អង់គ្លេសថា អ៊ីរ៉ង់ រៀបផែនការបំផ្ទុះគ្រាប់បែកលើទឹកដីខ្លួន ក្រោយព្រមឲ្យ អាមេរិក ប្រើមូលដ្ឋានទ័ព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេសថា អ៊ីរ៉ង់ រៀបផែនការបំផ្ទុះគ្រាប់បែកលើទឹកដីខ្លួន ក្រោយព្រមឲ្យ អាមេរិក ប្រើមូលដ្ឋានទ័ព

អង់គ្លេសថា អ៊ីរ៉ង់ រៀបផែនការបំផ្ទុះគ្រាប់បែកលើទឹកដីខ្លួន ក្រោយព្រមឲ្យ អាមេរិក ប្រើមូលដ្ឋានទ័ព

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham កាលពីថ្ងៃពុធ បានចោទប្រកាន់ថា អ៊ីរ៉ង់ពិតជារៀបចំផែនការបំផ្ទុះគ្រាប់បែក នៅលើទឹកដីរបស់ខ្លួន ពោលគឺក្រោយពេលដែលទីក្រុងឡុងដ៍ បានអនុញ្ញាតឲ្យអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ព ទុកសម្រាប់វាយប្រហារទៅលើទីក្រុងតេហេរ៉ង់។

បើតាមលោកនាយករដ្ឋមន្ត្រី, មានសញ្ញាបញ្ជាក់ច្បាស់ថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងសកម្មភាពគួរឱ្យសង្ស័យមួយ នៅឯមូលដ្ឋានទ័ពអាកាសរបស់អង់គ្លេស ដែលបានបង្កឱ្យមានហេតុការណ៍សន្តិសុខដ៏ធំមួយ កាលពីចុងសប្តាហ៍កន្លងទៅ។

លោក Burnham បានបន្ថែមថា «ជាការពិតណាស់ នេះនៅតែជាការស៊ើបអង្កេតរបស់ប៉ូលិសដែលកំពុងបន្តធ្វើឡើង ហើយវាជាករណីដ៏ស្មុគស្មាញ និងធ្ងន់ធ្ងរ»។

បើតាម CNA, លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានសំដៅទៅលើការព្រួយបារម្ភអំពីការគំរាមកំហែងដោយគ្រាប់បែក កាលពីថ្ងៃអាទិត្យ នៅជិតមូលដ្ឋានទ័ពអាកាសក្នុងតំបន់ភាគនិរតីនៃប្រទេសអង់គ្លេស ដែលត្រូវបានប្រើប្រាស់ដោយកងទ័ពអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។

ការលើកឡើងរបស់លោក Burnham គឺជាការបញ្ជាក់ជាផ្លូវការលើកដំបូងពីអាជ្ញាធរអង់គ្លេសដែលថា អ៊ីរ៉ង់អាចមានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ ពោលគឺបន្ទាប់ពីករណីរថយន្តវ៉ែនពណ៌សចំនួនបីគ្រឿងហាក់ដូចជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋាន RAF Fairford នៅព្រឹកព្រលឹមថ្ងៃទី២៧ ខែកញ្ញា។ អ្នកស្រុកម្នាក់ដែលបានទូរស័ព្ទទៅប៉ូលិសបាននិយាយថា នាងបានឃើញក្រុមបុរសពាក់ម៉ាស់នៅជិតរថយន្តវ៉ែនទាំងនោះ ដែលកំពុងរារាំងផ្លូវនៅក្នុងភូមិមួយជាប់នឹងមូលដ្ឋានយោធា។

យ៉ាងណាមិញ ស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងឡុងដ៍បានថ្លែងថា ខ្លួនបដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងខ្លាំង ចំពោះការសន្និដ្ឋានថា ខ្លួនមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា លោក Burnham កំពុងចោទប្រកាន់ខុសគោលដៅ។

ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីចក្រភពអង់គ្លេសបានផ្តល់ការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋាន RAF Fairford សម្រាប់ការវាយប្រហារការពារប្រឆាំងនឹងអ៊ីរ៉ង់ ដែលសកម្មភាពនេះបានបង្កឱ្យមានការខឹងសម្បារពីសំណាក់ទីក្រុងតេអេរ៉ង់ និងការព្រួយបារម្ភពីប្រជាពលរដ្ឋមួយចំនួននៅក្នុងតំបន់ជនបទ Gloucestershire ដែលជាទីតាំងនៃមូលដ្ឋានយោធានោះ៕

ប្រភព ៖ CNA, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា