វត្តដំបូកខ្មៅលើភ្នំត្បែង ពុំសូវមានពុទ្ធបរិស័ទទៅដល់ក្នុងរដូវភ្ជុំបិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តដំបូកខ្មៅលើភ្នំត្បែង ពុំសូវមានពុទ្ធបរិស័ទទៅដល់ក្នុងរដូវភ្ជុំបិណ្ឌ

វត្តដំបូកខ្មៅលើភ្នំត្បែង ពុំសូវមានពុទ្ធបរិស័ទទៅដល់ក្នុងរដូវភ្ជុំបិណ្ឌ

ក្នុងពេលដែលវត្តអារាមនានាកំពុងមានពុទ្ធបរិស័ទ និងពលរដ្ឋច្រើនកុះករ វត្តដំបូកខ្មៅលើខ្នងភ្នំត្បែងដាច់ស្រយាល ក្នុងខេត្តព្រះវិហារ បែរជាកំពុងស្ងាត់ជ្រងំ ក្នុងរដូវភ្ជុំបិណ្ឌនេះ។

ស្ថិតនៅលើខ្នងភ្នំខ្ពស់ដាច់ស្រយាលនៃខេត្តព្រះវិហារ វត្តដំបូកខ្មៅ កំពុងមានភាពស្ងប់ស្ងាត់ ក្នុងរដូវភ្ជុំបិណ្ឌនេះ ដោយសារពុំសូវមានពុទ្ធបរិស័ទធ្វើដំណើរឡើងទៅដល់។
​
ព្រះតេជគុណ សេង កំពូល ចៅអធិការវត្តដំបូកខ្មៅ មានថេរដីកាថា ចាប់តាំងពីថ្ងៃកាន់បិណ្ឌមក ស្ទើរតែគ្មានពុទ្ធបរិស័ទឡើងប្រគេនចង្ហាន់ដល់វត្តលើភ្នំនេះឡើយ ដោយសារការធ្វើដំណើរឡើងចុះមានការលំបាក ហើយបញ្ហានេះបានកើតឡើងជារៀងរាល់ឆ្នាំ។

បើតាមព្រះអង្គ វត្តលើភ្នំនេះមានជណ្តើរ ១ ៣៤៥កាំ ដែលត្រូវចំណាយពេលឡើងពី ៣០ ទៅ ៤០នាទី ធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ពិបាកធ្វើដំណើរឡើងចុះ ខណៈបច្ចុប្បន្នមានព្រះសង្ឃគង់នៅចំនួន ៣ អង្គ។

ដោយសារភ្នំត្បែងជាទីសក្ការៈបុរាណ និងជាតំបន់បេតិកភណ្ឌធម្មជាតិពោរពេញដោយសត្វកម្រ និងជីវៈចម្រុះ ទាក់ទាញភ្ញៀវទេសចរជាច្រើន ព្រះចៅអធិការវត្តដំបូកខ្មៅមានថេរដីកាថា ទោះបីជាមានការខ្វះខាតខ្លះ ប៉ុន្តែវត្តនៅមានចង្ហាន់គ្រប់គ្រាន់នៅឡើយ ដោយសារបានបច្ច័យ និងស្បៀងអាហារទ្រទ្រង់ពីភ្ញៀវទេសចរដែលមកកម្សាន្ត។

ព្រះតេជគុណ សេង កំពូល បានអំពាវនាវដល់ពុទ្ធបរិស័ទឱ្យចូលរួមធ្វើបុណ្យនៅវត្តដំបូកខ្មៅ ដើម្បីរួមចំណែកកសាងវត្ត និងធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ព្រះអង្គបន្ថែមថា ក្រៅពីបានធ្វើបុណ្យ ពលរដ្ឋដែលឡើងមកកាន់ទីនេះ ក៏អាចទស្សនាកម្សាន្តជាមួយធម្មជាតិ និងសត្វព្រៃជាច្រើនទៀតផង។

មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា ភ្នំត្បែងជាគោលដៅដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរ ដោយសារតំបន់នោះសម្បូរទៅដោយធនធានធម្មជាតិ មានតំបន់ទឹកធ្លាក់ជាច្រើនកន្លែង តាមដំណាក់នៃភ្នំ លាយឡំនឹងធម្មជាតិបៃតងស្រស់ស្អាតគ្រប់រដូវកាល និងជាតំបន់មានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ជាពិសេសជាជម្រកសត្វព្រៃជាច្រើនប្រភេទផងដែរ ។
​
ភ្នំ​ត្បែង គឺជាតំបន់ការពារធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដាក់ចូល​ជា​តំបន់​បេតិកភណ្ឌ​ជាតិ នៅ​ថ្ងៃទី​១៣​ ខែកញ្ញា ឆ្នាំ​២០១៦។

ដូច្នេះ បើលោកអ្នកចង់ទៅធ្វើបុណ្យ និងដើរលេងកម្សាន្តក្នុងរដូវកាន់បិណ្ឌផង វត្តដំបូកខ្មៅលើភ្នំត្បែងអាចជាជម្រើសល្អមួយ។ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យសាសនាធំជាងគេ​មួយចំពោះអ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជា។ ពិធីបុណ្យឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ​៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា