ព្រះមហាក្សត្រអំពាវនាវដល់ជនរួមជាតិ ជាពិសេសអាណាព្យាបាល សិស្សានុសិស្ស សូមបន្តចូលរួមគាំទ្រ លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់ដល់បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គ្រូបង្រៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រអំពាវនាវដល់ជនរួមជាតិ ជាពិសេសអាណាព្យាបាល សិស្សានុសិស្ស សូមបន្តចូលរួមគាំទ្រ លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់ដល់បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គ្រូបង្រៀន

ព្រះមហាក្សត្រអំពាវនាវដល់ជនរួមជាតិ ជាពិសេសអាណាព្យាបាល សិស្សានុសិស្ស សូមបន្តចូលរួមគាំទ្រ លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់ដល់បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គ្រូបង្រៀន

តាមរយៈព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ទិវាគ្រូបង្រៀន គឺជាទិវាដ៏មានសារៈសំខាន់មួយ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បី រំលឹកនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបាន លះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មកសាងធនធានមនុស្សដ៏មាន តម្លៃសម្រាប់ប្រទេសជាតិ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ព្រះអង្គសូមសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ដែលបានស្ដារ និងកសាងសង្គមជាតិ តាមរយៈ ការបង្ហាត់បង្រៀន និងអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។ ការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការផ្តល់ចំណេះដឹង តម្រង់ទិស បណ្តុះស្មារតី និងគំនិត ព្រមទាំង បណ្តុះសីលធម៌ គុណធម៌ និងគុណតម្លៃដល់សិស្សានុសិស្ស និងនិស្សិត គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនរបស់សង្គមជាតិ។

ព្រះមហាក្សត្រក៏សូមលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងខិតខំអភិវឌ្ឍចំណេះដឹង សមត្ថភាព និងជំនាញវិជ្ជាជីវៈជាប្រចាំ ឱ្យស្របតាមការវិវត្តនៃសង្គម បច្ចេកវិទ្យា និងតម្រូវការរបស់យុវជន ជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ព្រះអង្គសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសអាណាព្យាបាល សិស្សានុសិស្ស សូមបន្តចូលរួមគាំទ្រ លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់ដល់បេសកកម្មដ៏ឧត្តុង្គឧត្តម របស់គ្រូបង្រៀន ព្រោះការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលើក កម្ពស់គុណភាពអប់រំ និងកសាងធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងសក្តានុពល ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព៕
ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា