សម្ដេចធិបតី ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ

សម្ដេចធិបតី ៖ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ

ទោះបីស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលកាន់តែមានភាពស្មុគស្មាញជាមួយភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហាសន្តិសុខមិនមែនប្រពៃណី, កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ។ នេះគឺជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា កម្ពុជាផ្តល់សារសំខាន់លើការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ដោយយកស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំក្នុងការកសាងសន្តិភាព។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ជំ​ហរការទូតរបស់កម្ពុជាដែលបញ្ជាក់ដោយសម្ដេចធិបតីនេះ គឺមានភាពច្បាស់លាស់ និងប្រកាន់ខ្ជាប់មកជានិច្ចតាំងពីដើមមក។ ជាមួយគ្នានេះ លោកបណ្ឌិតជំរុញ​ឲ្យសម្រួចផ្នែកការទូតនេះបន្ថែមនៅក្នុងវេទិការអន្តរជាតិ និងពង្រឹងវិស័យផ្សេងៗទៀតឲ្យមានភាពរឹងមាំផងដែរ។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ ក៏ជំរុញឲ្យមានការពិចារ​ណាពង្រឹងលើវិស័យសំខាន់ៗមួយចំនួនដែរ។

បើតាមលោកបណ្ឌិត ៖ «ខ្ញុំគិតថាយើងគួរពិចារណានូវចំណុច៣សំខាន់ៗទៀត គឺទី១ការពង្រឹងការទូតសាធារណៈ និងការគ្រប់គ្រងនិទានកថា កន្លែងនេះត្រូវតែពិចារណា ហើយទី២ គឺការបង្កើននូវការទូតសេដ្ឋកិច្ច និងថាមពល ហើយនឹងចំណុចទី៣ ខ្ញុំគិតថាជាចំណុចសំខាន់ គឺបន្តជំរុញដើរតួក្នុងនាមជាស្ពានចរចានៅក្នុងអាស៊ានមួយដែរ ក្នុងនាមជាប្រទេសតូច។»

ក្នុងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា គ្មាននរណាម្នាក់យល់ច្បាស់ពីតម្លៃនៃសន្តិភាព ជាងអតីតយុទ្ធជននោះឡើយ។ ក្នុងន័យនេះ សម្តេចបានអំពាវនាវឲ្យសហព័ន្ធចងចាំគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន ហើយ​ធ្វើឱ្យបទពិសោធ និងមេរៀននៃសង្គ្រាមរបស់ពួកគាត់ ក្លាយជាមេរៀនសម្រាប់សន្តិភាព មិត្តភាព និងវិបុលភាពយូរអង្វែង សម្រាប់ប្រជាជនយើង និងមនុស្សជំនាន់ក្រោយ៕

សេង បារាំង AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា