អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការប្រែក្លាយវិធានការ និងការសន្យារបស់រាជរដ្ឋាភិបាលឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រោមម្លប់សុខសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការប្រែក្លាយវិធានការ និងការសន្យារបស់រាជរដ្ឋាភិបាលឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រោមម្លប់សុខសន្តិភាព

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការប្រែក្លាយវិធានការ និងការសន្យារបស់រាជរដ្ឋាភិបាលឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រោមម្លប់សុខសន្តិភាព

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់អំពីការប្រែក្លាយវិធានការ និងការសន្យារបស់រាជរដ្ឋាភិបាលឱ្យទៅជាសមិទ្ធផលជាក់ស្តែង ក្រោមម្លប់សុខសន្តិភាព។ ក្នុងសុន្ទរកថាបើក «មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន» នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយវិវាទដោយសន្តិវិធីតាមរយៈការសន្ទនាក្រោមស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ»។ សម្តេចក៏អំពាវនាវឱ្យសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានបន្តថែរក្សា និងលើកកម្ពស់តម្លៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។

កាលពីថ្ងៃទី៤ ខែតុលា សម្តេចធិបតី ក៏បានបញ្ជាក់តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនថា «កិច្ចការរបស់យើងមិនទាន់ចប់ទេក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ប៉ុន្តែ សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះអាចបញ្ជាក់ឱ្យប្រជាពលរដ្ឋបានឃើញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចភារកិច្ចតាមផែនការដែលបានដាក់ចេញដោយភាពច្បាស់លាស់និងការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិ ទឹកដី និងប្រជាជន»។

អ្នកនាំពាក្យបន្តថា ជាក់ស្តែង «ក្នុងរយៈពេលត្រឹមតែប្រមាណជា ៨ខែប៉ុណ្ណោះ យើងបានរួមគ្នាប្រែក្លាយវិធានការដែលដាក់ចេញឱ្យទៅជាសមិទ្ធផលជាក់ស្តែងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម»។ ៨ខែរាប់ចាប់តាំងពីថ្ងៃដែលសម្តេចបានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដែលពេលនោះសម្តេចបានជម្រាបជូនប្រជាពលរដ្ឋទាំងអស់ថា វិធានការដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញ គឺក្នុងគោលដៅសង្គ្រោះជីវិតប្រជាពលរដ្ឋ ការស្វែងរកសន្តិភាពយូរអង្វែងដើម្បីកុំឱ្យសង្គ្រាមកើតមានឡើងវិញ និងការស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស មានទំនុកទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ ពាក់ព័ន្ធជាមួយព្រំដែនកម្ពុជា-ថៃ ដោយការទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបានបន្តទៀតថា ទន្ទឹមនឹងការដោះស្រាយបញ្ហាជនភៀសសឹកនិងបញ្ហាព្រំដែនជាមួយប្រទេសថៃ យ៉ាងសកម្មមមាញឹក រាជរដ្ឋាភិបាលក៏នៅតែបន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍ប្រទេស ស្របតាមផែនការដែលបានដាក់ចេញដោយមិនបង្អែរបង្អង់ឡើយ ហើយសមិទ្ធផលដែលជាផលប្រយោជន៍ប្រជាពលរដ្ឋក៏បានលេចចេញជារូបរាងជាបន្តបន្ទាប់ឥតដាច់។ ជាក់ស្តែង ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុបជិត ២០០ គ.ម ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ដែលលាតសន្ធឹងចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ខេត្តកោះកុង គឺជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការតភ្ជាប់រវាងតំបន់ភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

«ផ្លូវជាតិនេះ ក្រៅពីបានជួយកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរ និងថ្លៃដឹកជញ្ជូន វាក៏បានបើកឱកាសបន្ថែមដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍» នេះគឺជាការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ សម្តេចប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នាពេលនេះ ជាជោគជ័យថ្មីមួយទៀតនៃយុទ្ធនាការពង្រីកប្រព័ន្ធដឹកជញ្ជូន និងពង្រឹងប្រព័ន្ធឡូជីស្ទីករបស់រាជរដ្ឋាភិបាលឱ្យកាន់តែពេញលេញ និងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «ផ្លូវជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍនៅតាមសហគមន៍» ដែលជាការរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ទន្ទឹមនឹងនេះ សម្ដេចធិបតីក៏បានសម្តែងការគាំទ្រដល់គម្រោងបំពាក់អំពូលសូឡាតាមដងផ្លូវ ដែលជាជំហានទី១ នឹងអនុវត្តលើដងផ្លូវ ១ ២០០ គីឡូម៉ែត្រ ក្នុងខេត្តចំនួន១៣ និងត្រូវ ពង្រីកទៅ ២៥ រាជធានី-ខេត្ត ដើម្បីសោភ័ណភាព និងសុវត្ថិភាពតាមដងផ្លូវ។ សម្ដេចធិបតីក៏បានផ្ដល់គោលការណ៍ដោះស្រាយសមរម្យជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅតំបន់ផ្លូវអន្ទង់អាំង (ភ្នំ១៥០០) ដោយរក្សាទីតាំងផ្លូវនេះជាសម្បត្តិសាធារណៈជាដាច់ខាត សម្រាប់អភិវឌ្ឍអេកូទេសចរណ៍សហគមន៍៕
ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា