កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន និងទទួលទីម័រឡេស្តេជាសមាជិកថ្មីទី១១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន និងទទួលទីម័រឡេស្តេជាសមាជិកថ្មីទី១១

កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន និងទទួលទីម័រឡេស្តេជាសមាជិកថ្មីទី១១


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
 
កម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះលើកទី២រៀបចំព្រឹត្តិការណ៍មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) បន្ទាប់ពីលើកទី១ បានធ្វើឡើងនៅឆ្នាំ២០១៩។ មហាសន្និបាត VECONAC លើកទី២៥នេះ គឺជាវេទិកាយ៉ាងសំខាន់សម្រាប់អតីតយុទ្ធជនក្នុងតំបន់ ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ដើម្បីលើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងជំរុញការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសហគមន៍អាស៊ាន។
 
ព្រឹត្តិការណ៍លើកនេះត្រូវបានកត់សម្គាល់ដោយការទទួលស្គាល់ និងបញ្ចូល «ក្រុមប្រឹក្សាអ្នកតស៊ូរំដោះជាតិ» នៃប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកថ្មីទី១១ របស់សហព័ន្ធ។ ការពង្រីកសមាជិកភាពនេះបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើន និងស្មារតីរួបរួមគ្នាក្នុងការថែរក្សាសន្តិភាព និងការលើកកម្ពស់គុណភាពជីវិតរបស់អតីតយុទ្ធជននៅទូទាំងតំបន់។
​
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា មហាសន្និបាតលើកទី២៥នេះ នឹងក្លាយជាបង្គោលចរក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនៃអតីយុទ្ធជនបណ្តាប្រទេសអាស៊ាន និងបន្តលើកកម្ពស់តួនាទីរបស់មហាសន្និបាតឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។
 
បង្កើតឡើងនៅឆ្នាំ១៩៨០ សហព័ន្ធអតីតយុទ្ធជនអាស៊ាន បានដើរតួនាទីយ៉ាងសកម្មអស់រយៈពេលជាង ៤ទសវត្សរ៍ ក្នុងការផ្ដល់ជំនួយមនុស្សធម៌ ការអភិវឌ្ឍជំនាញ និងការគាំទ្រគ្នាទៅវិញទៅមក។ ដោយឡែក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានចូលជាសមាជិកតាំងពីឆ្នាំ២០១០ ក៏បានបំពេញបេសកកម្មយ៉ាងសកម្មក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេនសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC)។
 
ក្នុងក្របខណ្ឌនៃមហាសន្និបាតលើកទី២៥ នេះ អង្គប្រជុំបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ ដោយបានពិនិត្យ និងឯកភាពលើសំណើសំខាន់ៗចំនួន ៩ ដើម្បីដាក់ជូនមហាសន្និបាតអនុម័ត សំដៅបង្កើនប្រសិទ្ធភាពការងារគាំពារអតីតយុទ្ធជន។ បន្ថែមពីនេះ ក៏មានការរៀបចំវេទិកាធុរកិច្ចដឹកនាំដោយសហប្រធានមកពីសិង្ហបុរី វៀតណាម និងកម្ពុជា ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន ដើម្បីជំរុញការតាំងបង្ហាញផលិតផល ពាណិជ្ជកម្ម និងការវិនិយោគ សំដៅបង្កើតប្រភពចំណូលសម្រាប់គាំទ្រដល់សុខុមាលភាពអតីតយុទ្ធជន និងនិវត្តជននាពេលខាងមុខ៕ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា