ជប៉ុន ពិចារណាផ្ទេរសំណាញ់មេឃ Patriot ទៅកាន់ប្រទេសអ៊ុយក្រែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ពិចារណាផ្ទេរសំណាញ់មេឃ Patriot ទៅកាន់ប្រទេសអ៊ុយក្រែន

ជប៉ុន ពិចារណាផ្ទេរសំណាញ់មេឃ Patriot ទៅកាន់ប្រទេសអ៊ុយក្រែន

កៀវ ៖ ជប៉ុនមានគម្រោងបន្តការពិភាក្សាឡើងវិញ អំពីការផ្តល់ ឬ លក់អាវុធ ទៅឱ្យអ៊ុយក្រែន ជាពិសេសគឺ មីស៊ីលស្ទាក់ចាប់ ឬ interceptor missiles សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot។ នេះបើតាមការអះអាងរបស់ លោក Itsunori Onodera សមាជិកសភាជប៉ុន អំឡុងពេលបំពេញទស្សនកិច្ច នៅទីក្រុងកៀវ។

លោក Itsunori Onodera សមាជិកសភាជប៉ុន មកពីគណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ LDP ដែលកំពុងកាន់អំណាច និង ជាអតីតរដ្ឋមន្ត្រីការពារជាតិជប៉ុន បានលើកឡើងពីបញ្ហានេះ នៅក្នុងការផ្តល់បទសម្ភាសន៍ ជាមួយសារព័ត៌មាន RBC-Ukraine នៅក្រៅដំណើរទស្សនកិច្ច កាលពីថ្ងៃសុក្រ។

លោក Onodera បានកត់សម្គាល់ថា «មានការរឹតបន្តឹងផ្នែកច្បាប់មួយចំនួន នៅក្នុងប្រទេសជប៉ុន ក៏ដូចជា ការរឹតបន្តឹងនៅកម្រិតគោលនយោបាយរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី យើងមានបំណងចាប់ផ្តើមការពិភាក្សាផ្ទៃក្នុងរដ្ឋាភិបាល អំពីជំហានបន្ទាប់ ដោយប្រើប្រាស់ដំណើរទស្សនកិច្ចនេះជាកត្តាជំរុញ»។

បើតាម militarnyi, បញ្ហានេះពាក់ព័ន្ធជាចម្បងទៅនឹងច្បាប់របស់ជប៉ុនស្តីពីការនាំចេញឧបករណ៍ការពារជាតិ។ ច្បាប់ទាំងនេះត្រូវបានគេស្គាល់ថាជា «គោលការណ៍ទាំងបីស្តីពីការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ»។

យ៉ាងណា នៅខែមេសា ឆ្នាំ២០២៦ គោលការណ៍ទាំងនេះត្រូវបានកែសម្រួល និងបន្ធូរបន្ថយយ៉ាងខ្លាំង ប៉ុន្តែ ការរឹតបន្តឹងនានាមិនបានបាត់បង់ទាំងស្រុងនោះទេ។ ច្បាប់ទាំងនោះនៅតែរក្សាវិធីសាស្រ្តប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្ទេរអាវុធដែលផលិតរួចរាល់ ទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម។

ជប៉ុនផលិតមីស៊ីលស្ទាក់ចាប់ប្រភេទ PAC-3 សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ក្រោមអាជ្ញាប័ណ្ណរបស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុន Mitsubishi Heavy Industries គឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសជប៉ុន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការផលិតមីស៊ីលប្រភេទនេះ។ សហគ្រាសនេះក៏ជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល សម្រាប់គ្រឿងបន្លាស់មីស៊ីល Patriot ផងដែរ។

គិតត្រឹមថ្ងៃទី២ ខែតុលា, ជប៉ុនមានប្រព័ន្ធការពារដែនអាកាស Patriot ចំនួន ២៤ ឈុត ដែលកំពុងដំណើរការ ដោយមានឧបករណ៍បាញ់ ឬ launchers សរុបប្រហែល ១២០ គ្រឿង។

ថ្មីៗនេះ រដ្ឋាភិបាលជប៉ុនទើបបានបញ្ជាទិញមីស៊ីល PAC-3 MSE ពីក្រុមហ៊ុន Mitsubishi ក្នុងតម្លៃ ២៧៥ លានដុល្លារ៕

ប្រភព ៖ militarnyi ប្រែសម្រួល ៖ សារ៉ាត

Kien Sereyvuth

IT Technical Support

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា