ក្រសួងធនធានទឹករៀបចំផែនការយុទ្ធសាស្ត្ររំដោះទឹកជំនន់ និងរក្សាទឹកទុកនៅតំបន់ភាគពាយ័ព្យជាប់ព្រំដែនថៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងធនធានទឹករៀបចំផែនការយុទ្ធសាស្ត្ររំដោះទឹកជំនន់ និងរក្សាទឹកទុកនៅតំបន់ភាគពាយ័ព្យជាប់ព្រំដែនថៃ​

ក្រសួងធនធានទឹករៀបចំផែនការយុទ្ធសាស្ត្ររំដោះទឹកជំនន់ និងរក្សាទឹកទុកនៅតំបន់ភាគពាយ័ព្យជាប់ព្រំដែនថៃ​

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាន​ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមួយនៅថ្ងៃសុក្រទី២តុលានេះ ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកយន្តការរៀបចំផែនការយុទ្ធសាស្ត្ររំដោះទឹកជំនន់នៅតំបន់ភាគពាយ័ព្យជាប់ព្រំដែន ជាពិសេសការពង្វាងទឹក និងការទាញយកទឹកដែលហូរធ្លាក់ពីប្រទេសថៃ រក្សាទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។
 
កិច្ចពិភាក្សាបានផ្តោតលើគម្រោងរំដោះទឹក និងពង្វាងទឹកនៅតំបន់អូរខៃដន និងបឹងកន្សែង ព្រមទាំងផែនការពង្រីកសមត្ថភាពរំដោះទឹកចេញពីខេត្តបន្ទាយមានជ័យ ចាប់ពីស្ទឹងបត់ អូរបីជាន់ និងតំបន់រណប រហូតធ្លាក់ចូលបឹងទន្លេសាប។
 
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលរងនូវគ្រោះទឹកជំនន់ ដោយទឹកមួយផ្នែកគឺហូរមកពីប្រទេសថៃ​។ មកដល់ថ្ងៃសុក្រនេះ ទឹកជំនន់នៅតំបន់ខ្លះបានចាប់ផ្តើមស្រក ខណៈនៅតំបន់ខ្លះទៀតនៅក្នុងខេត្តបន្ទាយមានជ័យ​នៅបន្តជន់លិច​។​
 
នៅព្រឹកថ្ងៃទី២តុលា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះយានយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគីឡូម៉ែត្រ ៣៤០​ ដល់គីឡូម៉ែត្រ ៣៦១។
 
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា  ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ គឺត្រូវរៀបចំប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធលូឱ្យបានគ្រប់គ្រាន់ ព្រមទាំងរក្សាទុកអាងស្តុកទឹក បឹង និងស្រះ។ ជាមួយគ្នានេះ ត្រូវបង្កើនការដាំដើមឈើ ការការពារព្រៃឈើ ដើម្បីស្រូបទឹក និងកាត់បន្ថយការហូរច្រោះ​។
 
ឯកឧត្តមបានថ្លែងថា ការអភិវឌ្ឍដែលមិនគិតពីធម្មជាតិ អាចបង្កើតបញ្ហាសម្រាប់មនុស្សនៅថ្ងៃអនាគត។ ការអភិវឌ្ឍដែលគោរពធម្មជាតិ គឺជាការការពារជីវិត និងទ្រព្យសម្បត្តិរបស់មនុស្សគ្រប់គ្នា។
 
បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា មានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២ ៣៥២ប្រព័ន្ធ ក្នុងនោះមានប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន ១ ១៦៦ប្រព័ន្ធ ខ្នាតតូចចំនួន ១ ១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ ដែលអាច​ផ្តល់លទ្ធភាពស្រោចស្រពលើដីកសិកម្ម​ចំនួនជិត ២លានហិកតា៕

សៅ សុខអេង និងហេង វណ្ណា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា