងមិនត្រូវផឹកគ្រឿងស្រវឹងមុន ឬពេលកំពុងបើកបរទេ ហើយត្រូវចៀសវាងការប្រើប្រាស់គ្រឿងញៀនដាច់ខាត។
 
សម្រាប់ ការការពារជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី និងជំងឺកូវីដ-១៩វិញ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋខ្ទប់មាត់ពេលក្អក ឬកណ្តាស់ ពាក់ម៉ាសនៅពេលចាំបាច់ និងរក្សាអនាម័យ។ ប្រជាពលរដ្ឋមិនត្រូវប៉ះពាល់ ឬបរិភោគមាន់ទាដែលឈឺ ឬងាប់ ហើយអ្នកចម្អិនមាន់ទាត្រូវប្រើស្រោមដៃ និងម៉ាស ឬក្រម៉ាបិតច្រមុះ និងមាត់។
 
ក្រៅពីនេះ ក្រសួងបានណែនាំឱ្យប្រជាពលរដ្ឋរក្សាអនាម័យផ្ទះសម្បែង ទុកដាក់សម្ភារៈឱ្យមានសណ្តាប់ធ្នាប់ និងលុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស។ ក្នុងករណីមាន រោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗលើសពី ៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យសាធារណៈដែលនៅជិតបំផុត ដោយមិនគួរពន្យារពេលលើសពី៧២ម៉ោង។ ក្រសួងក៏ណែនាំមិនឱ្យសាកល្បងព្យាបាលដោយខ្លួនឯង ឬពន្យារពេលព្យាបាលនៅសេវាឯកជនដែលមិនមានសមត្ថភាពព្យាបាលជំងឺគ្រុនឈាមឡើយ។
 
ក្រសួងសុខាភិបាលបានស្នើឱ្យអាជ្ញាធររាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ-សង្កាត់ ពង្រឹងការណែនាំអំពីសុវត្ថិភាពចំណីអាហារនៅតាមទីតាំងនានា ជាពិសេសនៅតាមវត្តអារាម ដើម្បីចៀសវាងការពុលចំណីអាហារ និងទប់ស្កាត់ការលក់ស្រាដែលផលិត ឬលាយផ្សំដោយគ្មានបច្ចេកទេសត្រឹមត្រូវ។
 
ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានការការពារសុខភាពទាំងនេះ ដើម្បីរក្សាសុខភាព និងសុវត្ថិភាពក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា