លោក Netanyahu លើកតម្កើង អ៊ីស្រាអែល ទៅជាមហាអំណាចពិភពលោក ខាងធ្វើសង្គ្រាមជើងទឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu លើកតម្កើង អ៊ីស្រាអែល ទៅជាមហាអំណាចពិភពលោក ខាងធ្វើសង្គ្រាមជើងទឹក

លោក Netanyahu លើកតម្កើង អ៊ីស្រាអែល ទៅជាមហាអំណាចពិភពលោក ខាងធ្វើសង្គ្រាមជើងទឹក

ហ្ស៊េរុយសាឡិម ៖ ទីក្រុង ហ្ស៊េរុយសាឡិម នឹងក្លាយជាមហាអំណាចពិភពលោក ខាងធ្វើសង្គ្រាមជើងទឹក ទាំងការបាញ់ប្រយុទ្ធនៅលើផ្ទៃទឹក និង ក្រោមទឹក។ នេះគឺជាការនិយាយអួតអាងរបស់ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។

អំឡុងពេលចុះទៅពិនិត្យមូលដ្ឋានទ័ពជើងទឹកអ៊ីស្រាអែល នៅក្នុងទីក្រុង Ashdod, លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បានថ្លែងថា អ៊ីស្រាអែលនឹងពង្រីកសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន ដោយលោកលើកហេតុផលថា ការគំរាមកំហែងដល់ដែនសមុទ្ររបស់ប្រទេសមួយនេះមានការកើនឡើង។

លោក Netanyahu បានថ្លែងព្រមានចំៗ អំពីការបង្កព្យុះភ្លៀង នាពេលថ្មីៗនេះ នៅក្នុងច្រកសមុទ្រ Hormuz និង Bab el-Mandeb ដោយលោកចោទថា គឺជាការគំរាមកំហែងពីសំណាក់ប្រទេស អ៊ីរ៉ង់ និង ក្រុមប្រដាប់អាវុធ Houthi មានមូលដ្ឋាន នៅប្រទេសយេម៉ែន។

មេដឹកនាំអ៊ីស្រាអែលវ័យ៧៦ឆ្នាំរូបនេះ បានរៀបរាប់ថា «សត្រូវរបស់យើងចង់គំរាមកំហែងដល់ដែនសមុទ្ររបស់យើង នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក៏ដូចជា កំពង់ផែ និង ការធ្វើដំណើរតាមផ្លូវសមុទ្ររបស់យើង។ ជាការពិតណាស់ យើងនឹងមិនអនុញ្ញាតឱ្យរឿងទាំងនោះកើតឡើង ជាដាច់ខាត»។

លោក Netanyahu បានបន្តថា មន្ត្រីសន្តិសុខអ៊ីស្រាអែល កំពុងស្វែងរកការបន្ថែមទៀត នូវកងនាវាមុជទឹក, នាវាចម្បាំង និងសមត្ថភាពផ្សេងៗទៀត ដោយលោកបញ្ជាក់ថា «នាវាមុជទឹកទី ៦ ទើបបានមកដល់ប្រទេសអ៊ីស្រាអែល ហើយ ពួកគេចង់បានបន្ថែមទៀត គឺ នាវាចម្បាំង និងកម្លាំងយោធាដ៏ច្រើនផ្សេងទៀត ដែលខ្ញុំមិនអាចរៀបរាប់លម្អិតអស់ នៅទីនេះបាននោះទេ»។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លោកមានមហិច្ចតាចង់ឱ្យ អ៊ីស្រាអែលក្លាយជា មេដឹកនាំពិភពលោកនៅក្នុងវិស័យសង្គ្រាមជើងទឹក ទាំងការប្រយុទ្ធលើផ្ទៃទឹក និង ក្រោមផ្ទៃទឹក។

បើតាម timesofisrael, កងទ័ពជើងទឹករបស់អ៊ីស្រាអែល ជារឿយៗ ត្រូវបានគេចាត់ទុកថា ជាផ្នែកមួយដែលត្រូវបានគេមើលរំលង នៅក្នុងកងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ IDF ខណៈដែល កងទ័ពជើងទឹករបស់ប្រទេសនេះ មិនសូវមានតួនាទីសំខាន់ខ្លាំងទេ បើធៀបនឹងកងទ័ពជើងគោក ឬ កងទ័ពអាកាសចំពោះសន្តិសុខរបស់អ៊ីស្រាអែល។

ដូច្នេះ ការប្រកាសលើកតម្កើងអ៊ីស្រាអែលឱ្យទៅជាប្រទេសមានកងកម្លាំងជើងទឹកឈានមុខគេ នៅលើពិភពលោក ពីសំណាក់លោក Benjamin Netanyahu បែបនេះ នឹងតំណាងឱ្យការផ្លាស់ប្តូរដ៏ធំមួយ នៅក្នុងគំនិតយោធារបស់រដ្ឋាភិបាលទីក្រុង ហ្ស៊េរុយសាឡិម៕

ប្រភព ៖ timesofisrael, ប្រែសម្រួល ៖ សារ៉ាត

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា