សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជាប្រវត្តិសាស្ត្រនិងជាវគ្គដែលសំខាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជាប្រវត្តិសាស្ត្រនិងជាវគ្គដែលសំខាន់

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺជាប្រវត្តិសាស្ត្រនិងជាវគ្គដែលសំខាន់

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ចាប់ផ្តើមទទួលពាក្យច្បាប់កាតព្វកិច្ចយោធា គឺមានចំនួនជិត ៣ពាន់នាក់បានដាក់ពាក្យ។ នេះជាជំហានសាកល្បងលើកទី១ នៃការរៀបចំ ហើយការស្ម័គ្រចិត្តយើងទទួលដោយដៃដប ហើយការសម្រេចចិត្តយកចំនួនប៉ុន្មានយើងនឹងពិនិត្យមើល។ ហើយក្រសួងការពារជាតិនឹងសម្រេចផ្អែកលើតម្រូវការជាក់ស្តែងរបស់កងទ័ព។ ហើយឆ្នាំទី១ គឺជាឆ្នាំប្រវត្តិសាស្ត្រមួយនៃការអនុវត្តច្បាប់កាតព្វកិច្ចយោធា។ ហើយវគ្គទី១ នេះគឺជាវគ្គដែលសំខាន់។

សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា ៖ “ច្បាប់កាតព្វកិច្ចយោធានេះ សម្រាប់រាជរដ្ឋាភិបាល វាជាគោលនយោបាយមួយនៅក្នុងការវិនិយោគកសាងពង្រឹងធនធានមនុស្សមិនខុសពីក្រសួងអប់រំ ក្រសួងការងារ ក្រសួងធម្មការ នៅក្នុងការពង្រឹងធនធាននៅក្នុងវិស័យសាសនា។ ការកសាងធនធានមនុស្សសំខាន់ទាំងក្នុងវិស័យការពារជាតិ ទាំងក្នុវិស័យសង្គមជាតិ ពីព្រោះយើងគិតថា ច្បាប់កាតព្វកិច្ចយោធានេះ គោលដៅដូចសាលា សកលវិទ្យាល័យ កសាងធនធានមនុស្សនៅសមត្ថភាពនិងឥរិយាបទ ត្រូវការពីរនឹង រឿងសុខភាព រឿងកាយសម្បទាចូលទាហានប្រាកដជាវាទៅតាមនឹងហើយ ប៉ុន្តែអ្វីដែលសំខាន់មិនមែនតែមនុស្សមួយដែលមានសាច់ដុំធំទេ។ … ចូលដំបូងហ្វឹកហ្វឺន ៣ខែ ហើយក្រោយមកបំពេញ២ឆ្នាំ ហើយក្នុង២ឆ្នាំនេះ គឺត្រូវហ្វឹកហ្វឺនបន្តទៀត ទាំងការងារជាក់ស្តែង។ ការហ្វឹកហ្វឺនបណ្តុះបណ្តាលវិន័យ ការទទួលខុសត្រូវ ធ្វើការជាក្រុមដើម្បីសម្រេចភារកិច្ច និងការទទួលខុសត្រូវភាពជាអ្នកដឹកនាំ”។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ៖ “នៅក្នុងកងទ័ពក៏ដូចជានៅក្នុងវិស័យផ្សេងៗដែរ ប៉ុន្តែនៅក្នុងកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងទ័ពឥរិយាបថនេះ គឺសំខាន់ណាស់។ អ្នកដែលចូលនៅក្នុងកាតព្វកិច្ចយោធា គឺជាការវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្សមួយដែលមានឥរិយាបទត្រឹមត្រូវ ត្រូវគោរពតាមវិន័យ អនុវត្ត២ឆ្នាំ បញ្ជាទៅណាទៅនឹង ត្រូវឡើងទៅមុខទៅមុខ ត្រូវទឹកជំនន់ចេញទៅជួយប្រជាជន វិន័យ ការទទួលខុសត្រូវ ធ្វើការជាក្រុមទាំងអស់ដើម្បីជួយគ្នាសម្រេចភារកិច្ច។”

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធាបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ផ្តើមចែកពាក្យ និងទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធាចែកពាក្យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦។ ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។

តាមរយៈសារពិសេសរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា” បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺសំដៅកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យ ដែលជាតម្រូវការរបស់ជាតិ។ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបាន ការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ធានារដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព។ ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាព។ ការអនុវត្តកាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹង វិន័យ ស្មារតីជួយគ្នា ការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ដែលអាចចូលរួមចំណែកក្នុងការ បម្រើជាតិមាតុភូមិ នៃយើង។ ការចូលរួមហ្វឹកហាត់នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយ ចិត្តគំនិត វិន័យ ប្រកបដោយជំនាញ បទពិសោធន៍ អាចបង្កើនភាពជឿជាក់ មានទំនុកចិត្តកាន់តែប្រសើរ មានមូលដ្ឋានល្អសម្រាប់ការសិក្សា ការងារ និងជីវិត ក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា