អ្នកស្រុកគូលែនរក្សាប្រពៃណីរែកត្រីដើរលក់តពីដូនតាមក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកស្រុកគូលែនរក្សាប្រពៃណីរែកត្រីដើរលក់តពីដូនតាមក

អ្នកស្រុកគូលែនរក្សាប្រពៃណីរែកត្រីដើរលក់តពីដូនតាមក

ការរែកត្រីដើរលក់ គឺជាទំនៀមទម្លាប់ និងរបរប្រពៃណីដ៏យូរលង់មួយ ដែលប្រជាពលរដ្ឋនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ នៅតែបន្តរក្សារហូតមកដល់បច្ចុប្បន្ន ទោះបីមធ្យោបាយដឹកជញ្ជូនមានការវិវត្តប្រែ​ប្រួលយ៉ាងណាក៏ដោយ។
 
ការរែកត្រីលើស្មា ដោយនាំយកត្រីដែលចាប់បានពីធម្មជាតិទៅលក់ បានក្លាយជាទិដ្ឋភាពមួយដែលគេនៅឃើញជាញឹកញាប់នៅក្នុងតំបន់គូលែន ខេត្តព្រះវិហារ។ អ្នកស្រុក និងសូម្បីតែអ្នកមកពីតំបន់ផ្សេង អាចមកទិញត្រីទាំងនេះ ដែលពួកគាត់រកបានពីតាមវាលស្រែ ត្រពាំងទឹក ព្រែក និងបឹង ជាពិសេសនៅពេលរដូវវស្សាឈានចូលមកដល់។
 
លោក ម៉ក់ មនោរិទ្ធ មន្ត្រីការិយាល័យផ្នែករដ្ឋបាល នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិដាន ស្រុកគូលែន ខេត្តព្រះវិហារ មានប្រពៃណីរែកត្រីដើរលក់តាំងពីដូនតាមក។ របរនេះបានក្លាយជាមុខរបរមួយដែលលេចធ្លោនៅក្នុងតំបន់ ដោយអ្នកលក់ខ្លះដើរជាក្រុម ខ្លះដើរតែម្នាក់ឯងតាមភូមិ ហើយអ្នកខ្លះទៀតរែកត្រីចូលទៅក្នុងផ្សារ ដើម្បីស្វែងរកអតិថិជន។
 
លោក ម៉ក់ មនោរិទ្ធ បានបន្ថែមថា ចាប់ពីមុនពិធីបុណ្យភ្ជុំបិណ្ឌ រហូតដល់ចុងខែវិច្ឆិកា គេតែងឃើញប្រជាពលរដ្ឋរស់នៅស្រុកគូលែន នាំគ្នាចេញទៅរកត្រី ហើយរែកយកមកលក់តាមរបៀបដែលបន្សល់ទុកពីដូនតាមក។ តាមរយៈមុខរបរនេះ ពួកគាត់អាចរកចំណូលបានចាប់ពី ២ម៉ឺនទៅជាង ៣ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយផ្នែក។ នៅពេលរដូវវស្សាបញ្ចប់ ពួកគាត់នឹងប្តូរទៅប្រកបមុខរបរផ្សេងទៀត។ ពោលគឺ ពួកគាត់ប្រកបមុខរបរនេះតាមរដូវកាលប៉ុណ្ណោះ។
 
សូមបញ្ជាក់ថា ត្រីដែលអ្នកភូមិនៅក្នុងស្រុកគូលែនរែកដើរលក់ គឺសុទ្ធសឹងជាត្រីធម្មជាតិ ដូចជា ត្រីក្រាញ់ ត្រីផ្ទក់ ត្រីអណ្តែង និងអន្ទង់ជាដើម។ សម្រាប់ត្រីមួយត្រណោត ពួកគាត់អាចលក់បានក្នុងតម្លៃចាប់ពី ៥ពាន់រៀល រហូតដល់ជិត ១ម៉ឺនរៀល។
 
ទោះបីការរែកត្រីដើរលក់ជាមុខរបរបែបបុរាណក៏ដោយ ប៉ុន្តែវាជាមុខរបរដ៏សាមញ្ញមួយដែលអាចជួយបង្កើនចំណូលសម្រាប់គ្រួសារ។ ជាមួយគ្នានេះ វាក៏ជាទំនៀមទម្លាប់មួយដែលជួយថែរក្សាប្រពៃណី និងអត្តសញ្ញាណរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ​ ដែល​បច្ចុប្បន្នកាន់តែពិបាកជួយប្រទះ៕
 
ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា