គម្រោងបំពាក់ភ្លើងសូឡាលើផ្លូវជាតិប្រវែង១.២០០គីឡូម៉ែត្រ គ្រោងចំណាយ៦លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងបំពាក់ភ្លើងសូឡាលើផ្លូវជាតិប្រវែង១.២០០គីឡូម៉ែត្រ គ្រោងចំណាយ៦លានដុល្លារ

គម្រោងបំពាក់ភ្លើងសូឡាលើផ្លូវជាតិប្រវែង១.២០០គីឡូម៉ែត្រ គ្រោងចំណាយ៦លានដុល្លារ

ក្នុងទិសដៅពង្រឹងសុវត្ថិភាពចរាចរណ៍ និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីគម្រោងបំពាក់ អំពូលភ្លើងសូឡាបំភ្លឺតាមដងផ្លូវជាតិជំហានទី១ ដែល មានប្រវែងសរុប១.២០០ គីឡូម៉ែត្រ គ្របដណ្តប់លើ ភូមិសាស្រ្ត១៣ រាជធានី-ខេត្ត។

គម្រោងដំឡើងអំពូលភ្លើងសូឡាឬពន្លឺព្រះអាទិត្យ បំភ្លឺតាមដងផ្លូវជាតិជំហានទី១ នឹងគ្របដណ្តប់លើរាជ ធានី-ខេត្តចំនួន១៣ ដោយ​គ្រោង​ចំណាយប្រមាណ ៦លានដុល្លារអាម៉េរិក លើប្រវែងផ្លូវ១.២០០គីឡូម៉ែត្រ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង កាលពីព្រឹកថ្ងៃ​ព្រហស្បតិ៍ទី១ ខែតុលា ឆ្នាំ២០២៦។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ផែនការនេះសម្តេច បានពិភាក្សាជាមួយឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយ​គម្រោង​ដាក់ភ្លើងសូឡាបំភ្លឺតាម ផ្លូវជាតិនេះ មិនមែនធ្វើតែ ២ ទៅ ៣ ខេត្ដនោះទេ ពោលគឺក្នុងជំហានទី១នេះ គ្រោងពង្រីកដល់ ១៣​រាជធានី-ខេត្ដ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគាំទ្រ និងបាន ណែនាំឱ្យ ជំរុញការអនុវត្តគម្រោងនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត រហូតគ្របដណ្តប់​ពេញទាំងប្រទេស ជាពិសេស នៅលើខ្សែផ្លូវជាតិធំៗ ដើម្បីបង្កើនសុវត្ថិភាព និងភាព ងាយស្រួលក្នុងការធ្វើដំណើរជូនប្រជា​ពលរដ្ឋនៅ​ពេលយប់។

​​ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹក ចិត្តឱ្យមានការវិនិយោគលើការផលិតអំពូល ឬអំពូល សូឡានៅក្នុងស្រុក ដើម្បីជួយកាត់​បន្ថយការចំណាយ បានមួយកម្រិតទៀត៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា