ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារអបអរសាទរទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារអបអរសាទរទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ

ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារអបអរសាទរទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរជូនលោក Lee Jae-myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោក Cho Jeong-sik ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក Lee Jae-myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោក Cho Jeong-sik ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ប្រធានព្រឹទ្ធសភាកម្ពុជា បានកោតសរសើរអំពីការអភិវឌ្ឍគួរកត់សម្គាល់របស់សាធារណរដ្ឋកូរ៉េ ទៅជាប្រទេសនាំមុខក្នុងពិភពលោក ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវេជ្ជសាស្ត្រ ដែលមិនត្រឹមតែផ្តល់ប្រយោជន៍ដ៏ធំធេងសម្រាប់ជាតិកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនៃតំបន់ទាំងមូលផងដែរ។

សម្ដេចតេជោ ចាត់ទុកសមិទ្ធផលដែលគួរឱ្យកោតសរសើរនេះ ឆ្លុះបញ្ចាំងនូវទស្សនវិស័យ និងការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់ថ្នាក់ដឹកនាំកូរ៉េ ក៏ដូចជាការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្ស និងអភិបាលកិច្ចល្អផងដែរ។ សម្ដេចជឿជាក់យ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េនឹងបន្តលើកកម្ពស់ការអភិវឌ្ឍជាតិកាន់តែខ្ពស់បន្ថែមទៀត ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ និងពិភពលោក។

ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា កម្ពុជាជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការបន្តរីកចម្រើននៃទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបន្តប្តេជ្ញាលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដើម្បីអត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។

នៅឆ្នាំ២០២៧ ខាងមុខនេះ កម្ពុជា និងសាធាណរដ្ឋកូរ៉េ នឹងឈានដល់ខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ នៃប្រទេសទាំងពីរ។ ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើការជិតស្និទ្ធជាមួយសាធាណរដ្ឋកូរ៉េ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសភា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ និងដើម្បីគាំទ្រសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់និងពិភពលោក៕

ខន ណារី AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា