លោក ពូទីន ស្វាគមន៍លទ្ធភាពជំនួបត្រីភាគី ជាមួយលោក Trump និងលោក Xi | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ស្វាគមន៍លទ្ធភាពជំនួបត្រីភាគី ជាមួយលោក Trump និងលោក Xi

លោក ពូទីន ស្វាគមន៍លទ្ធភាពជំនួបត្រីភាគី ជាមួយលោក Trump និងលោក Xi

មូស្គូ ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសស្វាគមន៍លទ្ធភាពនៃកិច្ចប្រជុំត្រីភាគីជាមួយលោក ត្រាំ និង លោក ស៊ី នៅប្រទេសចិន ដោយចាត់ទុកថា ជំនួបរវាងពួកលោកទាំងបីពិតជាមាន «ប្រយោជន៍»។

លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា កិច្ចប្រជុំកំពូលត្រីភាគី ជាមួយមេដឹកនាំសហរដ្ឋអាមេរិក និង ចិន អាចនឹងកើតឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិន នាពេលខាងមុខ។

ថ្លែងក្នុងវេទិកាប្រចាំឆ្នាំ Valdai នៅទីក្រុងមូស្គូ, លោក ពូទីន បានវាយតម្លៃថា កិច្ចប្រជុំនេះមាន «ប្រយោជន៍» ប្រសិនបើមានការកំណត់របៀបវារៈច្បាស់លាស់។

លោក ពូទីន បានកោតសរសើរចំពោះទំនាក់ទំនងរបស់លោក ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយបាននិយាយលេងសើចថា សម្រាប់រូបលោក និងលោក ស៊ី យល់ចិត្តគ្នាទៅវិញទៅមក ដោយមិនចាំបាច់មានអ្នកបកប្រែ ហើយថា ចៅៗរបស់លោកអាចធ្វើជាអ្នកបកប្រែឱ្យលោកបាន ដោយសារពួកគេចេះនិយាយភាសាចិន។

ការអះអាងរបស់លោក ពូទីន បានធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពី លោក Zhang Hanhui ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ី បង្ហើបឲ្យដឹងថា កិច្ចប្រជុំរវាងមេដឹកនាំនៃប្រទេសទាំងបីនេះអាចនឹងរៀបចំឡើង នៅក្រៅកិច្ចប្រជុំកំពូល APEC ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង Shenzhen ប្រទេសចិន ។

បើតាមមន្ត្រីការទូតចិន, កិច្ចប្រជុំត្រីភាគីបែបនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ការអភិវឌ្ឍ និងការកសាងពិភពលោកដែលមានប៉ូលអំណាចច្រើនឡើងវិញ ដោយសារតែរុស្ស៊ី អាមេរិក និងចិន សុទ្ធតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាមហាអំណាចពិភពលោកផងដែរ៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា