អាមេរិក បញ្ជូនសំណាញ់មេឃ Patriot បន្ថែមទៅការពារ អារ៉ាប៊ីសាអូឌីត និងកាតា ខណៈសង្គ្រាម អ៊ីរ៉ង់ ឈុតធំអាចផ្ទុះឡើងម្តងទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក បញ្ជូនសំណាញ់មេឃ Patriot បន្ថែមទៅការពារ អារ៉ាប៊ីសាអូឌីត និងកាតា ខណៈសង្គ្រាម អ៊ីរ៉ង់ ឈុតធំអាចផ្ទុះឡើងម្តងទៀត

អាមេរិក បញ្ជូនសំណាញ់មេឃ Patriot បន្ថែមទៅការពារ អារ៉ាប៊ីសាអូឌីត និងកាតា ខណៈសង្គ្រាម អ៊ីរ៉ង់ ឈុតធំអាចផ្ទុះឡើងម្តងទៀត

វ៉ាស៊ីនតោន ៖ យោធាអាមេរិកបានបញ្ជូនសំណាញ់មេឃ Patriot ចំនួន ២ ឈុតថែមទៀត ទៅការពារទីតាំងប្រេង និងឧស្ម័នធម្មជាតិនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងកាតា ខណៈសហរដ្ឋអាមេរិកអាចនឹងបំផ្ទុះសង្គ្រាមទ្រង់ទ្រាយធំម្តងទៀតជាមួយអ៊ីរ៉ង់ ។ នេះបើតាមការចេញផ្សាយរបស់កាសែត Axios កាលពីថ្ងៃព្រហស្បតិ៍ ។

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលការពារដែនអាកាស ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលស្ទាក់ចាប់ដ៏មានអនុភាពចំនួន ២ ប្រភេទ ។

ក្នុងនោះ មីស៊ីលស្ទាក់ចាប់ PAC-2 របស់សំណាញ់មេឃ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 អាចបាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។

មីស៊ីលស្ទាក់ចាប់របស់ប្រព័ន្ធខែលការពារដែនអាកាសនេះ មួយគ្រាប់ៗត្រូវចំណាយពេលផលិតយូរខែ ឬយូរឆ្នាំ ហើយមានតម្លៃចាប់ពី ២ ទៅ ៤ លានដុល្លារក្នុងមួយគ្រាប់ ។

បើតាម Anadolu, សំណាញ់មេឃ Patriot ទាំងពីរឈុត ដែលសហរដ្ឋអាមេរិកបានបញ្ជូនបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ានេះ ក្នុងនោះមួយឈុតត្រូវបានដាក់ពង្រាយទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីការពារទីតាំងប្រេងសំខាន់មួយកន្លែង ខណៈមួយឈុតទៀតបញ្ជូនទៅការពារទីតាំងឧស្ម័នធម្មជាតិនៅកាតា ។

ការដាក់ពង្រាយសំណាញ់មេឃ Patriot នេះ ធ្វើឡើងក្នុងគោលបំណងធានាដល់ប្រទេសទាំងពីរថា សហរដ្ឋអាមេរិកនឹងជួយការពារហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់ពួកគេ ប្រសិនបើលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump សម្រេចចិត្តបន្តប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ។

ព័ត៌មានដ៏រសើបនេះលេចឡើង ចំពេលដែលក្រសួងការពារជាតិអាមេរិក ត្រូវបានរាយការណ៍ថា កំពុងបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទី៣ និងនាវាចម្បាំងរបស់កងម៉ារីនបន្ថែមទៅកាន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យចំនួនកងទ័ពអាមេរិកឈរជើងនៅទីនោះ កើនឡើងពី ៩ ពាន់ទៅ ១ ម៉ឺននាក់ ។

ការបង្កើនកម្លាំងយោធានេះទៀតសោត ធ្វើឡើងក្រោយសហរដ្ឋអាមេរិកបានច្រានចោលសំណើបើកច្រកសមុទ្រ Hormuz ឡើងវិញចំនួន ៧ ថ្ងៃរបស់អ៊ីរ៉ង់ និងកំពុងពិចារណាបន្តវាយប្រហារឈុតធំប្រឆាំងនឹងទីក្រុងតេហេរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិបញ្ចប់ ប្រសិនបើការចរចាមិនទទួលបានកិច្ចព្រមព្រៀង ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា