អាមេរិក ឈានដល់ការប្រើជម្រើសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតឡានរបស់ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ឈានដល់ការប្រើជម្រើសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតឡានរបស់ អ៊ីរ៉ង់

អាមេរិក ឈានដល់ការប្រើជម្រើសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតឡានរបស់ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ រដ្ឋបាលរបស់លោក Trump បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតរថយន្តព្រមជាមួយនឹង វិស័យផ្លូវដែករបស់អ៊ីរ៉ង់។ នេះបើយោងតាមការប្រកាស របស់ក្រសួងហិរញ្ញវត្ថុអាមេរិក ដែលជាផ្នែកមួយនៃការបង្កើនយុទ្ធនាការដាក់សំពាធសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ទៅលើទីក្រុងតេហេរ៉ង់។

ក្រសួងបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មនេះបានកំណត់គោលដៅ លើក្រុមហ៊ុនផលិតឡាន Iran Khodro (IKCO) និង ក្រុមហ៊ុន SAIPA ដោយអះអាងថា ក្រុមហ៊ុនអ៊ីរ៉ង់ទាំងពីរនេះគ្របដណ្តប់លើទីផ្សាររថយន្ត ក្នុងស្រុករបស់ទីក្រុងតេហេរ៉ង់ ជាង៩០%។

ក្រសួងហិរញ្ញវត្ថុក៏បានដាក់ទណ្ឌកម្ម លើក្រុមហ៊ុនផ្លូវដែកអ៊ីរ៉ង់ Islamic Republic of Iran Railway Company, ក្រុមហ៊ុនរថភ្លើងដឹកអ្នកដំណើរ Raja ព្រមទាំង ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក Sherkat-E Rah Ahan-E Khamle-O-Naghle ដែលត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនឯកជនឈានមុខគេ ក្នុងការដឹកជញ្ជូនទំនិញ។

កញ្ចប់ទណ្ឌកម្មដែលធ្វើឡើងបន្ទាប់ពីដាក់បំរាមលើអាកាសចរណ៍អ៊ីរ៉ង់នេះ ក៏បានកំណត់គោលដៅលើក្រុមហ៊ុនបរទេស នៅក្នុងប្រទេស ឥណ្ឌូណេស៊ី, អេមីរ៉ាត់ អារ៉ាប់រួម និង តួកគី ដែលផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតរថយន្តរបស់ ទីក្រុងតេហេរ៉ង់ ទៀតផង។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានមានប្រសាសន៍ថា សកម្មភាពនេះកំណត់គោលដៅដោយផ្ទាល់ ទៅលើអ្នកដែលជួយសម្រួលដល់សកម្មភាពរបស់អ៊ីរ៉ង់ និងត្រួសត្រាយផ្លូវសម្រាប់សហរដ្ឋអាមេរិក និងដៃគូរបស់ទីក្រុងវ៉ាស៊ីតោន ក្នុងការកាត់ផ្តាច់ប្រភពចំណូលរបស់ប្រទសឥស្លាមមួយ ឱ្យបានដាច់ស្រឡះ។

បើតាម reuters, អាមេរិកចាប់ផ្តើមប្តូរយុទ្ធសាស្ត្រសង្គ្រាម ពីការប្រយុទ្ធគ្នាទ្រង់ទ្រាយធំ មកជាការដាក់សំពាធសេដ្ឋកិច្ចដ៏ខ្លាំងបំផុតមិនធ្លាប់មាន ប្រឆាំងទៅលើ អ៊ីរ៉ង់ កាលពីថ្ងៃទី២៤ ខែសីហា។ ប្រតិបត្តិការនេះមានគោលបំណងកាត់ផ្តាច់ សកម្មភាពផ្តល់ហិរញ្ញវត្ថុរបស់ទីក្រុងតេហេរ៉ង់ សម្រាប់ធ្វើសង្គ្រាម, ការផលិតមីស៊ីល, ការវាយប្រហារតាមអ៊ីនធឺណិត និង សម្រាប់កងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC ។

យ៉ាងណាមិញ អ្នកវិភាគបានលើកឡើងថា ការពង្រីកការដាក់ទណ្ឌកម្មថ្មីៗចុងក្រោយនេះអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនអ៊ីរ៉ង់ធម្មតាទៅវិញទេ៕

ប្រភព ៖ reuters ប្រែសម្រួល ៖ សារ៉ាត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា