លោក ត្រាំ ប្រាប់លម្អិតពីទុនវិនិយោគថាមពល ២០០ពាន់លានដុល្លាររបស់កូរ៉េខាងត្បូង នៅអាមេរិក ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រាប់លម្អិតពីទុនវិនិយោគថាមពល ២០០ពាន់លានដុល្លាររបស់កូរ៉េខាងត្បូង នៅអាមេរិក ​

លោក ត្រាំ ប្រាប់លម្អិតពីទុនវិនិយោគថាមពល ២០០ពាន់លានដុល្លាររបស់កូរ៉េខាងត្បូង នៅអាមេរិក ​

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ បានបង្ហាញព័ត៌មានលម្អិតអំពីការវិនិយោគលើវិស័យថាមពលនៅសហរដ្ឋអាមេរិក ដែលមានតម្លៃ ២០០ ពាន់លានដុល្លារពីសំណាក់កូរ៉េខាងត្បូង ដែលក្នុងនោះ រួមមានទឹកប្រាក់ចំនួន ៥៤ ពាន់លានដុល្លារសម្រាប់គម្រោងឧស្ម័នធម្មជាតិរាវ LNG នៅរដ្ឋ Alaska ផងដែរ។

លោក Trump បានមានប្រសាសន៍ថា ក្រៅពីគម្រោង LNG និងបំពង់បង្ហូរឧស្ម័ននៅ Alaska, រដ្ឋបាលរបស់លោកក៏បានប្រកាសអំពីការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរថ្មីចំនួន ៨ និងរោងចក្រថាមពលឧស្ម័នធម្មជាតិដ៏ធំមួយនៅរដ្ឋ Texas ដែលនឹងទទួលបានការគាំទ្រពីរដ្ឋាភិបាលកូរ៉េខាងត្បូងផងដែរ។

បើតាម AFP, សេចក្តីប្រកាសនេះបង្ហាញពីព័ត៌មានលម្អិតអំពីការសន្យាពីមុនរបស់កូរ៉េខាងត្បូងក្នុងការអនុវត្តកិច្ចព្រមព្រៀងពន្ធគយជាមួយលោក Trump។

កូរ៉េខាងត្បូងបានយល់ព្រមវិនិយោគទឹកប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក និងបង្កើនការទិញថាមពលពីអាមេរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោក Trump បន្ទាប់ពីលោកបានកំណត់ពន្ធ ១៥ ភាគរយលើទំនិញកូរ៉េខាងត្បូងដែលនាំចូលមកសហរដ្ឋអាមេរិក។

គម្រោងនៅ Alaska ដែលដឹកនាំដោយក្រុមហ៊ុន Glenfarne Group ជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងឧស្សាហកម្ម មានមូលដ្ឋាននៅទីក្រុង New York និង Houston មានផែនការសាងសង់បំពង់បង្ហូរ ដើម្បីដឹកជញ្ជូនឧស្ម័នធម្មជាតិពីតំបន់ Alaska North Slope ទៅកាន់កន្លែងកែច្នៃឧស្ម័នឱ្យទៅជាវត្ថុរាវ នៅជិតទីក្រុង Anchorage ដើម្បីត្រៀមសម្រាប់ការនាំចេញទៅកាន់អាស៊ី។

ក្នុងគម្រោងនេះ, សហរដ្ឋអាមេរិកចាំបាច់ត្រូវបំពេញតម្រូវការការងារជំនាញបច្ចេកទេសចំនួនប្រមាណ ១,៧ លានកន្លែង រហូតដល់ឆ្នាំ២០៣៥។

នេះបើតាមយោងតាមរបាយការណ៍​ របស់សម្ព័ន្ធ Alliance for America’s Skilled Trades ដែលជាអង្គការមួយមានការចូលរួមពីក្រុមហ៊ុន Ford, Blackstone, Nvidia និងក្រុមហ៊ុនធំៗផ្សេងទៀត ចេញផ្សាយកាលពីថ្ងៃពុធ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា