គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើវឌ្ឍនភាពការងារ តម្រង់ទិសយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស។

ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានផ្តោតការពិនិត្យយ៉ាងហ្មត់ចត់លើសេចក្តីព្រាងផែនការរៀបចំដែនដីថ្នាក់ខេត្តចំនួន ៥ រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តកំពត និងខេត្តស្វាយរៀង។ ទន្ទឹមនេះ អង្គប្រជុំបានពិនិត្យទៅលើប្លង់គោលប្រើប្រាស់ដីក្រុងចំនួន ៤ គឺ ក្រុងកំពត ប៉ោយប៉ែត សិរិសោភ័ណ និងក្រុងអរិយក្សត្រ ព្រមទាំងប្លង់គោលប្រើប្រាស់ដីស្រុកចំនួន ៣ គឺ ស្រុកឈូក អូរយ៉ាដាវ និងស្រុកកែវសីមា ដើម្បីធានាបាននូវការបែងចែកដីធ្លីស្របតាមការអភិវឌ្ឍជាក់ស្តែង។

អង្គប្រជុំបានធ្វើការវាយតម្លៃយ៉ាងលម្អិតលើអត្រាកំណើនសេដ្ឋកិច្ចដែលបានរៀបចំឡើងដោយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដោយក្នុងនោះបានបង្ហាញថា ខេត្តខ្លះមានកំណើនសេដ្ឋកិច្ចខ្ពស់ ខណៈខេត្តខ្លះទៀតមានកម្រិតមធ្យម ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់លើតំបន់មានសក្តានុពល ដូចជាបណ្តាខេត្តជាប់សមុទ្រ និងខេត្តជាប់ព្រំដែនផងដែរ។ 

ទន្ទឹមនឹងវឌ្ឍនភាពនេះ អង្គប្រជុំក៏បានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មនៅមានភាពយឺតយ៉ាវ និងជារឿងពិបាកក្នុងការប៉ាន់ស្មាន ដូច្នេះដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើ អង្គប្រជុំបានសង្កត់ធ្ងន់លើសក្តានុពលនៃវិស័យកសិឧស្សាហកម្ម ដែលរួមមាន៖ រោងចក្រកៅស៊ូ រោងចក្រស្ករស និងរោងចក្រម្សៅមី ។ វិស័យទាំងនេះត្រូវបានចាត់ទុកថាជាកាតាលីករ និងជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំបន្ថែមទៀត។ 

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដាក់ចេញនូវទិសដៅណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា ដោយត្រូវឈរលើមូលដ្ឋានទិន្នន័យច្បាស់លាស់ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា