អេស្តូនី គ្រោងពង្រាយអាវុធវាយដល់ទីក្រុងធំទី ២ របស់ រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេស្តូនី គ្រោងពង្រាយអាវុធវាយដល់ទីក្រុងធំទី ២ របស់ រុស្ស៊ី

អេស្តូនី គ្រោងពង្រាយអាវុធវាយដល់ទីក្រុងធំទី ២ របស់ រុស្ស៊ី

តាលីន ៖ ប្រទេសអេស្តូនីគ្រោងដាក់ពង្រាយអាវុធ ដែលមានសមត្ថភាពវាយប្រហារដល់ទីក្រុង St. Petersburg ដែលជាទីក្រុងធំទី ២ របស់​ប្រទេសរុស្ស៊ី ។ នេះបើតាម RT ចេញផ្សាយកាលពីថ្ងៃចន្ទ ។
 
ព័ត៌មានដ៏រសើបនេះលេចឡើង ចំពេលដែលប្រទេសសមាជិកអង្គការណាតូមួយនេះ ទទួលបានប្រព័ន្ធមីស៊ីលយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពបាញ់ដល់ទីក្រុង St. Petersburg តែម្ដង ។
 
បើតាមកាសែតអង់គ្លេស Financial Times, ប្រព័ន្ធមីស៊ីលយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយដែលអេស្តូនីទទួលបាន រួមមាន ប្រព័ន្ធបាញ់រ៉ុក្តែត  HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក និងប្រព័ន្ធបាញ់រ៉ុក្តែត Chunmoo ដែលផលិតដោយកូរ៉េខាងត្បូង ។
 
ប្រព័ន្ធបាញ់រ៉ុក្តែតចល័តទាំងពីរនេះ អាចប្រើគ្រាប់មីស៊ីលដែលមានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ។
 
ជាក់ស្ដែង ទីក្រុង St. Petersburg ស្ថិតនៅចម្ងាយប្រហែល ២៦០ គីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងយោធាមួយរបស់អេស្តូនី ។ ទីក្រុងនេះគឺជាទីក្រុងធំទី ២ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-យោធាដ៏សំខាន់របស់ប្រទេសរុស្ស៊ី ។

ក្រៅពីគ្រោងដាក់ពង្រាយអាវុធ, អេស្តូនីក៏កំពុងដាក់ពង្រាយកងទ័ពបន្ថែមនៅតាមបណ្តោយព្រំដែនរុស្ស៊ីផងដែរ ។
 
បើតាមមន្ត្រីអេស្តូនី, បច្ចុប្បន្ន អេស្តូនីមានកងទ័ពឈរជើងអចិន្ត្រៃយ៍នៅព្រំដែនជាប់រុស្ស៊ីប្រហែល ៤,២០០ នាក់ប៉ុណ្ណោះ ប៉ុន្តែប្រទេសមួយនេះក៏អាចបង្កើនកងកម្លាំងបន្ថែមផងដែរ តាមរយៈការកេណ្ឌទ័ពបម្រុងរាប់ម៉ឺននាក់ ប្រសិនបើស្ថានការណ៍សន្តិសុខតាមព្រំដែនកាន់តែផុយស្រួយ ។

បន្ថែមពីលើការដាក់ពង្រាយកងទ័ព និងសម្រុកទិញអាវុធ, អេស្តូនីក៏បានធ្វើសមយុទ្ធជាមួយអង់គ្លេសផងដែរ ដោយប្រើប្រាស់យន្តហោះដ្រូនប្រយុទ្ធ ដែលអាចវាយលុកគោលដៅដល់តំបន់ជុំវិញទីក្រុង St. Petersburg ផងដែរ ។
 
យ៉ាងណា​ កន្លងមក មេដឹកនាំរុស្ស៊ីធ្លាប់បានអះអាងច្រើនលើកច្រើនសាថា ខ្លួនមិនមានបំណងវាយប្រហារ​ប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះទេ ។ ប៉ុន្តែរុស្ស៊ីបានព្រមានទុកមុនថា ជម្លោះដោយផ្ទាល់ណាមួយជាមួយអង្គការ NATO នឹងអាចឈានដល់ការផ្ទុះសង្គ្រាមនុយក្លេអ៊ែរផងដែរ ៕
 
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា