កម្ពុជា-ឡាវ បញ្ជាក់អំពីការបន្តចំណងមិត្តភាព និង​ជ្រោម​ជ្រែង​គ្នាទៅវិញទៅមក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ឡាវ បញ្ជាក់អំពីការបន្តចំណងមិត្តភាព និង​ជ្រោម​ជ្រែង​គ្នាទៅវិញទៅមក

កម្ពុជា-ឡាវ បញ្ជាក់អំពីការបន្តចំណងមិត្តភាព និង​ជ្រោម​ជ្រែង​គ្នាទៅវិញទៅមក

ទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៦ និងបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរ​អង្វែង»​ ក្នុងឆ្នាំ២០១៩។ចំណងការទូតនេះ ត្រូវបានគេ​មើល​ឃើញថា បាន និងកំពុងរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើគ្រឹះ នៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិ​តខាងល្អ និងការយោគយល់គ្នា​ទៅវិញទៅមក ។

ស្តែងចេញពីទំនាក់ទំនងដ៏ស៊ីជម្រៅនេះ កាលពី​រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវិមាន៧មករា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធានយុវជន គណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ថងលី ស៊ីសូលីត (Thongly Sisoulith) សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្សប្រជាជនបដិវដ្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងឱកាស​ដែល​គណៈប្រតិភូជាន់ខ្ពស់ឡាវ មកបំពេញទស្សន​កិច្ច​ផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

ក្នុងជំនួប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការ​ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះការបាត់បង់ ឯកឧត្តម សាយសំផន ភំវិហាន ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជា​ឥស្សរ​ជននយោបាយដ៏ឆ្នើមរបស់ឡាវ និងជាមិត្តដ៏​ស្និទ្ធស្នាល​របស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេច​ធិបតីក៏បានសម្តែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម ថងលី ស៊ីសូលីត ដែលត្រូវបានបោះឆ្នោត​ជ្រើស​តាំង ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ និងជា​សមាជិក​គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្ត​ន៍​ឡាវ សម្រាប់អាណត្តិ ២០២៦-២០៣០ ផងដែរ។

ក្នុងជំនួដដែលភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឡាវ ក្នុង​រយៈ​ពេល ៧០ឆ្នាំកន្លង​មកនេះ ដែលមិនត្រឹមតែផ្អែកលើ​ប្រវត្តិសាស្ត្រ និងវប្បធម៌រួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងបានពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ ដើម្បី​នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ដោយមើលឃើញថា «យុវជន» គឺជាកម្លាំងចលករដ៏​រស់រវើក និងជាអ្នកបន្តវេនក្នុងការថែរក្សាចំណង​មិត្តភាពនេះ កម្ពុជា និងឡាវ បាន​សម្តែងនូវ​ការ​ពេញ​ចិត្តចំពោះលទ្ធផលផ្លែផ្ការយៈពេល ១ឆ្នាំជាងនៃ «អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិ​ការយុវជន ២០២៥-២០២៧»។

ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានយល់ស្របគ្នាថា ដើម្បីជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត ភាគីទាំងពីរបាន​ឯកភាព​លើទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗមួយចំនួន រួមមាន៖ ការរក្សាទំនាក់​ទំនង ដោយរក្សាការប្រជុំ និងការផ្លាស់ប្តូរទស្សនកិច្ច​ជាទៀងទាត់ រវាងថ្នាក់ដឹកនាំយុវជន, ការអភិវឌ្ឍ​ធនធាន​មនុស្ស ដោយបន្តគាំទ្រ និងជួយជ្រោមជ្រែងគ្នាទៅវិញ​ទៅមក ក្នុងការបណ្តុះ​បណ្តាលយុវជនឱ្យក្លាយជាថ្នាក់​ដឹកនាំវ័យក្មេងដែលមានសមត្ថភាព, ការផ្លាស់ប្តូរ​បទពិសោធលើវិស័យគន្លឹះ ដោយជំរុញកិច្ច​សហការ​លើការសិក្សាស្រាវជ្រាវ ការអប់រំ វប្បធម៌ កីឡា សុខាភិបាល បច្ចេកវិទ្យា និងសហគ្រិនភាព និងកិច្ចសហ​ប្រតិបត្តិការនៅតំបន់ព្រំដែន ដោយលើកទឹកចិត្ត ឱ្យយុវជនគណបក្សនៅតាមបណ្តាខេត្តជាប់ព្រំដែន បង្កើតកម្មវិធីរួមគ្នា ដើម្បីរួមចំណែកថែរក្សាសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៅតាមព្រំដែននៃប្រទេស​ទាំងពីរ៕
ដោយ៖វណ្ណលុក

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា