កម្ពុជា-វៀតណាម បើកច្រកព្រំដែនអន្តរជាតិថ្មី ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-វៀតណាម បើកច្រកព្រំដែនអន្តរជាតិថ្មី ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍

កម្ពុជា-វៀតណាម បើកច្រកព្រំដែនអន្តរជាតិថ្មី ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍

អជ្ញាធរកម្ពុជា និងវៀតណាម បានសម្រេចបើកច្រកព្រំដែនអន្តរជាតិផ្លូវគោកថ្មីបន្ថែមមួយទៀត ដើម្បីបង្កើនភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្ត ការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ការដំឡើងកម្រិត និងបើកដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ប្រទេសកម្ពុជា ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិ ខាញ់ប៊ិញ ប្រទេសវៀតណាមនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលស្តែងឱ្យឃើញពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម។

ពិធីបើកដំណើរការជាផ្លូវការត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងលោក ហូ វ៉ាន់មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។

អ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា ចាត់ទុកការបើកច្រកព្រំដែនអន្តរជាតិថ្មីរវាងកម្ពុជា និងវៀតណាម គឺជាការបោះជំហ៊ានថ្មីនៃការតភ្ជាប់ផ្លូវសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ជាពិសេសជួយកាត់បន្ថយពេលវេលា និងថ្លៃដឹកជញ្ជូនទំនិញចេញ-ចូលរបស់ប្រទេសទាំងពីរ។

ចំណែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ ចាត់ទុកការបើកច្រកព្រំដែនថ្មីនេះថា ជាការឆ្លុះបញ្ចាំងផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសទាំងពីរ។ លោកយល់ឃើញថា ច្រកទ្វារព្រំដែន​នេះមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាច្រករបៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សកម្ម។

សម្រាប់លោកបណ្ឌិត ញិល រដ្ឋា ការបើកច្រកនេះនឹងអាចបង្កើនការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម ជាពិសេសកាត់បន្ថយពេលវេលា និងថ្លៃដើមនៃការដឹកជញ្ជូនទំនិញ ។

អ្នកជំនាញរូបនេះ ក៏បានកត់សម្គាល់ពីការកើនឡើងគួរឲ្យកត់សម្គាល់នៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលប្រទេសទាំងពីរបានកំណត់គោលដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ពាន់លានដុល្លារនៅពេលខាងមុខ។

លោកបណ្ឌិត ញិល រដ្ឋា ជឿជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរ នឹងអាចសម្រេចតាមគោលដៅ ២០ពាន់លានដុល្លារ តាមរយៈកិច្ចសហប្រតិបត្តិផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ជាបន្តបន្ទាប់នាពេលកន្លងមក។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម សម្រេចបានជិត ៦ពាន់លានដុល្លារ កើនឡើង ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ខន ណារី AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា