គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតពលរដ្ឋ ១១៦នាក់ក្នុងខែកញ្ញា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតពលរដ្ឋ ១១៦នាក់ក្នុងខែកញ្ញា

គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតពលរដ្ឋ ១១៦នាក់ក្នុងខែកញ្ញា

គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករលាក់មុខលើដងផ្លូវ ដោយបានឆក់យកជីវិតប្រជាពលរដ្ឋរហូតដល់ ១១៦នាក់ ត្រឹមតែក្នុងរយៈពេលមួយខែកញ្ញានេះប៉ុណ្ណោះ។

ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ២១២ករណី បណ្តាលឱ្យមនុស្សស្លាប់ ១១៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៧៦នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

គ្រោះថ្នាក់ពាក់កណ្តាលកើតឡើងដោយសារការបើកបរលើសល្បឿនកំណត់​ ហើយក្រៅពីនោះ គឺបណ្តាលមកពីការមិនគោរពសិទ្ធិអាទិភាព​ មិនប្រកាន់ស្តាំ​ បត់មិនប្រុងប្រយ័ត្ន​ ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង​ បើកបរជែង​មិនគោរពសញ្ញាចរាចរណ៍៥ករណី ព្រមទាំងកត្តាយានយន្ត​ ងងុយដេក និងកត្តាផ្លូវថ្នល់ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឱ្យផ្អាកការផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ យ៉ាងណាក៏ដោយ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តទទូចឱ្យពលរដ្ឋរក្សាស្មារតីគោរពច្បាប់ និងបើករប្រកបដោយការអធ្យាស្រ័យដល់គ្នាទៅវិញទៅមក។

ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅ។ ការរឹតបន្តឹងនេះ ធ្វើឡើងដំបូងក្នុងភូមិសាស្ត្រដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល កំពង់ស្ពឺ និងស្វាយរៀង ដោយផ្តោតសំខាន់លើបទល្មើសបង្កគ្រោះថ្នាក់ ដូចជា បើកបរលើសល្បឿន បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនគោរពសញ្ញាអាទិភាព និងភ្លើងស្តុប ព្រមទាំងការដឹកជញ្ជូនសំពីងសំពោងជាដើម។

យោងតាមរបាយការណ៍ គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០២៦នេះ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ១ ០៤៧នាក់ និងរបួសធ្ងន់ស្រាលសរុប ២ ៤៤០នាក់៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា