អ៊ីរ៉ង់ ប្រាប់ អាមេរិក ថា «បើយើងនៅតែប្រយុទ្ធគ្នា គឺមិនអាចបញ្ចប់សង្គ្រាមបានទេ» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្រាប់ អាមេរិក ថា «បើយើងនៅតែប្រយុទ្ធគ្នា គឺមិនអាចបញ្ចប់សង្គ្រាមបានទេ»

អ៊ីរ៉ង់ ប្រាប់ អាមេរិក ថា «បើយើងនៅតែប្រយុទ្ធគ្នា គឺមិនអាចបញ្ចប់សង្គ្រាមបានទេ»

តេហេរ៉ង់ ៖ មន្ត្រីការទូតជាន់ខ្ពស់របស់អ៊ីរ៉ង់បានអះអាងយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃអាទិត្យថា នឹងមិនមានដំណោះស្រាយតាមផ្លូវយោធា សម្រាប់សង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះទេ ខណៈដែលការចរចាប៉ុនប៉ងបញ្ចប់ជម្លោះហាក់ដូចជាកំពុងជាប់គាំង។

លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងនៅក្នុងកិច្ចប្រជុំ ជាមួយឯកអគ្គរដ្ឋទូតបរទេសថា «ប្រសិនបើពួកសត្រូវរបស់យើងជ្រើសរើសផ្លូវនៃការប្រឈមមុខដាក់គ្នាផ្នែកយោធាម្តងទៀតនោះ ការឆ្លើយតបរបស់យើងនឹងខ្លាំងក្លាជាងមុន ហើយយើងនឹងការពារខ្លួនដោយកម្លាំងខ្លាំងក្លាជាងមុនទៅទៀត»។

លោកបានបន្តថា «គ្មានដំណោះស្រាយតាមផ្លូវយោធា ឬ ដំណោះស្រាយណាមួយដែលផ្អែកលើការដាក់ទណ្ឌកម្ម ថ្មីៗនោះទេ» ដោយបន្ថែមថា «មានតែការចរចាដែលផ្អែកលើយុត្តិធម៌ និងសមធម៌ប៉ុណ្ណោះ» ទើបអាចបញ្ចប់ជម្លោះនេះបាន។

បើតាម CNA, ភាគីទាំងពីរបានឯកភាពលើអនុស្សរណៈនៃការយោគយល់គ្នាមួយកាលពីខែមិថុនា ដែលបានកំណត់ក្របខ័ណ្ឌសម្រាប់ដំណោះស្រាយអចិន្ត្រៃយ៍ ប៉ុន្តែ ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើនាវាផ្សេងៗនៅច្រកសមុទ្រហ័រមូស បានជំរុញឱ្យមានការវិលត្រឡប់ទៅរកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកវិញ។

អ៊ីរ៉ង់បានព្យាយាមដាក់ការគ្រប់គ្រងរបស់ខ្លួនលើផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់នេះ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមមក ដោយបានវាយប្រហារទៅលើនាវាទាំងឡាយណាដែលព្យាយាមធ្វើដំណើរឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីខ្លួន។

ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានកាត់បន្ថយប្រតិបត្តិការយោធា ដើម្បីងាកមកប្រើប្រាស់សម្ពាធសេដ្ឋកិច្ចវិញ។

ចំណុចចម្រូងចម្រាសដ៏សំខាន់នៅតែជាការប៉ុនប៉ងរបស់អ៊ីរ៉ង់ក្នុងការបិទផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័នពីតំបន់ឈូងសមុទ្រ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា