កូរ៉េខាងជើង ព្រមាន អាមេរិក រឿងតៃវ៉ាន់ ខណៈលោក គីម សន្យាគាំទ្ររុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង ព្រមាន អាមេរិក រឿងតៃវ៉ាន់ ខណៈលោក គីម សន្យាគាំទ្ររុស្ស៊ី

កូរ៉េខាងជើង ព្រមាន អាមេរិក រឿងតៃវ៉ាន់ ខណៈលោក គីម សន្យាគាំទ្ររុស្ស៊ី

ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃពុធនេះថា កូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិក ជុំវិញការលក់អាវុធ និងការផ្តល់ការគាំទ្រផ្នែកយោធាដល់កោះតៃវ៉ាន់ ដោយព្រមានថា ទីក្រុងវ៉ាស៊ីនតោនថា បានបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

អត្ថបទវិភាគមួយរបស់ KCNA ដែលដកស្រង់សម្តីលោក Kim Myong Chol អ្នកវិភាគកិច្ចការអន្តរជាតិរបស់កូរ៉េខាងជើង បានចោទប្រកាន់ថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ កំពុងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

បើតាម Reuters, ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីយន្តហោះចម្បាំង F-16V Block 70 ស៊េរីថ្មីចំនួន ២ គ្រឿងដំបូង ក្នុងចំណោមយន្តហោះសរុប ៦៦ គ្រឿងដែលបានបញ្ជាទិញ កាលពីឆ្នាំ ២០១៩ បានមកដល់កោះតៃវ៉ាន់ កាលពីសប្តាហ៍មុន។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ដែរថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសន្យាថា នឹងបន្តគាំទ្ររុស្ស៊ី និងកិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមរបស់ខ្លួន នៅក្នុងសារជូនពរថ្ងៃកំណើតផ្ញើជូនប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន។

បើតាម KCNA, លោក គីម បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ហើយលោកជឿជាក់ថា «សង្គ្រាមដ៏ពិសិដ្ឋដើម្បីយុត្តិធម៌» របស់រុស្ស៊ី ក្នុងការការពារអធិបតេយ្យភាព ផលប្រយោជន៍សន្តិសុខ និងបូរណភាពទឹកដីរបស់ខ្លួន នឹងបញ្ចប់ទៅដោយជោគជ័យ។

សារនោះមិនបានលើកឡើងយ៉ាងច្បាស់លាស់អំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។

យោងតាមការប៉ាន់ប្រមាណរបស់អ៊ុយក្រែន និងកូរ៉េខាងត្បូង, កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រហែល ១៤,០០០ ទៅ ១៥,០០០ នាក់ ដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០២៤ មក។

កូរ៉េខាងជើង និងរុស្ស៊ីបានពង្រឹងទំនាក់ទំនងយ៉ាងខ្លាំងក្លា ចាប់តាំងពីលោក ពូទីន និងលោក គីម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក កាលពីខែមិថុនា ឆ្នាំ២០២៤៕

ប្រភព ៖ Reuters ប្រែសម្រួល ៖ សារ៉ាត

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា