អ្នកជំនាញសេដ្ឋកិច្ច៖ កំណើន ៣.៥% មិនមែនមានន័យថាសេដ្ឋកិច្ចកម្ពុជាដើរថយក្រោយឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញសេដ្ឋកិច្ច៖ កំណើន ៣.៥% មិនមែនមានន័យថាសេដ្ឋកិច្ចកម្ពុជាដើរថយក្រោយឡើយ

អ្នកជំនាញសេដ្ឋកិច្ច៖ កំណើន ៣.៥% មិនមែនមានន័យថាសេដ្ឋកិច្ចកម្ពុជាដើរថយក្រោយឡើយ

របាយការណ៍ថ្មីចុងក្រោយរបស់ធនាគារពិភពលោក (World Bank) ដែលបានចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ថានឹងមានកំណើន ៣.៥ភាគរយ សម្រាប់ឆ្នាំនេះ និង ៤.២ភាគរយ នៅឆ្នាំ២០២៧។ ធនាគារពិភពលោកបានបន្ទាបអត្រាកំណើនបន្តិចបន្តួចបើធៀបនឹងការព្យាករ ៣.៩ភាគរយ ធ្វើឡើងដោយស្ថាប័នដដែលកាលពីខែមិថុនា។

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បញ្ញាក់ថា លោកនៅតែមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា បើធៀបនឹងកំណើនសេដ្ឋកិច្ចពិភពលោក ដែលមានត្រឹមតែក្នុងរង្វង់ ១.២ភាគរយប៉ុណ្ណោះ។ សម្រាប់លោកបណ្ឌិត កំណើនដែលព្យាករថានឹងថយចុះខ្លះនេះ មិនមែនមានន័យថា សេដ្ឋកិច្ចកម្ពុជាដើរថយក្រោយនោះឡើយ។
 
លោកបានពន្យល់ថា ទោះបីកម្ពុជាកំពុងប្រឈមជាមួយបញ្ហាធំៗ ដូចជាវិបត្តិសាកល បញ្ហាប្រេងឥន្ធនៈឡើងថ្លៃ ជម្លោះព្រំដែនជាមួយថៃ និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញក៏ដោយ ក៏កម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៣.៥ភាគរយ ដែលមានន័យថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពវិជ្ជមាន។
 
បើតាមលោកបណ្ឌិត ៖«ការព្យាករកំណើនសេដ្ឋកិច្ច ៣.៥%នេះ មិនមែនមានន័យថាសេដ្ឋកិច្ចយើងដើរថយក្រោយទេ គ្រាន់តែយើងមានកំណើនយឺតជាងមុន។ សេដ្ឋកិច្ចកម្ពុជាយើងទោះមានអត្រាកំណើនថយពី ៤.៥%មកនៅត្រឹម ៣.៥% ក៏សេដ្ឋកិច្ចយើងនៅមានកំណើនដែរ»។

យោងតាមការព្យាកររបស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃសម្រាប់ឆ្នាំ២០២៦នេះ មានកំណើនត្រឹម ២ភាគរយប៉ុណ្ណោះ ស្របពេលដែលវៀតណាម មានកំណើនខ្ពស់រហូត ៧.៤ភាគរយ។ ចំណែក សេដ្ឋកិច្ចម៉ាឡេស៊ីវិញ អាចមានកំណើន ៥.១ភាគរយ។
 
ដោយឡែក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកវិញ ធនាគារពិភពលោកព្យាករថា នឹងមានកំណើនសេដ្ឋកិច្ច​ក្នុងអត្រា ៤.៥ភាគរយ នៅឆ្នាំ២០២៦ ដែលបង្ហាញពីភាពធន់នៅចំពោះមុខបញ្ហាប្រឈមជា​ច្រើន ​ដែល​កំពុងកើតមាននៅលើពិភពលោក។
 
សូមជម្រាបផងដែរថា នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៦ ពី ៤.១ភាគរយ មកត្រឹម ៣.៩ភាគរយ។ ខណៈក្រសួងសេដ្ឋកិច្ចព្យាករថា សេដ្ឋកិច្ចកម្ពុជា​ នឹងសម្រេចបាន​នូវអត្រាកំណើន ៤.២ភាគរយ ​នៅក្នុងឆ្នាំ២០២៦ គឺទាបជាងការព្យាករ៥%កាលពីពេលមុន៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា