FAO ព្រមានថា ដីកសិកម្ម និងវាលស្មៅជាង ១២៧ពាន់ហិកតានៅកម្ពុជាអាចរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
FAO ព្រមានថា ដីកសិកម្ម និងវាលស្មៅជាង ១២៧ពាន់ហិកតានៅកម្ពុជាអាចរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

FAO ព្រមានថា ដីកសិកម្ម និងវាលស្មៅជាង ១២៧ពាន់ហិកតានៅកម្ពុជាអាចរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ(FAO) បានព្រមានថា បាតុភូត អែល នីញ៉ូ (El Niño) នឹងធ្វើឱ្យប្រទេសកម្ពុជាអាចរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅរដូវប្រាំង​ខាងមុខ​។  FAO បានប៉ាន់ប្រមាណថា ផ្ទៃដីកសិកម្ម និងវាលស្មៅចំនួនជាង១២ម៉ឺន៧ ៣០០ ហិកតា នៅក្នុងប្រទេសកម្ពុជា ទំនងជានឹងរងផលប៉ះពាល់។

អង្គការឧតុនិយមពិភពលោក(WMO) បានលើកឡើងថា បាតុភូត អែល នីញ៉ូ នឹងកើតឡើងនៅចុងឆ្នាំ២០២៦ ហើយអាចបន្តដល់ដើមឆ្នាំ២០២៧។ បាតុភូតនេះបង្កឱ្យអាកាសធាតុក្តៅខ្លាំង ខ្សត់ទឹកភ្លៀង  ប៉ះពាល់ដល់ការផលិតស្បៀងអាហារ។​

ការវាយតម្លៃនេះ ធ្វើឡើងដោយផ្អែកលើទិន្នន័យសង្កេតការណ៍តាមផ្កាយរណបរយៈពេល ៤១ឆ្នាំ តាមរយៈប្រព័ន្ធសន្ទស្សន៍ភាពតានតឹងផ្នែកកសិកម្ម ឬ ASIS របស់អង្គការ FAO។

FAO បញ្ជាក់ថា ទិន្នន័យនេះអាចជួយឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធដឹងជាមុនអំពីផលប៉ះពាល់ដែលអាចកើតមានពីបាតុភូត អែល នីញ៉ូ និងត្រៀមវិធានការដើម្បីឱ្យកសិករអាចត្រៀមខ្លួន និងកាត់បន្ថយផលប៉ះពាល់ពីការខ្វះទឹកសម្រាប់ប្រើប្រាស់។​

កន្លងមក បាតុភូត អែល នីញ៉ូ ក្នុងឆ្នាំ២០១៥ និង២០១៦ បានបង្កឱ្យមានអាកាសធាតុក្តៅ និងស្ងួតខ្លាំងនៅប្រទេសជាច្រើននៅលើពិភពលោក។ នៅកម្ពុជា ស្ថានភាពនេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ២លាន ៥សែននាក់ នៅ១៨ខេត្ត ហើយក៏ធ្វើឱ្យផលិតកម្មស្រូវថយចុះ និងប៉ះពាល់ដល់វិស័យនេសាទផងដែរ។

សៅ សុខអេងដោយសារតែបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយអង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ(FAO) អនុវត្តគម្រោងមួយឈ្មោះថា PEARLដែលជួយប្រជាពលរដ្ឋ និងកសិករ ត្រៀមខ្លួនទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ គម្រោងទាំងនេះទទួលបានការគាំទ្រថវិកាពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។ 

តាមរយៈក្នុងគម្រោងនេះ កម្មវិធីទូរស័ព្ទដៃក្នុងស្រុកមួយ ឈ្មោះថា «ចំការ» ឬ Chamka ត្រូវបានបង្កើត ដើម្បីផ្តល់ព័ត៌មានអាកាសធាតុដល់កសិករ និងជួយឲ្យពួកគាត់អាចត្រៀមខ្លួនបានទាន់ពេល។ ជាក់ស្តែង កសិករអាចដឹងថា ពេលណានឹងមានភ្លៀង ហើយពេលណាគួរស្រោចស្រពដំណាំ ឬពេលណាគួរផ្អាកការស្រោចស្រព។ វាជួយឱ្យកសិករប្រើប្រាស់ទឹកបានសមស្រប និងកាត់បន្ថយការខ្វះទឹក។​ កសិករជាង ៤ ០០០នាក់ហើយ ដែលបានទទួលអត្ថប្រយោជន៍ពីការណែនាំទាំងនេះ។ 

កាលពីខែកក្កដាកន្លងទៅ កម្ពុជាបានរងផលប៉ះពាល់ម្តងហើយពីគ្រោះរាំងស្ងួត ដែលធ្វើឱ្យដំណាំស្រូវជាង២០ម៉ឺនហិកតា រងផលប៉ះពាល់ នៅក្នុងខេត្តចំនួន៦។ ក្នុងស្ថានភាពនេះ អាជ្ញាធរពាក់ព័ន្ធបានស្វះស្វែងរកប្រភពទឹក ដើម្បីជួយស្រោចស្រពដំណាំ និងបានរៀបចំសំណើសុំអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដើម្បីត្រៀមទប់ទល់នឹងបញ្ហាខ្វះទឹកនៅពេលខាងមុខផងដែរ៕សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា