អ្នកអភិរក្សរកឃើញ និងសង្គ្រោះត្រីរាជជិតផុតពូជ ៥ក្បាល លែងចូលបឹងទន្លេសាបវិញក្នុងខែកញ្ញា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកអភិរក្សរកឃើញ និងសង្គ្រោះត្រីរាជជិតផុតពូជ ៥ក្បាល លែងចូលបឹងទន្លេសាបវិញក្នុងខែកញ្ញា

អ្នកអភិរក្សរកឃើញ និងសង្គ្រោះត្រីរាជជិតផុតពូជ ៥ក្បាល លែងចូលបឹងទន្លេសាបវិញក្នុងខែកញ្ញា

ពេញមួយខែកញ្ញាឆ្នាំ២០២៦ដែលទើបបញ្ចប់​ទៅនេះ អ្នកនេសាទនៅខេត្តសៀមរាប និងពោធិ៍សាត់ បានប្រទះឃើញ និងរាយការណ៍​ពីការចាប់បាន ត្រីរាជ ដែលជាប្រភេទត្រីកម្រជិតផុតពូជចំនួន ៦ក្បាល។ក្នុងនោះ ក្រុមការងារចម្រុះបានរួមគ្នាសង្គ្រោះ និងលែង​ត្រឡប់​ទៅ​ក្នុង​បឹងទន្លេសាបវិញចំនួន ៥ក្បាល ដែលជា​ចំនួនកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹង​រយៈ​ពេលដូចគ្នាកាល​ពីឆ្នាំ​មុន។ត្រី​ទាំង​មានទម្ងន់ចាប់ពី ១៤ ដល់ ១៣៦ គីឡូក្រាម។

កាលពីថ្ងៃទី៣០ ខែកញ្ញា ត្រីរាជយក្សទម្ងន់ ១៣៦ គីឡូក្រាម និងប្រវែង ២.៣១ ម៉ែត្រ ត្រូវបានលែង​ចូលទៅ​ក្នុងបឹងទន្លេសាបវិញ​ដោយ​សុវត្ថិភាពដែលជា​លទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន សហគមន៍​នេសាទ និងអង្គការអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong)។

ត្រីរាជទម្ងន់ ១៣៦ គីឡូក្រាមនេះ គឺជាត្រី ១ក្បាល ក្នុងចំណោម​ត្រីរាជសរុប ៦ក្បាល ដែលត្រូវបានអ្នក​នេសាទប្រទះឃើញ និងរាយការណ៍​នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នេះ ក្នុងនោះ ៥ក្បាលត្រូវបានជួយសង្គ្រោះ និងលែងទៅក្នុងធម្មជាតិវិញដោយជោគជ័យ ខណៈ ១ក្បាលបានងាប់។

បើតាមការបញ្ជាក់ពីអង្គការអច្ឆរិយៈនៃទន្លេមេគង្គ ត្រីរាជទាំង ៦ក្បាលដែលប្រទះឃើញក្នុងខែនេះ មានទម្ងន់ចន្លោះពី ១៤ ដល់ ១៣៦ គីឡូ​ក្រាម ដែល​តំណាង​ឱ្យដំណាក់កាលជីវិតផ្សេងៗគ្នា ទាំងកូនត្រី ត្រីជំទង់ និងត្រីពេញវ័យ។

ទិន្នន័យនេះបង្ហាញពីការកើនឡើង បើប្រៀបធៀប​នឹងខែ​កញ្ញា ឆ្នាំ២០២៥ ដែលកាលណោះមានការ​រាយការណ៍ត្រឹមតែ ៤ក្បាល ហើយ​មានតែ ១ក្បាលប៉ុណ្ណោះដែលនៅរស់ និងត្រូវបានលែង។ ការកើនឡើងទាំងចំនួនរាយការណ៍ និងអត្រារស់រានមាន​ជីវិតនេះ ឆ្លុះបញ្ចាំងពី​ការយល់ដឹង និងការចូលរួមយ៉ាង​សកម្ម​របស់អ្នកនេសាទ ក្នុងការការពារប្រភេទត្រីកម្រ​ដែលប្រឈមនឹងការផុតពូជមួយនេះ។

អង្គការអច្ឆរិយៈនៃទន្លេមេគង្គបានបញ្ជាក់ថា ទិន្នន័យឆ្នាំ​២០២៦ ផ្តល់សញ្ញាវិជ្ជមានចំពោះការចូលរួម និងការ​យល់​ដឹងកាន់តែប្រសើរ​របស់អ្នកនេសាទ… ការរាយ​ការណ៍​​ទាន់ពេល ការឆ្លើយតបរហ័ស និងកិច្ចសហការ​រវាងគ្រប់ភាគី បានរួមចំណែកយ៉ាង​សំខាន់ដល់កា​រ​ជួយសង្គ្រោះជីវិតត្រីរាជ។

សូមជម្រាបថា ត្រីរាជ គឺជាប្រភេទត្រីគ្មានស្រកា​ទឹកសាប​ដ៏ធំបំផុតមួយក្នុងចំណោមត្រីយក្សទាំង ៣ ប្រភេទក្នុងប្រទេសកម្ពុជា ហើយត្រូវ​បានច្បាប់ហាម​ឃាត់ដាច់ខាតមិនឱ្យធ្វើនេសាទ ទិញលក់ ឬដឹកជញ្ជូន​ឡើយ។ ត្រីរាជអាចធំធាត់លឿន ដោយក្នុង ១ឆ្នាំ អាចឡើង​ទម្ងន់ជាង ១០គីឡូក្រាម និងអាចរស់បានរហូត​ដល់អាយុ ៦០ឆ្នាំ។

បច្ចុប្បន្ន ត្រីរាជកំពុងធ្វើចរាចរចាកចេញពីបឹងទន្លេសាប ឆ្ពោះទៅកាន់អន្លង់ជ្រៅៗតាមដងទន្លេមេគង្គលើក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដើម្បី​ពួនស្ងប់ និងបន្តពូជដែល​តម្រូវ​ឱ្យមានការយកចិត្តទុកដាក់ការពារ និងអភិរក្សកាន់​តែខ្លាំងក្លាថែមទៀត។ត្រីរាជស៊ីស្លែជាអាហារចម្បង។ ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា