ស្ពានថ្មបុរាណនៅកណ្តាលរាជធានីអង្គរ បង្ហាញពីស្នាដៃវិស្វកម្ម និងបេតិកភណ្ឌរស់ឆ្លងសម័យកាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពានថ្មបុរាណនៅកណ្តាលរាជធានីអង្គរ បង្ហាញពីស្នាដៃវិស្វកម្ម និងបេតិកភណ្ឌរស់ឆ្លងសម័យកាល

ស្ពានថ្មបុរាណនៅកណ្តាលរាជធានីអង្គរ បង្ហាញពីស្នាដៃវិស្វកម្ម និងបេតិកភណ្ឌរស់ឆ្លងសម័យកាល

ស្ពានថ្ម គឺជាសំណង់អច្ឆរិយបុរាណដ៏កម្រ និងមានតម្លៃប្រវត្តិសាស្ត្រខ្ពស់មួយ ស្ថិតនៅភាគខាងលិចប្រាសាទតាកែវ ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។ ស្ពានប្រវត្តិសាស្ត្រនេះ គឺជាសក្ខីភាពរស់មួយនៃបដិសន្ធិឡើងវិញរបស់វិស្វកម្មសាងសង់ស្ពានខ្មែរ ហើយក៏ជាស្ពានបុរាណដ៏សំខាន់ ដែលនៅបន្តបន្សល់ទម្រង់រូបរាងយ៉ាងរឹងមាំរហូតមកដល់បច្ចុប្បន្ន ទោះបីជាមានអាយុកាលជិត ១ពាន់ឆ្នាំទៅហើយក្តី។
 
យោងតាមឯកសារ ដើមឡើយទីតាំងនេះជាខ្សែផ្លូវប្រវត្តិសាស្ត្រយ៉ាងសំខាន់ ភ្ជាប់ចេញពីក្រុងអង្គរធំតាមទ្វារជ័យ ឆ្ពោះទៅកាន់បារាយណ៍ខាងកើត និងដែនដីភាគខាងកើតនៃចក្រភព ដោយមានស្ពានឈើសម្រាប់ឆ្លងកាត់ស្ទឹងសៀមរាប។ លុះមកដល់សតវត្សរ៍ទី១៧ ស្ពានថ្មនេះត្រូវបានសាងសង់ឡើងវិញនៅត្រង់ទីតាំងស្ពានឈើចាស់ ដោយការយកដុំថ្មភក់បុរាណពីប្រាសាទជុំវិញ មកតម្រៀបគ្នាយ៉ាងប៉ិនប្រសប់។
 
ការកសាងស្ពានថ្មនេះ មិនត្រឹមតែជាការតភ្ជាប់ខ្សែផ្លូវគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីចំណេះជំនាញស្ថាបត្យកម្ម និងវិស្វកម្មដ៏ចំណានរបស់បុព្វបុរសខ្មែរ ដែលបានថែរក្សា និងបន្តវេនយ៉ាងគង់វង្សពីសម័យអង្គរ។ ថ្វីបើស្ថិតក្នុងសម័យកាលក្រោយអង្គរក៏ដោយ ក៏បុព្វបុរសខ្មែរនៅតែរក្សាបាននូវចំណេះដឹងស៊ីជម្រៅលើការគណនារចនាសម្ព័ន្ធទ្រទម្ងន់ ការបង្វែរចរន្តទឹក និងបច្ចេកទេសតម្រៀបថ្មឥតប្រើបាយអ ដែលជាគ្រឹះបច្ចេកវិទ្យាធ្លាប់ប្រើប្រាស់ក្នុងការកសាងស្ពានថ្មបុរាណរាប់រយ កន្លែងនៅទូទាំងចក្រភពខ្មែរ។
 
បច្ចុប្បន្ន ស្ពានថ្មបានប្រែក្លាយជាទស្សនីយភាពដ៏ទាក់ទាញ និងគួរឱ្យចង់ទស្សនារបស់ភ្ញៀវទេសចរ។ ឫសឈើធំៗបានដុះស្រោបព័ទ្ធជុំវិញរូបរាង និងរចនាសម្ព័ន្ធស្ពានយ៉ាងប្រកៀកប្រកិត បង្កើតបានជារូបភាពសិល្បៈធម្មជាតិដ៏មានជីវិតរស់រវើក។ តំបន់ប្រវត្តិសាស្រ្តដែលពោរពេញដោយធម្មជាតិស្រស់បំព្រង គេឃើញមានឃើញសត្វបក្សីព្រៃដ៏ស្រស់ស្អាត ដូចជា ក្ងោកព្រៃជាដើម ដើររកស៊ីក្បែរស្ពានថ្មបុរាណនេះ ដែលរឹតតែបន្ថែមភាពទាក់ទាញ និងឆ្លុះបញ្ចាំងពីភាពសុខសាន្តរវាងធម្មជាតិ សត្វព្រៃ និងប្រាសាទបុរាណ៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា