សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយច្បាស់ៗជុំវិញការបោះពុម្ពក្រដាសប្រាក់ថ្មី ដើម្បីជៀសវាងការយល់ច្រឡំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយច្បាស់ៗជុំវិញការបោះពុម្ពក្រដាសប្រាក់ថ្មី ដើម្បីជៀសវាងការយល់ច្រឡំ

សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយច្បាស់ៗជុំវិញការបោះពុម្ពក្រដាសប្រាក់ថ្មី ដើម្បីជៀសវាងការយល់ច្រឡំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញមុខបកស្រាយជុំវិញការបោះពុម្ព និងដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់ថ្មី ដើម្បីជៀសវាងការយល់ច្រឡំផ្សេងៗ ដែលនាំឱ្យមានការព្រួយបារម្ភដល់សេដ្ឋកិច្ច និងវិស័យធនាគារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមុខបកស្រាយជុំវិញការបោះពុម្ព និងដាក់ឱ្យចរាចរណ៍ក្រដាសប្រាក់គំរូថ្មីប្រភេទ ៥ម៉ឺន និង ១០ម៉ឺនរៀល បន្ទាប់ពីសម្តេចសង្កេតឃើញថា ប្រជាពលរដ្ឋមានការព្រួយបារម្ភលើវិស័យសេដ្ឋកិច្ច និងធនាគារ។ ការបកស្រាយនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបំផុសព័ត៌មានមិនពិត និងការបង្កើតការយល់ច្រឡំផ្សេងៗ។

សម្តេចធិបតី បានបញ្ជាក់នៅក្នុងពិធី “សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០” ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែតុលានេះថា ការចេញក្រដាសប្រាក់គំរូថ្មីនេះ គឺដើម្បីលើកកម្ពស់សោភណ្ឌភាព និងបង្កើនប្រព័ន្ធសុវត្ថិភាព ក្នុងការទប់ស្កាត់ការធ្វើលុយក្លែងក្លាយពីសំណាក់ក្រុមទុច្ចរិត ដោយសារក្រដាសប្រាក់ប្រភេទធំៗជាគោលដៅចម្បងនៃការបន្លំ។

ទន្ទឹមគ្នានេះ ការបោះពុម្ពក្រដាសប្រាក់ថ្មី គឺដើម្បីជំនួសក្រដាសប្រាក់ចាស់ៗដែលខូចខាត និងត្រូវប្រមូលយកទៅកិនកម្ទេចចោលតែប៉ុណ្ណោះ។ តាមរបាយការណ៍ ធនាគារជាតិបានប្រមូល និងកម្ទេចក្រដាសប្រាក់ចាស់ៗជាច្រើនរយលានសន្លឹកជាបន្តបន្ទាប់ ដោយសរុបមានជាង ៤០០លានសន្លឹក គិតត្រឹមខែកញ្ញា ដែលត្រូវដុតកម្ទេចចោល ហើយតម្រូវឱ្យមានការបោះពុម្ពជំនួសវិញតាមចរន្តធម្មតា។

សម្តេចនាយករដ្ឋមន្ត្រី បានបដិសេធដាច់អហង្ការចំពោះការបន្លាចរបស់ក្រុមជ្រុលនិយមមួយចំនួន ដែលចោទថា រដ្ឋអស់លុយទើបបោះពុម្ពថ្មី។ សម្តេចបានព្រមានថា ការបំភ័យបែបនេះមានចេតនាជំរុញឱ្យពលរដ្ឋរត់ទៅដកប្រាក់ពីធនាគារ ខណៈដែលប្រព័ន្ធធនាគារកម្ពុជាកំពុងដំណើរការយ៉ាងល្អ និងរឹងមាំ។ ជាមួយគ្នានេះ ប្រមុខដឹកនាំរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ និងបានអះអាងថា រដ្ឋពុំមានការខ្វះខាតថវិកានោះទេ។

ក្រដាសប្រាក់ ១០ម៉ឺនរៀល ត្រូវបានបោះពុម្ពតាំងពីឆ្នាំ២០១២ ហើយក្រដាសប្រាក់ ៥ម៉ឺនរៀល ត្រូវបានបោះពុម្ពក្នុងឆ្នាំ២០១៣ ដែលមានអាយុកាលជាង ១០ឆ្នាំមកហើយ ដូច្នេះការកែប្រែកែលម្អគឺជារឿងចាំបាច់ដើម្បីបង្ការការបន្លំ។ ជាភស្តុតាងបង្ហាញថា រដ្ឋមិនបានខ្វះខាតថវិកា រាជរដ្ឋាភិបាលនឹងបើកប្រាក់ខែសរុបតែមួយលើកសម្រាប់ខែតុលាជូនមន្ត្រីរាជការនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ព្រមទាំងមានប្រាក់ឧបត្ថម្ភបន្ថែម ៥ម៉ឺនរៀលផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា ចេញផ្សាយធនប័ត្រគំរូថ្មីប្រភេទ ៥០,០០០ រៀល និង ១០០,០០០ រៀល ដោយដាក់ឱ្យចរាចរទន្ទឹមគ្នា ជាមួយនឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងប្រើប្រាស់សព្វថ្ងៃ៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា