អាជ្ញាធរជាតិអប្សរា អញ្ជើញព្រលឹងដូនតាត្រឡប់មកទីតាំងដើមវិញ​ នៅខ្លោងទ្វារជ័យក្រុងអង្គរធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរា អញ្ជើញព្រលឹងដូនតាត្រឡប់មកទីតាំងដើមវិញ​ នៅខ្លោងទ្វារជ័យក្រុងអង្គរធំ

អាជ្ញាធរជាតិអប្សរា អញ្ជើញព្រលឹងដូនតាត្រឡប់មកទីតាំងដើមវិញ​ នៅខ្លោងទ្វារជ័យក្រុងអង្គរធំ

ពិធីអញ្ជើញព្រលឹងដូនតាត្រឡប់មកទីតាំងដើមវិញ ត្រូវបានអាជ្ញាធរជាតិអប្សរារៀបចំឡើងយ៉ាងអធិកអធម​នៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ព្រះមហាក្សត្រខ្មែរ ប្រារព្ធពិធីគ្រងរាជ្យ និងពិធីយាងទៅសមរភូមិ។

អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីប្រោះព្រំភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន ២ ក្រោមយុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» នៅខ្លោងទ្វារជ័យនៃក្រុងអង្គរធំ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។  

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បានថ្លែងថា ពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់មហានគរខ្មែរ ដោយបាននាំព្រលឹងដូនតាមកជួយថែរក្សាអង្គរ និងថែរក្សាសន្តិភាពឡើងវិញ។

ខ្លោងទ្វារជ័យជាទីតាំងប្រវត្តិសាស្ត្រសំខាន់ដែលព្រះមហាក្សត្រខ្មែររមែងប្រារព្ធពិធីគ្រងរាជ្យ និងពិធីយាងទៅសមរភូមិ។ ការរៀបចំឡើងវិញនូវព្រះសិរទេព និងអសុរៈទាំងនេះ មិនត្រឹមតែបន្ថែមសោភ័ណភាព និងបង្កើតជាផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញភ្ញៀវជាតិ-អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរបានធ្វើសក្ការបូជាផងដែរ។

លោកជំទាវបានគូសបញ្ជាក់ថា ចម្លាក់ទេវៈ និងអសុរៈដែលនៅអមខ្លោងទ្វារជ័យ បានឆ្លងកាត់ប្រវត្តិសាស្ត្រទាំងគ្រាលំបាក និងគ្រារុងរឿង ព្រមទាំងឆ្លងកាត់សង្គ្រាមជាច្រើនជំនាន់ ដោយនៅតែបន្តរួមសុខរួមទុក្ខជាមួយប្រជាជនខ្មែរគ្រប់កាលៈទេសៈ ទោះបីជាចម្លាក់ជាច្រើនត្រូវបាត់បង់ផ្នែកខ្លះនៃរាងកាយយ៉ាងណាក៏ដោយ។

នៅអមខ្លោងទ្វារជ័យនៃក្រុងអង្គរធំ មានចម្លាក់ទេវៈ និងអសុរៈទាញព្រ័ត្រសរុបចំនួន ១០៨។ ដោយសារសង្គ្រាមបំផ្លិចបំផ្លាញ ព្រះសិរចម្លាក់ធ្វើអំពីថ្មភក់ទាំងនេះបានបាត់បង់ស្ទើរទាំងស្រុង ដោយបែកខ្ញែកទៅកាន់ទីតាំងនានាក្នុងប្រទេស និងមួយចំនួនទៀតនៅក្រៅប្រទេស។

យ៉ាងណាមិញ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការពីប្រទេសជាមិត្តដូចជា អង្គការ UNESCO បារាំង ជប៉ុន និងសហរដ្ឋអាមេរិក បានខិតខំស្វែងរក និងប្រមូលព្រះសិរទាំងនោះត្រឡប់មកវិញ តាមរយៈការធ្វើកំណាយ ស្រាវជ្រាវ ការប្រមូលពីអភិរក្សដ្ឋានអង្គរ និងសារមន្ទីរនានា ព្រមទាំងការទាមទារពីបរទេស។

បច្ចុប្បន្ន ព្រះសិរដែលបាត់បង់ត្រូវបានរកឃើញស្ទើរតែទាំងអស់ ដោយនៅខ្វះតែ ៣ ទៀតប៉ុណ្ណោះ ដែលកំពុងតម្កល់នៅសារមន្ទីរបរទេស ហើយភាគីកម្ពុជាកំពុងបន្តខិតខំស្វែងរក និងចរចានាំយកត្រឡប់មកវិញនាពេលខាងមុខ។

លោក Flavio BONETTI តំណាងអង្គការ UNESCO ប្រចាំកម្ពុជា បានសម្តែងនូវក្តីរីករាយចំពោះពិធីនេះ ដែលជាសក្ខីភាពនៃការគោរពបូជាចំពោះវប្បធម៌ខ្មែរជាបេតិកភណ្ឌពិភពលោក។ លោកបានបញ្ជាក់ថា UNESCO នៅតែបន្តគាំទ្រកម្ពុជាតាមរយៈគណៈកម្មាធិការ ICC-Angkor តាំងពីឆ្នាំ១៩៩៣ ហើយមានមោទនភាពចំពោះការងារអភិរក្សអង្គរដែលបានធ្វើរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាអស់រយៈពេលជាង ៣០ ឆ្នាំមកនេះ។

ដោយឡែក លោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ក្នុងអនុស្សារណៈនៃការយោគយល់គ្នាស្តីពីសម្បត្តិវប្បធម៌ជាមួយកម្ពុជា ហើយកន្លងមក ក្រោមភារកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ អាមេរិកបានបញ្ជូនវត្ថុបុរាណសិល្បៈប្រមាណ ៩០០ មុខ ឱ្យវិលត្រឡប់មកកាន់ទឹកដីកំណើតវិញ។

យុទ្ធនាការ «ព្រលឹងត្រឡប់មកទីតាំងដើមវិញ» បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងសុវត្ថិភាពពេញលេញ ដែលអនុញ្ញាតឱ្យអ្នកអភិរក្សអាចយករូបចម្លាក់បុរាណទាំងនេះទៅដាក់នៅតាមទីតាំងដើមវិញបាន ស្របតាមទស្សនៈគោលនយោបាយថ្មីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា