ក្រុមហ៊ុនក្នុងស្រុកនាំអង្ករខ្មែរ ២ម៉ឺនតោនទៀតចេញតាមនាវាពីខេត្តកំពតទៅហ្វីលីពីន ​តាមរយៈការប្រឹងប្រែងបើកផ្លូវរបស់ក្រសួងកសិកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនក្នុងស្រុកនាំអង្ករខ្មែរ ២ម៉ឺនតោនទៀតចេញតាមនាវាពីខេត្តកំពតទៅហ្វីលីពីន ​តាមរយៈការប្រឹងប្រែងបើកផ្លូវរបស់ក្រសួងកសិកម្ម

ក្រុមហ៊ុនក្នុងស្រុកនាំអង្ករខ្មែរ ២ម៉ឺនតោនទៀតចេញតាមនាវាពីខេត្តកំពតទៅហ្វីលីពីន ​តាមរយៈការប្រឹងប្រែងបើកផ្លូវរបស់ក្រសួងកសិកម្ម

​អង្ករខ្មែរចំនួន ២ម៉ឺនតោន តម្លៃជាង១០លានដុល្លារ ត្រូវបានលើកដាក់លើនាវាពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីដឹកចេញពីកំពង់ផែពហុបំណងខេត្តកំពត ឆ្ពោះទៅកាន់កំពង់ផែចំនួន៤ នៅប្រទេសហ្វីលីពីន ។​ ការនាំចេញនេះធ្វើឡើងដោយក្រុមហ៊ុនខ្មែរ ស៊ីកនេតឈ័រ រាយស៍ (Signature Rice) ដែលកំពុងពង្រីកការផ្គត់ផ្គង់អង្ករកម្ពុជាទៅកាន់ទីផ្សារហ្វីលីពីនក្នុងបរិមាណកាន់តែច្រើន។

តាមការគ្រោងទុក ក្រុមហ៊ុនមានគោលដៅនាំចេញអង្ករ ៦ម៉ឺនតោនទៅកាន់ហ្វីលីពីននៅចុងឆ្នាំ២០២៦ និង១០ម៉ឺនតោនក្នុងឆ្នាំ២០២៧។ លោក ចាន់ ពេជ្រ នាយកគ្រប់គ្រង ស៊ីកនេតឈ័រ រាយស៍ បានលើកឡើងថា៖ « ហ្វីលីពីនជាទីផ្សារដែលមានតម្រូវការអង្ករធំ ហើយយើងមើលឃើញឱកាសសម្រាប់អង្ករកម្ពុជាច្រើនជាងអ្វីដែលយើងកំពុងនាំចេញសព្វថ្ងៃ ។ អ្វីដែលយើងកំពុងធ្វើ គឺបង្កើតផ្លូវផ្គត់ផ្គង់ដែលអាចដឹកបានច្រើនជាប្រចាំ និងមានភាពប្រកួតប្រជែង ដើម្បីឱ្យអង្ករកម្ពុជាអាចចាប់យកចំណែកទីផ្សារនេះបានកាន់តែធំ » ។

ទិន្នន័យសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីនបានកើនពីត្រឹម ១ ៦២០តោនក្នុងខែមករា ដល់ ៣៥ ៤៥០តោនក្នុងខែកញ្ញា។ ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៦នេះ ទីផ្សារហ្វីលីពីនទិញអង្ករកម្ពុជាសរុបជាង ១៥ម៉ឺនតោន គឺស្ទើរតែស្មើនឹងវៀតណាមដែលទិញជិត ១៦ ម៉ឺនតោនក្នុងរយៈពេលដូចគ្នា។

ការពង្រីកទីផ្សារទៅហ្វីលីពីនកើតមានឡើងក្រោយពេលដែលអនុស្សរណៈនៃការយោគយល់គ្នាមួយ ត្រូវបានចុះហត្ថលេខានៅទីក្រុងម៉ានីល កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងលោក Francisco Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម។

សូមបញ្ជាក់ថា ការដឹកជញ្ជូនអង្ករតាមផ្លូវទឹកដោយនាវាដឹកទំនិញរាយបានចាប់ផ្តើមតាំងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ តាមរយៈការសហការយ៉ាងជិតស្និទ្ធរវាងក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មហ្វីលីពីន។ មធ្យោបាយដឹកជញ្ជូនថ្មីនេះនឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ មធ្យោបាយនេះជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយ និងពេលវេលាដឹកជញ្ជូន ព្រមទាំងធានាការផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព៕
 
ដោយ៖ម៉ាដេប៉ូ

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា