អាមេរិកប្រកាសចាយជាង២៤ ពាន់លានដុល្លារ ផលិតមីស៊ីលថ្មីៗ ក្រោយអស់ស្តុកក្នុងសង្គ្រាម អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកប្រកាសចាយជាង២៤ ពាន់លានដុល្លារ ផលិតមីស៊ីលថ្មីៗ ក្រោយអស់ស្តុកក្នុងសង្គ្រាម អ៊ីរ៉ង់

អាមេរិកប្រកាសចាយជាង២៤ ពាន់លានដុល្លារ ផលិតមីស៊ីលថ្មីៗ ក្រោយអស់ស្តុកក្នុងសង្គ្រាម អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិអាមេរិកបានប្រកាសផ្តល់កិច្ចសន្យាដែលមានតម្លៃ ២៤ពាន់៤០០លានដុល្លារដល់ក្រុមហ៊ុន Raytheon ដើម្បីពន្លឿនការផលិតមីស៊ីលប្រភេទ SM-6 ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងខិតខំជំនួសស្តុកគ្រាប់រំសេវ និងអាវុធមួយចំនួនធំដែលត្រូវបានប្រើប្រាស់អស់ក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់។

ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលទាំងនេះគឺជាគ្រាប់រំសេវដ៏សំខាន់សម្រាប់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងគោលដៅលើអាកាស និងលើផ្ទៃទឹក។ កិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំនេះ ដែលមានជម្រើសបន្តរយៈពេល ២ ឆ្នាំទៀត នឹងជំរុញឱ្យមានការផលិតកាន់តែឆាប់រហ័ស។

ក្រសួងការពារជាតិអាមេរិកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ ផ្តល់ឱ្យឧស្សាហកម្មការពារជាតិ នូវភាពអាចព្យាករណ៍បាន ក្នុងរយៈពេលវែង ដែលចាំបាច់សម្រាប់ការបង្កើនសមត្ថភាពកម្លាំងពលកម្ម និងធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់នានា។

ក្រុមហ៊ុន Raytheon បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា មីស៊ីល SM-6 របស់ពួកគេត្រូវបានបាញ់សាកល្បងដោយជោគជ័យពីវេទិកា និងឧបករណ៍បាញ់ផ្សេងៗនៅលើនាវាចម្បាំងអាមេរិក និងនៅលើដីគោក ដោយហៅវាថាជា «អាវុធដែលបានឆ្លងកាត់ការសាកល្បងជាក់ស្តែងក្នុងសមរភូមិ»។

ក្រុមហ៊ុនផលិតអាវុធនេះក៏បានទទួលស្គាល់ផងដែរ អំពីការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការ។

ការប្រកាសចាយ ជាង២៤ពាន់លានដុល្លារ ឲ្យក្រុមហ៊ុនមួយនេះផលិតមីស៊ីលថ្មីៗ បានកើតមានឡើង បន្តាប់ពីអគ្គអធិការនៃក្រសួងការពារជាតិបាននិយាយ កាលពីខែមុនថា ការប្រើប្រាស់គ្រាប់រំសេវនៅក្នុងប្រតិបត្តិការ Epic Fury បានបណ្តាលឱ្យមានការខ្វះខាតស្តុកយុទ្ធសាស្ត្រ និង បានបង្ហាញពីបញ្ហាស្ទះនៅក្នុងមូលដ្ឋានឧស្សាហកម្មសម្រាប់ការផ្គត់ផ្គង់គ្រាប់រំសេវឡើងវិញ ព្រោះតែប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់មួយនេះ។

របាយការណ៍មួយ កាលពីថ្ងៃទី១៥ ខែកញ្ញា ចេញផ្សាយដោយ ការិយាល័យថវិការបស់សភា ឬ Congressional Budget Office បានលើកឡើងពីផលប៉ះពាល់ទៅលើការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីល ដែលនឹងធ្វើឱ្យសហរដ្ឋអាមេរិកមានស្តុកមីស៊ីលស្ទាក់ចាប់ ឬ interceptors តិចជាងមុន ក្នុងរយៈពេលជាច្រើនឆ្នាំ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ ប្រធានាធិបតី Donald Trump បានបដិសេធមិនឆ្លើយតបនឹងសំណួរអំពីផលប៉ះពាល់ធ្ងន់ធ្ងរទៅលើស្តុកគ្រាប់រំសេវរបស់សហរដ្ឋអាមេរិក បណ្តាលមកពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីតោន និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នា កាលពីថ្ងៃទី ២៨ ខែកុម្ភៈ នោះឡើយ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា