ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបងចាប់ផ្តើមស្រក​   | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបងចាប់ផ្តើមស្រក​  

ទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងបាត់ដំបងចាប់ផ្តើមស្រក​  

ទឹកជំនន់​បានគំរាមកំហែងខេត្តចំនួន១០នៅកម្ពុជា បង្កឱ្យពលរដ្ឋ៨ពាន់គ្រួសារត្រូវជម្លៀសចេញពីលំនៅឋាន ទៅរកជម្រកបណ្តោះអាសន្ន​។ ពលរដ្ឋរងគ្រោះដែលត្រូវជម្លៀសទៅទីទួលសុវត្ថិភាពច្រើនជាងគេ គឺ ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់បណ្តាញព័ត៌មាន AMSថា  ខេត្តបាត់ដំបងមានពលរដ្ឋជម្លៀសចំនួន ៣ ៦២០គ្រួសារ ខេត្តបន្ទាយមានជ័យចំនួន ២ ៧៣៣គ្រួសារ ហើយខេត្តសៀមរាបចំនួន ២១គ្រួសារ។

ឯកឧត្តម​បានឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅខេត្តបាត់ដំបងនៅផ្នែកខាងលើ និងនៅតាមដងស្ទឹងសង្កែ ទឹកបានស្រកមកជាស្ថានភាពធម្មតាវិញហើយ ប៉ុន្តែទឹកនៅផ្នែកខាងក្រោម ក្នុងស្រុកថ្មគោល ស្រុកសង្កែ មានការកើនឡើងវិញ។​​ ចំណែកស្ថានភាពទឹកនៅក្រុងប៉ោយប៉ែតវិញ ចាប់ផ្តើមស្រកតិចៗ តែនៅក្នុងស្រុកមង្គលបូរី ទឹកបានកើនឡើង​ដោយសារទឹកធ្លាក់ពីប៉ោយប៉ែតតាមស្ទឹងសិរីសោភ័ណ និងពីប៉ៃលិនតាមស្ទឹងមង្គលបូរី។

ឯកឧត្តមបញ្ជាក់ថា ប្រព័ន្ធស្បៀងបម្រុងកម្ពុជាបានផ្តល់ស្បៀងដល់ពលរដ្ឋចំនួន ២ ០០០គ្រួសារ ខណៈកាកបាទក្រហមកម្ពុជាជួយ ១ ៥០០គ្រួសារ និងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយ UNICEF ផ្តល់សម្ភារៈអនាម័យ និងទឹកស្អាតដល់ ១ ៥០០គ្រួសារនៅខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា​ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យចាប់ផ្តើមស្រក ហើយទឹកហូរពីប្រទេសថៃក៏មិនមានទៀតដែរ។​ លោកបញ្ជាក់ថា ពលរដ្ឋរងគ្រោះទាំងអស់សុទ្ធតែទទួលបានអំណោយ មុង ភួយ គ្រឿងឧបភោគ បរិភោគ ស​ម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងមានទឹកស្អាត និងភ្លើងគ្រប់គ្រាន់​។

អ្នកនាំពាក្យគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា បរិមាណទឹកភ្លៀងក្នុងរយៈពេល៣ថ្ងៃខាងមុខនេះនឹងបន្តថយចុះ បើផ្អែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម៕

សៅ សុខអេង​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា