ធនាគារពិភពលោក បន្ទាបការព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦មកនៅត្រឹម ៣,៥% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារពិភពលោក បន្ទាបការព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦មកនៅត្រឹម ៣,៥%

ធនាគារពិភពលោក បន្ទាបការព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦មកនៅត្រឹម ៣,៥%


ធនាគារពិភពលោកបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ៣,៥% ដោយសារការប្រែប្រួលនៃការប្រើប្រាស់ក្នុងស្រុក។ កំណើននេះបានថយចុះបន្តិចបន្ទួចបើធៀបនឹងការព្យាករ ៣,៩% កាលពីខែមិថុនាកន្លងទៅរបស់ស្ថាប័នដដែលនេះ។
 
ធនាគារពិភពលោក បានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ៣,៥ភាគរយវិញ ខណៈដែលកាលពីខែមិថុនា ស្ថាប័នអន្តរជាតិនេះធ្លាប់ព្យាករថា កម្ពុជានឹងទទួលបានកំណើន ៣,៩%។ ការថយចុះបន្តិចបន្ទួចនេះ គឺបណ្តាលមកពីការធ្លាក់ចុះនៃការប្រើប្រាស់ឯកជន រួមផ្សំជាមួយនឹងសម្ពាធពីការថយចុះយ៉ាងខ្លាំងនៃរំហូរប្រាក់ផ្ញើពីក្រៅប្រទេស អតិផរណា និងកំណើនឥណទានទាប។
 
យោងតាមរបាយការណ៍ «បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក» ចេញផ្សាយនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ របស់ធនាគារពិភពលោក ការធ្លាក់ចុះនៃការប្រើប្រាស់ឯកជនបានដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងទិញរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លក្ខខណ្ឌឥណទានតឹងរ៉ឹង និងការកែតម្រូវទីផ្សារអចលនទ្រព្យក៏បានជះឥទ្ធិពលដល់ការវិនិយោគផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចនៅតែទទួលបានការគាំទ្រមួយផ្នែកពីការកើនឡើងនៃការនាំចេញទំនិញ។
 
បើតាម Worl Bank កត្តាតម្លៃថាមពលកើនឡើងបានបន្ថែមសម្ពាធលើសេដ្ឋកិច្ច និងកម្លាំងទិញបន្ថែមទៀត។ ចំពោះទស្សនវិស័យរយៈពេលមធ្យម ធនាគារពិភពលោករំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញជាបណ្តើរៗដល់ ៤ភាគរយក្នុងឆ្នាំ២០២៧ និង ៥ភាគរយក្នុងឆ្នាំ២០២៨ ប្រសិនបើតម្លៃថាមពលមានស្ថិរភាព វិស័យទេសចរណ៍ស្ទុះងើបឡើងវិញ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ពលករដែលវិលត្រឡប់មកវិញទទួលបានជោគជ័យ។ យ៉ាងណាមិញ បាតុភូត El Niño អាចបន្ថយល្បឿននៃការស្តារឡើងវិញនៃវិស័យកសិកម្មក្នុងឆ្នាំ២០២៧។
 
ជាការប្រៀបធៀប កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ គឺខ្ពស់ជាងប្រទេសថៃ និងមីយ៉ានម៉ា ដែលធនាគារពិភពលោកប៉ាន់ស្មានថានឹងមានកំណើន២%ដូចគ្នា ប៉ុន្តែទាបជាងហ្វីលីពីន ​(៣,៧%), ឡាវ (៤,១%) និងវៀតណាម (៧,៤%)។
 
កាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានបន្ទាបកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ គឺទម្លាក់ពី៤,៧% មកនៅត្រឹម ៣,៩% សម្រាប់ឆ្នាំ២០២៦ តែទោះជាយ៉ាងណា ការព្យាករនេះមានលក្ខណៈសុទិដ្ឋិនិយមជាងធនាគារពិភពលោក។
 
ផ្អែកលើទិន្នន័យផ្លូវការ ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរបានកើនឡើង ៧,២ភាគរយ រហូតដល់ ១១,៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦។ ផ្ទុយទៅវិញ ចំនួនភ្ញៀវទេសចរអន្តរជាតិបានថយចុះ ៤៤ភាគរយ មកនៅត្រឹមប្រមាណជាង ២,២លាននាក់ ដោយសារផលប៉ះពាល់ពីភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ និងជម្លោះភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា