អាជ្ញាធរអគ្គិសនីកម្ពុជា កំណត់រូបមន្តប៉ាន់ស្មានថាមពលសូឡាលើដំបូល ដើម្បីទូទាត់ថ្លៃប៉ះប៉ូវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរអគ្គិសនីកម្ពុជា កំណត់រូបមន្តប៉ាន់ស្មានថាមពលសូឡាលើដំបូល ដើម្បីទូទាត់ថ្លៃប៉ះប៉ូវ

អាជ្ញាធរអគ្គិសនីកម្ពុជា កំណត់រូបមន្តប៉ាន់ស្មានថាមពលសូឡាលើដំបូល ដើម្បីទូទាត់ថ្លៃប៉ះប៉ូវ

អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញសេចក្តីសម្រេចជាផ្លូវការ កំណត់បរិមាណថាមពលប៉ាន់ស្មានតាមបទដ្ឋានលើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល សម្រាប់គណនាថ្លៃប៉ះប៉ូវចំពោះករណីដែលមិនទាន់មាននាឡិកាស្ទង់ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ តទៅ។

អាជ្ញាធរអគ្គិសនីកម្ពុជា បានផ្សព្វផ្សាយសេចក្តីសម្រេចចុះថ្ងៃទី២៩កញ្ញា២០២៦ ស្តីពីការកំណត់បរិមាណថាមពលប៉ាន់ស្មានតាមបទដ្ឋានកំណត់លើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល គឺដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការគណនាថ្លៃប៉ះប៉ូវជូនអ្នកផ្គត់ផ្គង់អគ្គិសនី។ ការសម្រេចនេះធ្វើឡើងដោយមានការពិគ្រោះយោបល់យ៉ាងល្អិតល្អន់ជាមួយក្រសួងរ៉ែ និងថាមពល ព្រមទាំងអគ្គិសនីកម្ពុជា។

ផ្អែកតាមការសង្កេតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា កន្លងមកមានអ្នកប្រើប្រាស់មួយចំនួនបានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល និងមានកាតព្វកិច្ចត្រូវបង់ថ្លៃប៉ះប៉ូវ ប៉ុន្តែពុំទាន់បានដំឡើងប្រព័ន្ធនាឡិកាស្ទង់សម្រាប់កត់ត្រាបរិមាណថាមពល ឬពុំមានឧបករណ៍អាំងវែរទ័រដែលអាចបង្ហាញទិន្នន័យជាក់ស្តែង។ កត្តានេះបានធ្វើភាគីអ្នកផ្គត់ផ្គង់អគ្គិសនីជួបការលំបាក និងមិនអាចចេញវិក្កយបត្រថ្លៃប៉ះប៉ូវបាន តាមបទប្បញ្ញត្តិស្តីពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។

អាជ្ញាធរអគ្គិសនីកម្ពុជា បានកំណត់រូបមន្តប៉ាន់ស្មានថាមពលជាបទដ្ឋានបណ្តោះអាសន្ន ដើម្បីដោះស្រាយ និងផ្តល់មូលដ្ឋានច្បាស់លាស់ដល់អ្នកផ្គត់ផ្គង់ក្នុងការចេញវិក្កយបត្រ។ សម្រាប់ថាមពលអគ្គិសនីផលិតចេញពីប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលក្នុងមួយខែ គឺត្រូវគណនាដោយយកអានុភាពរបស់អាំងវែរទ័រ គុណនឹង ៥ម៉ោង និងគុណនឹង ៣០ថ្ងៃ។ ដោយឡែកចំពោះបរិមាណថាមពលបញ្ចេញពីប្រព័ន្ធអាគុយផ្ទុកថាមពលក្នុងមួយខែ គឺត្រូវយកទំហំអាគុយផ្ទុកថាមពល គុណនឹង ៨០ភាគរយ គុណនឹង ៩០ភាគរយ និងគុណនឹង ៣០ថ្ងៃ។

អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ការប៉ាន់ស្មានតាមរូបមន្តខាងលើនេះ នឹងអនុវត្តតែក្នុងករណីដែលពុំទាន់មាននាឡិកាស្ទង់ ឬទិន្នន័យវាស់ដែលអាចផ្ទៀងផ្ទាត់បានប៉ុណ្ណោះ។ នៅពេលដែលអ្នកប្រើប្រាស់បានដំឡើងនាឡិកាស្ទង់ ឬមានទិន្នន័យវាស់ជាក់ស្តែងដែលអាចផ្ទៀងផ្ទាត់បាន ការទូទាត់ត្រូវផ្លាស់ប្តូរមកប្រើប្រាស់ទិន្នន័យជាក់ស្តែងជំនួសការប៉ាន់ស្មាននេះភ្លាមៗ។

តាមសេចក្តីសម្រេចនេះ អ្នកផ្គត់ផ្គង់អគ្គិសនីអាចចាប់ផ្តើមចេញវិក្កយបត្រថ្លៃប៉ះប៉ូវ ស្របតាមលក្ខខណ្ឌ និងរូបមន្តដែលបានកំណត់ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ តទៅ រហូតដល់មានការកែសម្រួលជាថ្មី។

សូមបញ្ជាក់ថា អ្នកប្រើប្រាស់អគ្គិសនី ដែលប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ត្រូវបង់ថ្លៃប៉ះប៉ូវសម្រាប់ការប្រើប្រាស់ថាមពលអគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ ដើម្បីបំពេញឱ្យថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់ខ្លួន៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា