ICC-ព្រះវិហារស្នើភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដីលើប្រាសាទព្រះវិហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ICC-ព្រះវិហារស្នើភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដីលើប្រាសាទព្រះវិហារ

ICC-ព្រះវិហារស្នើភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដីលើប្រាសាទព្រះវិហារ

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា ICC-ព្រះវិហារ​ បានស្នើឲ្យភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដី លើប្រាសាទព្រះវិហារ ដើម្បីជាមូលដ្ឋានសម្រាប់ការបោសសម្អាតមីន និងអាវុធជាតិផ្ទុះ​។

ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី១១នៅខេត្តសៀមរាបកាលពីថ្ងៃទី៣០ កញ្ញា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ ឬ ICC-ព្រះវិហារសម្តែងក្តីព្រួយបារម្ភជាថ្មីចំពោះស្ថានភាពខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ។

ក្នុងន័យនេះ អង្គប្រជុំបានស្នើសុំភាគីថៃផ្តល់ព័ត៌មានអំពីទិសដៅនៃការបាញ់ប្រហារ និងទិន្នន័យពាក់ព័ន្ធ ទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់ប្រហារពីដី ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការបោសសម្អាតមីន និងអាវុធជាតិផ្ទុះនានា សម្រាប់បម្រើឲ្យការងារការស្តារសុវត្ថិភាពឡើងវិញនៅតំបន់ប្រាសាទ និងតំបន់អភិវឌ្ឍន៍។

បន្ថែមពីលើនេះ អង្គប្រជុំក៏បានផ្តល់អនុសាសន៍ដល់អាជ្ញាធរជាតិព្រះវិហារ កំណត់ និងរៀបចំអាទិភាពតំបន់សម្រាប់ការបោសសម្អាតសំណល់ជាតិផ្ទុះ ដែលបន្សល់ទុកពីការប៉ះទង្គិចប្រដាប់អាវុធ និងគ្រាប់បែកចង្កោម។
​
ពាក់ព័ន្ធអន្តរាគមន៍សង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីប្រមាណ ៧០ហិកតា ដោយរកឃើញរណ្តៅគ្រាប់ ៦២៥កន្លែង គ្រាប់នៅលើដីចំនួន ៧៣០គ្រាប់ គ្រាប់កប់ក្នុងដីចំនួន ២៤៧គ្រាប់ និងជ្រួនចំនួន៤។

អាជ្ញាធរជាតិព្រះវិហារបានប្រមូលបំណែកថ្មប្រាសាទ ដែលបានបាក់បែកចំនួនជិត ៨ម៉ឺន ៥ពាន់ដុំ ចុះបញ្ជីនិងរក្សាទុក ព្រមទាំងទល់ទ្ររចនាសម្ព័ន្ធប្រាសាទដែលមានហានិភ័យខ្ពស់ចំនួន ២៣ទីតាំង ដំឡើងឧបករណ៍តាមដានបម្រែបម្រួលប្រាសាទចំនួន ៥០កន្លែង សាងសង់ដំបូលគ្របប្រាសាទចំនួន ៤កន្លែង និងស្តារប្រព័ន្ធបង្ហូរទឹកបុរាណប្រវែងជិត ២៥០ម៉ែត្រ។

ក្រៅពីលទ្ធផលខាងលើ អង្គប្រជុំក៏បានពិនិត្យឃើញមានកិច្ចការបន្ទាន់ត្រូវអនុវត្តបន្តទៀត ដើម្បីសង្គ្រោះ ប្រាសាទព្រះវិហារ រួមមាន៖ រចនាសម្ព័ន្ធប្រាសាទចំនួន២៥កន្លែងទៀតត្រូវទល់ទ្របន្ទាន់ ការសាងសង់រោងដើម្បីរក្សាទុកបំណែកថ្មជៀសវាងការខូចខាតនិងបាត់បង់ ក៏ដូចជាការរៀបចំប្រព័ន្ធផ្លូវទឹកបន្ថែមទៀតដើម្បីបញ្ចៀសផលប៉ះពាល់ ប្រាសាទ។

ជម្លោះប្រដាប់អាវុធកាលពីថ្ងៃទីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥កន្លងទៅ បានបង្កការខូចខាតដល់ប្រាសាទព្រះវិហារចំនួន ៥៦២កន្លែង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានានៅបរិវេណលើភ្នំប្រាសាទព្រះវិហារ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ប្រជាជនរស់នៅជុំវិញតំបន់បេតិកភណ្ឌ។

កិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មាធិការ ICC-ព្រះវិហារ គឺដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះ វិហារ និងដៃគូអន្តរជាតិ។

សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សនិងការលើកតម្លៃប្រាសាទព្រះវិហារ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយ​មានប្រទេសចិន និងឥណ្ឌាជាសហប្រធាន ហើយមានសមាជិកស្ថាបនិកចំនួន៧ប្រទេរស ក្នុងនោះក៏មានប្រទេសថៃ ដែលជាអ្នកបំផ្លាញប្រាសាទព្រះវិហារផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា