អ្នកនាំពាក្យ៖ កិច្ចការពារអធិបតេយ្យ បូរណ​ភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ៖ កិច្ចការពារអធិបតេយ្យ បូរណ​ភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល

អ្នកនាំពាក្យ៖ កិច្ចការពារអធិបតេយ្យ បូរណ​ភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីកិច្ចការពារអធិបតេយ្យ បូរណ​ភាពទឹកដី និងប្រជាពលរដ្ឋភៀសសឹក ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ពោលគឺក្នុងអំឡុងពេលដែលកម្ពុជាបានរងសង្គ្រាមឈ្លានពានទឹកដីរបស់កងយោធាថៃ មានពលរដ្ឋខ្មែរភៀសសឹកប្រមាណជិត៦៥ម៉ឺននាក់ដែលភាគច្រើនជាស្ត្រី និងកុមារ បានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដើម្បីស្វែងរកទីតាំងសុវត្ថិភាព។ រហូតមកទល់ពេលនេះ ទោះបីជាបទឈប់បាញ់លើកទី២ បានចូលជាធរមាន តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏នៅសល់ជនភៀសសឹកជាង២ម៉ឺននាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ ដោយសារតែការរារាំង តាមរយៈការដាក់ទូកុងតឺន័រ ការរាយបន្លាលួស ដើម្បីបិទផ្លូវ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងពីសំណាក់កងកម្លាំងយោធាថៃដែលផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិ។

អ្នកនាំពាក្យបានបន្តថា ប្រឈមមុខនឹងបញ្ហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោលនយោបាយច្បាស់លាស់ និងបន្ទាន់ដើម្បីជួយគាំពារជនភៀសសឹក ដោយគិតគូរទាំងសន្តិសុខ សុវត្ថិភាព សុខុមាលភាព និងការស្តាឡើងវិញនូវជីវភាពរស់នៅរបស់ពួកគេ។ ជាក់ស្តែង ក្រោយមានបទឈប់បាញ់ អាជ្ញាធររាជរដ្ឋាភិបាលបានសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់បានរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋភៀសសឹកជួបប្រទះសំដៅជួយសម្រួល និងរក្សាលំនឹងជីវភាពរបស់ពលរដ្ឋស៊ីវិលស្លូតត្រង់ទាំងនោះ។ ចំណែកពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្តោះអាសន្ននៅក្នុង «ភូមិរង់ចាំ» ទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពួកគេ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលអនាគត។

ឯកឧត្តម ប៉ែន បូណា បានបន្តទៀតថា ការដោះស្រាយការលំបាករបស់ជនភៀសសឹកត្រូវបានធ្វើឡើងយ៉ាងសកម្មនិងយ៉ាងឆាប់រហ័ស ស្ទើរតែនឹកស្មានមិនដល់ ជាពិសេសការសាងសង់ផ្ទះបណ្តោះអាសន្នជូនបងប្អូននៅភូមិរង់ចាំ ដោយប្រើរយៈពេលយ៉ាងខ្លី។ សមិទ្ធផលទាំងនេះកើតចេញពីការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រោមអភិក្រម «ការការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ក្រៅពីផ្តល់ជូនផ្ទះបណ្តោះអាសន្ន ប្រជាពលរដ្ឋភៀសសឹកក៏ទទួលបានការគិតគូរដល់សន្តិសុខ សុវត្ថិភាព ជីវភាព និងសុខុមាលភាព តាមរយៈការដោះស្រាយជូនបងប្អូននូវភ្លើងអគ្គិសនី ទឹកស្អាត និងការឧបត្ថម្ភស្បៀងអាហារ ការសិក្សារបស់កុមារ រួមទាំងសេវាសុខាភិបាលផង។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល កំពុងបន្តការងារការទូតយ៉ាងសកម្ម ដើម្បីជំរុញភាគីថៃឱ្យគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយគ្នាសំដៅដោះស្រាយបញ្ហាព្រំដែនឱ្យបានឆាប់និងជាស្ថាពរ ជាពិសេសជំរុញការអនុវត្តចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលប្រគល់ភារកិច្ចឱ្យគណៈកម្មការ JBC ចុះវាស់វែងនិងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ដោយផ្តល់អាទិភាពដល់ទីតាំងដែលរងផលប៉ះពាល់ហើយដែលមានជនស៊ីវិលរស់នៅ។ គោលដៅចម្បងបំផុតនៃចំណុចនេះ គឺដើម្បីអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ដោយគ្មានការរារាំង និងដោយសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ និងក៏ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយធានាបាននូវនិរន្តរភាព និងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ពាក់ព័ន្ធនឹងជនភៀសសឹក អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលោក Thomas Andrews បានចុះទៅដល់ព្រំដែននិងបានស្តាប់ផ្ទាល់នូវអ្វីដែលជនភៀសសឹករៀបរាប់អំពីការបំផ្លិចបំផ្លាញផ្ទះសម្បែង ការបាញ់គ្រាប់ផ្លោងធុនធ្ងន់ និងការទម្លាក់ពីលើយន្តហោះដ៏គួរឱ្យរន្ធត់។ លោកអះអាងថា តាមច្បាប់អន្តរជាតិ ជនភៀសសឹកមានសិទ្ធិត្រឡប់ទៅផ្ទះសម្បែងវិញក្រោយពីជម្លោះប្រដាប់អាវុធ។ បញ្ហាជនភៀសសឹកកម្ពុជាក៏ត្រូវបានលោក Thomas Andrews លើកឡើងជាថ្មីម្តងទៀត ក្នុងសេចក្តីថ្លែងការណ៍នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយសង្កត់ធ្ងន់ពីសិទ្ធិវិលត្រឡប់ទៅផ្ទះសម្បែងវិញរបស់ពួកគេ។

សម្តេចធិបតីក៏បានបញ្ជាក់ថា «កិច្ចការរបស់យើងមិនទាន់ចប់ទេក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ប៉ុន្តែសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលដ៏ខ្លីនេះអាចបញ្ជាក់ឲ្យប្រជាពលរដ្ឋបានឃើញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចភារកិច្ចតាមផែនការដែលបានដាក់ចេញដោយភាពច្បាស់លាស់និងការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុជាតិ ទឹកដី និងប្រជាជន»។ ជាក់ស្តែង «យើងបានរួមគ្នាប្រែក្លាយវិធានការដែលដាក់ចេញឱ្យទៅជាសមិទ្ធផលជាក់ស្តែងសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាម»។  
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនភៀសសឹក ដោយបានដាក់ចេញគោលនយោបាយបន្ទាន់ និងចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីគាំពារដល់បងប្អូនជនភៀសសឹកទាំងអស់។ ចំណែកឯសម្បុរសជនទាំងជាតិ និងអន្តរជាតិ ក៏ចូលរួមចំណែកយ៉ាងសកម្ម។ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំមានភាពកក់ក្តៅក្នុងចិត្តកាន់តែខ្លាំង៕
ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា