អាមេរិកបញ្ជាឱ្យគណៈប្រតិភូ អ៊ីរ៉ង់ ចាកចេញពីក្រុង ញូវយ៉ក ជាបន្ទាន់ បន្ទាប់ពីការចរចាជាប់គាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកបញ្ជាឱ្យគណៈប្រតិភូ អ៊ីរ៉ង់ ចាកចេញពីក្រុង ញូវយ៉ក ជាបន្ទាន់ បន្ទាប់ពីការចរចាជាប់គាំង

អាមេរិកបញ្ជាឱ្យគណៈប្រតិភូ អ៊ីរ៉ង់ ចាកចេញពីក្រុង ញូវយ៉ក ជាបន្ទាន់ បន្ទាប់ពីការចរចាជាប់គាំង

វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃពុធថា លោក រដ្ឋមន្ត្រីការបរទេស Marco Rubio បានបញ្ជាឱ្យគណៈប្រតិភូ អ៊ីរ៉ង់ ដែលមកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ រួមទាំង លោករដ្ឋមន្ត្រីការបរទេស Abbas Araghchi ផងដែរនោះ ឲ្យចាកចេញពីសហរដ្ឋអាមេរិកជាបន្ទាន់ បន្ទាប់ពីការចរចាផ្នែកការទូតបានជាប់គាំង។

យោងតាមគេហទំព័រព័ត៌មាន Axios ដែលបានចុះផ្សាយរឿងនេះមុនគេ, បេសកកម្មរបស់សហរដ្ឋអាមេរិកប្រចាំនៅ UN បានជូនដំណឹងទៅកាន់បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំទីនោះដូចគ្នា កាលពីល្ងាចថ្ងៃចន្ទ អំពីបទបញ្ជារបស់លោក Rubio ដែលតម្រូវឱ្យគណៈប្រតិភូ របស់លោក Araghchi ចាកចេញពីទីក្រុងញូវយ៉ក “ជាបន្ទាន់”។

គេហទំព័រនេះបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ថា «គណៈប្រតិភូនេះ បានស្នាក់នៅហួសពេលកំណត់» ដោយបន្ថែមថា «មហាសន្និបាត UN បានបញ្ចប់ហើយ ដូច្នេះ វាដល់ពេលដែលពួកគេត្រូវចាកចេញ»។ មន្ត្រីអាមេរិកខាងលើបាននិយាយថា គណៈប្រតិភូនេះបានឡើងយន្តហោះចេញពីទីក្រុងញូវយ៉ក ទៅកាន់ទីក្រុងដូហា នៅថ្ងៃអង្គារ។

ប្រភពព័ត៌មានទីពីរ ដែលត្រូវបានគេដកស្រង់សម្តីដូចគ្នា បានឲ្យដឹងថា លោក Araghchi ត្រូវបានគ្រោងទុកជាស្រេចរួចហើយ ក្នុងការធ្វើដំណើរត្រឡប់ទៅទីក្រុងតេហេរ៉ង់វិញ នៅយប់ថ្ងៃចន្ទ។ យោងតាមរបាយការណ៍នេះ, សេតវិមានបានរំពឹងថា នឹងមានវឌ្ឍនភាពក្នុងការចរចាជាមួយអ៊ីរ៉ង់ នៅព្រឹកថ្ងៃចន្ទ ប៉ុន្តែ នៅពេលរសៀល វាបានក្លាយជារឿងច្បាស់លាស់ថា ការចរចានោះបានជាប់គាំង។

របាយការណ៍នេះបានដកស្រង់សម្តីប្រភពព័ត៌មានក្នុងតំបន់ ដែលបញ្ជាក់ថា អ្នកសម្របសម្រួលមកពីប្រទេសកាតាកំពុងបន្តការចរចាជាមួយភាគីទាំងពីរ លើសំណើស្វែងរកដំណោះស្រាយសម្របសម្រួលមួយ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ ទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញ ដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក នៅទូទាំងតំបន់ ហើយ បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់ថាមពល។

កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនេះនៅតែបន្តធ្វើឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈមួយ កាលពីខែមិថុនា ដែលបានកំណត់ជំហានបន្ទាន់នានា ដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz និង ដោះស្រាយបញ្ហាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា