ឡាវគ្រោងបើកទ្វារទំនប់ទឹកនៅថ្ងៃទី២ តុលា អាជ្ញាធរកម្ពុជា ត្រៀមតាមដានផលប៉ះពាល់ដល់ខេត្តស្ទឹងត្រែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឡាវគ្រោងបើកទ្វារទំនប់ទឹកនៅថ្ងៃទី២ តុលា អាជ្ញាធរកម្ពុជា ត្រៀមតាមដានផលប៉ះពាល់ដល់ខេត្តស្ទឹងត្រែង

ឡាវគ្រោងបើកទ្វារទំនប់ទឹកនៅថ្ងៃទី២ តុលា អាជ្ញាធរកម្ពុជា ត្រៀមតាមដានផលប៉ះពាល់ដល់ខេត្តស្ទឹងត្រែង

 
ប្រទេសឡាវ នឹងបើកទំនប់វារីអគ្គិសនីសេកាម៉ាន( Xekaman 1) នៅក្នុងស្រុកសានសៃ ​ខេត្តអាតាពើ ដែលមានព្រំប្រទល់ជាប់នឹងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦​ ខាងមុខនេះ។ ​នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times។
 
ការបើកទ្វារទំនប់ទឹកដ៏ធំរបស់ប្រទេសឡាវនេះ ធ្វើឡើងបន្ទាប់ពី​បរិមាណទឹកនៅក្នុងអាងស្តុកទឹកកំពុងមានការកើនឡើង​។ អាជ្ញាធរឡាវ បានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងរស់នៅឱ្យឆ្ងាយពីតំបន់មាត់ទន្លេ។
 
លោក ម៉ែន គង់ អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃអង្គារនេះថា ប្រសិនបើមានការបើកទំនប់វារីអគ្គិសនីសេកាម៉ាន ទឹកអាចហូរចូលទន្លេសេកុងក្នុងខេត្តស្ទឹងត្រែង តាមរយៈទន្លេសេពាន នៃប្រទេសឡាវ។
 
លោកបន្តថា នៅពេលកម្ពស់ទឹកទន្លេសេកុងកើនឡើង វាអាចធ្វើឱ្យកម្ពស់ទឹកទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង ក៏កើនឡើងផងដែរ។ ទន្លេសេសាន និងទន្លេសេកុង គឺជាដៃទន្លេដែលផ្សារភ្ជាប់គ្នា មុនហូរចូលទៅក្នុងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។
 
បើតាមលោក ម៉ែន គង់ មកដល់ពេលនេះ អាជ្ញាធរខេត្តស្ទឹងត្រែង មិនទាន់ទទួលបានសេចក្តីជូនដំណឹងដោយផ្ទាល់ពីអាជ្ញាធរប្រទេសឡាវនៅឡើយទេ។ ទោះយ៉ាងណា លោកជឿជាក់ថា អាជ្ញាធរខេត្តអាតាពើនឹងបន្តមានកិច្ចសហការល្អជាមួយអាជ្ញាធរកម្ពុជា ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពទឹកនៅតាមដងទន្លេដែលមានព្រំប្រទល់ជាប់គ្នានេះ ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា។​
 
លោកបន្តថា ប្រសិនបើមានទឹកជំនន់កើតឡើង អាជ្ញាធរខេត្តស្ទឹងត្រែង បានត្រៀមលក្ខណៈរួចជាស្រេចហើយ ដើម្បីឆ្លើយតបនឹងគ្រោះអាសន្នទឹកជំនន់ ដោយមានការត្រៀមមធ្យោបាយ ទីតាំងសម្រាប់ស្នាក់នៅបណ្តោះអាសន្ន និងកម្លាំងអន្តរាគមន៍ ដើម្បីជួយសង្គ្រោះពលរដ្ឋ។ 
 
នៅខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋសរុបជិត១ម៉ឺនគ្រួសាររស់នៅតាមដងទន្លេទាំង៤ គឺទន្លេសេកុង ទន្លេសេសាន ទន្លេមេគង្គ និងទន្លេស្រែពក។​ ក្នុងចំណោមនេះ មានពលរដ្ឋជាង ៨ពាន់គ្រួសារ អាចប្រឈមនឹងហានិភ័យពីគ្រោះទឹកជំនន់នៅតាមដងទន្លេ។ ​មកដល់ពេលនេះ កម្ពស់ទឹកទន្លេទាំង៤ កំពុងស្ថិតនៅក្រោមការប្រុងប្រយ័ត្ននៅឡើយទេ។ នេះបើតាមបញ្ជាក់ឱ្យដឹងពីលោក ម៉ែន គង់។
​​
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ខេត្តស្ទឹងត្រែងធ្លាប់​រងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដោយសារការបាក់ទំនប់វារីអគ្គិសនី ​សេពាន-សេណាំណយ របស់ប្រទេសឡាវ បណ្តាលឱ្យទឹកហូរ​មកកាន់ប្រទេសកម្ពុជា៕ សៅ សុខអេង​


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា