ក្រសួងអប់រំចាត់ទុកគ្រូបង្រៀនជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំចាត់ទុកគ្រូបង្រៀនជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១

ក្រសួងអប់រំចាត់ទុកគ្រូបង្រៀនជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១

ក្នុងឱកាសនៃការប្រារព្ធទិវាគ្រូបង្រៀនឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បន្តរួមគ្នាលើកកម្ពស់តួនាទីដ៏សំខាន់របស់គ្រូបង្រៀន ក្នុងការសម្រួចអ្នកសិក្សាសតវត្សទី២១។

ទិវាគ្រូបង្រៀនត្រូវបានប្រារព្វឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»។

ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានពន្យល់ថា ប្រធានបទ នេះឆ្លុះបញ្ចាំងអំពីតួនាទីស្នូលរបស់គ្រូបង្រៀន ក្នុងការបណ្តុះសម្បទាគ្រប់ជ្រុងជ្រោយដល់យុវជន ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោក ដែលកំពុងប្រែប្រួលឥតឈប់ឈរ។

ឯកឧត្តមលើកឡើងថា យើងទាំងអស់គ្នាកំពុងរស់នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលមានបច្ចេកវិទ្យាឌីជីថល អ៊ុនធឺណិត បញ្ញាសិប្បនិម្មិត AI និង Big Data ព្រមទាំងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន សន្តិសុខស្បៀង និងបញ្ហាសង្គមជាច្រើនទៀត។

ក្នុងបរិបទនេះ ចំណេះដឹងមិនមានភាពថេរដូចកាលពីមុនទៀតទេ។ ការងារមួយចំនួនកំពុងត្រូវបានបច្ចេកវិទ្យា និងម៉ាស៊ីនជំនួស ខណៈការងារថ្មីៗក៏កំពុងកើតឡើង។ ដូច្នេះ សាលារៀនមិនអាចផ្តោតត្រឹមតែដំណើរការផ្ទេរចំណេះដឹងពីគ្រូទៅសិស្ស ឬការរៀនសូត្រ ដើម្បីតែប្រឡងនោះទេ។

រដ្ឋមន្រ្តីក្រសួងអប់រំបានសង្កត់ធ្ងន់លើសារសំខាន់នៃការរៀបចំសិស្សឱ្យមានសមត្ថភាពគិតវិភាគ ដោះស្រាយបញ្ហា ចេះសហការជាមួយអ្នកដទៃ ធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព មានភាពច្នៃប្រឌិត មានទំនួលខុសត្រូវ និងអាចរៀនដោយខ្លួនឯង។ បំណិនទាំងអស់នេះ គឺជាសមត្ថភាពសំខាន់ៗសម្រាប់ការរស់នៅ ការងារ និងការចូលរួមក្នុងសង្គមសតវត្សទី២១។

ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ពីការវិនិយោគលើគ្រូបង្រៀនជាបន្តបន្ទាប់ មិនត្រឹមតែតាមរយៈការបណ្តុះបណ្តាលគ្រូដំបូងប៉ុណ្ណោះទេ ប៉ុន្តែត្រូវធ្វើឡើងពេញមួយអាជីពការងាររបស់ពួកគេផងដែរ។ ការរៀនសូត្រដើម្បីអភិវឌ្ឍវិជ្ជាជីវៈគួរតែមានលក្ខណៈអនុវត្តជាក់ស្តែង មានការសហការគ្នា មានភាពបន្តជាប់លាប់ និងផ្សារភ្ជាប់ទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងថ្នាក់រៀន។

សម្រាប់ឯកឧត្តម គ្រូបង្រៀនបច្ចុប្បន្នមិនគួរត្រឹមតែជាអ្នកផ្តល់ចំណេះដឹងនោះទេ។ គ្រូបង្រៀនត្រូវក្លាយជាអ្នកច្នៃប្រឌិត អ្នកណែនាំ អ្នកជំរុញទឹកចិត្ត អ្នកបំភ្លឺ និងជាអ្នកជំរុញការផ្លាស់ប្តូរ។ គ្រូបង្រៀនត្រូវបង្កើតបរិយាកាស ដែលសិស្សអាចសួរសំណួរ ស្វែងរកចម្លើយ ពិភាក្សា សហការ ស្រាវជ្រាវ សាកល្បង និងរៀនពីបទពិសោធន៍របស់ខ្លួន។

របាយការណ៍វិភាគលទ្ធផលវាយតម្លៃជាអន្តរជាតិនៃការសិក្សារបស់សិស្ស PISA 2025 បង្ហាញថា សាលារៀននៅកម្ពុជាមានពិន្ទុកើនឡើងខ្ពស់ផ្នែកអំណាន គណិតវិទ្យា និងវិទ្យាសាស្ត្រ។ លទ្ធផលនេះជាសញ្ញាវិជ្ជមានបញ្ជាក់ថា គ្រូបង្រៀននៅកម្ពុជាមានការត្រៀមលក្ខណៈ និងទទួលបានការគាំទ្រកាន់តែប្រសើរលើការបង្រៀន ក្នុងថ្នាក់រៀន និងកំពុងកសាងមូលដ្ឋានគ្រឹះរឹងមាំដល់យុវជនសម្រាប់សតវត្សរ៍ទី ២១៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា