គ.ជ.ប ជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ.ជ.ប ជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

គ.ជ.ប ជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

ថ្ងៃទី៧ ខែតុលានេះ គឺជាថ្ងៃចាប់ផ្តើ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦​នៅទូទាំងឃុំ សង្កាត់នៃប្រទេសកម្ពុជា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជួបជាមួយភាគីពាក់ព័ន្ធ​កាលពីម្សិលមិញ ដើម្បីផ្សព្វផ្សាយពីដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតនេះ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានគូសបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងរយៈពេល ៥៥ថ្ងៃនេះ ក្រុមចុះឈ្មោះបោះឆ្នោតធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។ ​

​ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ពោលគឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ និងអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ត្រូវអញ្ជើញទៅសុំចុះឈ្មោះបោះឆ្នោត។

អ្នកសុំចុះឈ្មោះត្រូវទៅជួបក្រុមចុះឈ្មោះបោះឆ្នោតដោយផ្ទាល់ ដោយបង្ហាញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ក្នុងករណីអាសយដ្ឋាននៅក្នុងអត្តសញ្ញាណបណ្ណខុសពីឃុំ សង្កាត់ដែលស្នើសុំចុះឈ្មោះ ប្រជាពលរដ្ឋត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សង្កាត់ដែលស្នើសុំចុះឈ្មោះ។

ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់ប្រទេសថៃ អាចចុះឈ្មោះនៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ឬនៅកន្លែងចាស់។ បើនៅចុះឈ្មោះនៅកន្លែងថ្មី អាជ្ញាធរនឹងជួយដោះស្រាយបញ្ហាជូន។ រហូតមកដល់បច្ចុប្បន្ន ជនភៀសសឹកខ្មែរជាង២ម៉ឺននាក់ទៀតមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួន​វិញ​បានឡើយ។

ដោយឡែក ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែមានបំណងកែតម្រូវទិន្នន័យជីវប្រវត្តិ ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត ឬចង់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (ដោយថតរូប និងផ្តិតម្រាមដៃ) ក៏អាចស្នើសុំកែតម្រូវបានផងដែរ។

ចំពោះការប្តឹងតវ៉ាពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត គ.ជ.ប បញ្ជាក់ថា ជនណាក៏ដោយ ឬតំណាងដែលមានសិទ្ធិ អាចដាក់ពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ ហើយអាចបន្តទៅ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ប្រសិនបើមានភស្តុតាងបញ្ជាក់ពីភាពមិនត្រឹមត្រូវស្របតាមច្បាប់ និងបទបញ្ជា-នីតិវិធីពាក់ព័ន្ធ។

ក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះនេះ ប្រជាពលរដ្ឋអាចទៅពិនិត្យឈ្មោះដោយផ្ទាល់នៅតាមឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh និងកម្មវិធីទូរស័ព្ទ NEC KH។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីធានាថាពួកគាត់មានឈ្មោះក្នុងបញ្ជី សម្រាប់ការបោះឆ្នោតនាពេលខាងមុខ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា