ក្រសួងកសិកម្ម រៀបចំពិព័រណ៍ដើម្បីទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យាក្នុងវិស័យកសិកម្មនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងកសិកម្ម រៀបចំពិព័រណ៍ដើម្បីទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យាក្នុងវិស័យកសិកម្មនៅកម្ពុជា

ក្រសួងកសិកម្ម រៀបចំពិព័រណ៍ដើម្បីទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យាក្នុងវិស័យកសិកម្មនៅកម្ពុជា

ក្រសួងកសិកម្ម គ្រោងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ដើម្បីទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យាក្នុងវិស័យកសិកម្មនៅកម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា គ្រោងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ ហៅកាត់ថា (កាហ្វេ២៦ – CAFE26) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការប្រមូលផ្តុំគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីបង្កើតឱកាសពាណិជ្ជកម្ម និងកិច្ចសហការវិនិយោគជាក់ស្តែង ។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ថា ព្រឹត្តិការណ៍ CAFE26 នឹងលើកយកដំណាំយុទ្ធសាស្ត្រ ៩មុខ អមជាមួយឱកាសថ្មីបន្ថែមលើការវិនិយោគទៅលើដំណាំឧស្សាហកម្ម ដូចជា កៅស៊ូ និងការជំរុញផលិតកម្មជីក្នុងស្រុកជាដើម ។

ឯកឧត្តម ប្រាក់ ដាវីដ បានបន្ថែមថា យោងលើភាពជោគជ័យនៃការរៀបចំលើកទី១ នៃព្រឹត្តិការណ៍ CAFE25 វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦នឹងរួមបញ្ចូលវេទិកាវិនិយោគកសិកម្មរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែតុលា, វេទិកានវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម នៅថ្ងៃទី២៥ ខែតុលា និងពិព័រណ៍កសិកម្មរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា។ ព្រឹត្តិការណ៍នេះ រំពឹងថា នឹងមានស្តង់ពិព័រណ៍ជាង ៤០០កន្លែង ហើយទាក់ទាញអ្នកចូលរួមទស្សនាប្រមាណ ២៥ ០០០នាក់ និងកសិករជាង ២ ០០០នាក់ ។

បើតាមឯកឧត្តមដរដ្ឋលេខាធិការក្រសួងកសិកម្ម ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងសហគមន៍កសិកម្ម ធុរជន វិនិយោគិនជាតិ និងអន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ អ្នកនវានុវត្តន៍ យុវជន ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធនានាទាំងក្នុង និងក្រៅប្រទេស ។

សូមបញ្ជាក់ថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា គឺជាព្រឹត្តិការណ៍ក្នុងវិស័យ កសិស្បៀងអាហារ ដែលមានទំហំ និងវិសាលភាពធំបំផុតមួយនៅព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈពិសេសរបស់ CAFE គឺការប្រមូលផ្តុំគ្រប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីកសិស្បៀងអាហារទាំងមូល មកជួបជុំគ្នានៅលើថ្នាលតែមួយ ។

 CAFE រួមបញ្ចូលកិច្ចសន្ទនា គោលនយោបាយ ការជំរុញវិនិយោគ ការផ្គូផ្គងអាជីវកម្ម ការបង្ហាញ និងសាកល្បងបច្ចេកវិទ្យា ការផ្លាស់ប្តូរចំណេះដឹង និង ពិព័រណ៍កសិកម្មទ្រង់ទ្រាយធំ ដើម្បីឱ្យអ្នកចូលរួមពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងការតភ្ជាប់ទំនាក់ទំនងដោយ ផ្ទាល់ ក៏ដូចជាស្វែងរកដំណោះស្រាយ និងបង្កើតភាពជាដៃគូអាជីវកម្ម និងវិនិយោគជាក់ស្តែង ៕
អត្ថបទ៖ វណ្ណលុក
រូប៖ រិន រចនា

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា