ប្លុក G7 បញ្ចេញស្តុកប្រេងឆៅ និង ម៉ាស៊ូត រាប់លានបារ៉ែល ជួយទម្លាក់តម្លៃជាសកល ក្រោយលោក ត្រាំ គំរាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្លុក G7 បញ្ចេញស្តុកប្រេងឆៅ និង ម៉ាស៊ូត រាប់លានបារ៉ែល ជួយទម្លាក់តម្លៃជាសកល ក្រោយលោក ត្រាំ គំរាម

ប្លុក G7 បញ្ចេញស្តុកប្រេងឆៅ និង ម៉ាស៊ូត រាប់លានបារ៉ែល ជួយទម្លាក់តម្លៃជាសកល ក្រោយលោក ត្រាំ គំរាម

បរទេស ៖ ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧លើពិភពលោក ហៅកាត់ G7 កាលពីថ្ងៃសៅរ៍ បានប្រកាសថា ប្រេងឆៅ និងប្រេងម៉ាស៊ូតចំនួន ១០០លានបារ៉ែលនឹងត្រូវបញ្ចេញ ក្រោមហេតុផលថា ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ដែលបានធ្វើឱ្យតម្លៃហក់ឡើងខ្ពស់ នៅពាសពេញពិភពលោក។ ប៉ុន្តែ ការសម្រេចចិត្តនេះ បានធ្វើឡើង បន្ទាប់ពីមានការគំរាមកំហែងពីលោក Donald Trump ប្រធានាធិបតីអាមេរិក។

ការប្រកាសបញ្ចេញស្តុកដ៏ច្រើននេះ បានធ្វើឡើង អំឡុងកិច្ចប្រជុំរបស់ ក្រុម G7 ដែលរួមមាន សហរដ្ឋអាមេរិក អង់គ្លេស កាណាដា ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី និង បារាំង ខណៈដែលសហភាពអឺរ៉ុប ឬ EU ក៏មានតំណាងចូលរួមផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ, G7 រៀបរាប់ថា «យើងនឹងអនុវត្តការប្តេជ្ញាចិត្ត តាមរយៈការបញ្ចេញប្រេងចំនួន ១០០ លានបារ៉ែល ដោយមានការសម្របសម្រួលជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដែលនឹងចាប់ផ្តើមភ្លាមៗ ក្នុងរយៈពេល ៤ ខែ រួមទាំងការបញ្ចេញប្រេងម៉ាស៊ូតក្នុងបរិមាណច្រើន នៅដំណាក់កាលបឋម ក្នុងរយៈពេល ២០ ថ្ងៃដំបូង ដោយសមាជិកក្រុម G7 និងដៃគូ»។

បើតាម BBC, បរិមាណប្រេងចំនួន ១០០ លានបារ៉ែលនេះ នឹងរួមបញ្ចូលនូវល្បាយនៃប្រេងម៉ាស៊ូត និងប្រេងឆៅ។

តម្លៃប្រេងឆៅ Brent ដែលជាស្តង់ដារពិភពលោក បានធ្លាក់ចុះមកនៅក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែល រយៈខ្លី ប៉ុន្តែ បានកើនឡើងវិញ មកដល់កម្រិតប្រហែល ១០២ ដុល្លារ នៅល្ងាចថ្ងៃសុក្រ។

មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឈ្លានពានអ៊ីរ៉ង់ តម្លៃប្រេងនេះមានការជួញដូរនៅកម្រិតប្រហែល ៧៣ ដុល្លារ។

វិធានការរបស់ G7 ក្នុងការប្រកាសបញ្ចេញស្តុកប្រេងឆៅ និងម៉ាស៊ូតរាប់លានបារ៉ែលទាំងនេះ បានដាក់ចេញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានថា លោកនឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតពីសហរដ្ឋអាមេរិក ប្រសិនបើប្រទេសនានានៅអឺរ៉ុបមិនយល់ព្រមបញ្ចេញស្តុកប្រេងរបស់ខ្លួនបន្ថែមទៀតទៅក្នុងទីផ្សារ។

ប្រេងម៉ាស៊ូតត្រូវបានប្រើប្រាស់យ៉ាងច្រើន នៅក្នុងវិស័យដឹកជញ្ជូនទំនិញ និងវិស័យកសិកម្ម ដែលមានន័យថា ការកើនឡើងនៃតម្លៃប្រេងនេះនឹងជះឥទ្ធិពលដល់តម្លៃទំនិញចាំបាច់នានា ដូចជា ស្បៀងអាហារជាដើម៕

ប្រភព ៖ BBC ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា