រដ្ឋអាជ្ញាព័រទុយហ្គាល់ ស៊ើបអង្កេតរដ្ឋាភិបាលជុំវិញការឱ្យអាមេរិកប្រើមូលដ្ឋានទ័ពប្រឆាំងអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋអាជ្ញាព័រទុយហ្គាល់ ស៊ើបអង្កេតរដ្ឋាភិបាលជុំវិញការឱ្យអាមេរិកប្រើមូលដ្ឋានទ័ពប្រឆាំងអ៊ីរ៉ង់

រដ្ឋអាជ្ញាព័រទុយហ្គាល់ ស៊ើបអង្កេតរដ្ឋាភិបាលជុំវិញការឱ្យអាមេរិកប្រើមូលដ្ឋានទ័ពប្រឆាំងអ៊ីរ៉ង់

លីសបោន ៖ ប្រទេស ព័រទុយហ្គាល់ ប្រកាសបើកការស៊ើបអង្កេតលើភាពស្របច្បាប់នៃការប្រើប្រាស់មូលដ្ឋាន Lajes ពីសំណាក់សហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ នេះបើតាមការបញ្ជាក់របស់រដ្ឋអាជ្ញា កាលពីថ្ងៃសៅរ៍។

រដ្ឋអាជ្ញាព័រទុយហ្គាល់បាននិយាយថា ពួកគេបានបើកការស៊ើបអង្កេតលើភាពស្របច្បាប់នៃការអនុញ្ញាតរបស់រដ្ឋាភិបាល ដែលមាននិន្នាការកណ្តាល-ស្តាំ ជុំវិញការអនុញ្ញាឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាស Lajes នៅតំបន់ Azores ក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់ បន្ទាប់ពីមានពាក្យបណ្តឹងពីគណបក្សប្រឆាំង។

បើតាម straitstimes, កិច្ចព្រមព្រៀងរយៈពេលយូរជាមួយសហរដ្ឋអាមេរិកអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់មូលដ្ឋាននេះដោយមិនចាំបាច់មានការអនុញ្ញាតជាមុន ក្នុងពេលសន្តិភាព ប៉ុន្តែ តម្រូវឱ្យព័រទុយហ្គាល់ផ្តល់ការយល់ព្រមនៅពេលដែលអរិភាពចាប់ផ្តើម។

មិនដូចប្រទេសជិតខាង អេស្ប៉ាញ, ប្រទេសព័រទុយហ្គាល់បានអនុញ្ញាតឱ្យមានជើងហោះហើរឆ្លងកាត់ជាច្រើនរបស់សហរដ្ឋអាមេរិក តាមរយៈមូលដ្ឋានទ័ពអាកាស Lajes ដែលជាការសម្រេចចិត្តមួយ បង្កឱ្យមានការរិះគន់ពីគណបក្សប្រឆាំង ដែលមាននិន្នាការឆ្វេងនិយម និងបង្កឱ្យមានការជជែកដេញដោលផ្នែកនយោបាយអំពីតួនាទីរបស់ទីក្រុងលីសបោន នៅក្នុងប្រតិបត្តិការដែលពាក់ព័ន្ធនឹងជម្លោះជាមួយអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យអគ្គរដ្ឋអាជ្ញាបាននិយាយថា «ការស៊ើបអង្កេតត្រូវបានបើកឡើង បន្ទាប់ពីមានពាក្យបណ្តឹងដែលដាក់ដោយសមាជិកនៃគណបក្ស Left Bloc ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។

គណបក្ស Left Bloc បានស្នើឱ្យរដ្ឋអាជ្ញាស៊ើបអង្កេតការប្រើប្រាស់មូលដ្ឋាន Lajes ដោយសហរដ្ឋអាមេរិកកាលពីខែមេសា ដោយអះអាងថា «វាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេស លោក Paulo Rangel បាននិយាយថា ប្រទេសព័រទុយហ្គាល់មិនបានពាក់ព័ន្ធនឹងជម្លោះនេះទេ ហើយការប្រើប្រាស់មូលដ្ឋាន Lajes គឺស្របតាមច្បាប់អន្តរជាតិ ដោយការអនុញ្ញាតត្រូវបានផ្តល់ឱ្យតែបន្ទាប់ពីមានការធានាពីទីក្រុងវ៉ាស៊ីនតោនថា រាល់ប្រតិបត្តិការនឹងមានលក្ខណៈការពារខ្លួន ចាំបាច់ និងសមាមាត្រ ហើយត្រូវបានកំណត់ត្រឹមតែគោលដៅយោធាប៉ុណ្ណោះ។

មូលដ្ឋាន Lajes ដែលស្ថិតនៅក្នុងប្រជុំកោះ Azores របស់ប្រទេសព័រទុយហ្គាល់ មានទីតាំងនៅមហាសមុទ្រអាត្លង់ទិក គឺជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់ជាយុទ្ធសាស្ត្រសម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ក្រោមសន្ធិសញ្ញាការពារជាតិទ្វេភាគី ដែលមានតាំងពីឆ្នាំ ១៩៥១ មកម្ល៉េះ។

មូលដ្ឋាននេះក៏ជាទីតាំងរបស់កងពលតូចអាកាសចរណ៍ទី៦៥ ឬ 65th Air Base Wing នៃកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលផ្តល់ការគាំទ្រដល់ប្រតិបត្តិការនានារបស់សហរដ្ឋអាមេរិក អង្គការណាតូ (NATO) និងសម្ព័ន្ធមិត្ត៕

ប្រភព ៖ straitstimes, ប្រែសម្រួល ៖ សារ៉ាត

Kien Sereyvuth

IT Technical Support

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា